ក្រុម​ប្រទេស​មូស្លីម​ថ្កោល​ទោស​ភូមា​ជុំ​វិញ​អំពើ​ហិង្សា​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

អង្គការ​សហ​ប្រតិបត្តិការ​ឥស្លាម កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ថ្កោល​ទោស​ប្រទេស​ភូមា ចំពោះ​​ «ទង្វើ​ឃោឃៅ​ប្រព្រឹត្ត​ឡើង​ជា​ប្រព័ន្ធ»​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​​មូស្លីម​រ៉ូហ៊ីងយ៉ា ហើយ​បាន​ស្នើ​ទៅ​ភូមា ឲ្យ​ទទួល​យក​ក្រុម​ឃ្លាំ​មើល​អន្តរជាតិ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​ថា ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជិត ៣​សែន​នាក់ បាន​រត់​ភៀស​ខ្លួន​ចូល​ទៅ​ប្រទេស​បង់ក្លាដែស ចាប់​តាំង​ពី​​ពួក​បះបោរ​រ៉ូហ៊ីងយ៉ា បាន​វាយ​ប្រហារ​ទៅ​លើ​កម្លាំង​សន្តិសុខ​ភូមា នៅ​រដ្ឋ​រ៉ាក់ឃីន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា​កន្លង​មក​នេះ ដែល​ជំរុញ​ឲ្យ​មាន​ការ​បង្ក្រាប​ពី​កង​ទ័ព​ភូមា។

ខណៈ​ដែល​មាន​ការ​បង្ក្រាប​ទៅ​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នោះ អង្គការ​សហ​ប្រតិបត្តិការ​ឥស្លាមដែល​មាន​សមាជិក ៥៧​ប្រទេស បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​អាស្ទែណា ប្រទេស​កាហ្សាក់ស្ថាន ដោយ​ពួកគេ​បង្ក​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​ឃោឃៅ​កើត​ឡើង​ជា​ប្រព័ន្ធ​នា​ពេល​ថ្មីៗ​នេះ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​កង​កម្លាំង​សន្តិសុខ​ភូមា ប្រឆាំង​នឹង​សហគមន៍​រ៉ូហ៊ីងយ៉ា។

ក្រុម​នេះ​បាន​ជំរុញ​ទៅ​ភូមា​ឲ្យ​ទទួល​យក​ក្រុម​ត្រួត​ពិនិត្យ​របស់​អង្គការ​សហ​ប្រជាជាតិ ដើម្បី​​ធ្វើការ​ស៊ើប​អង្កេត​​ដោយ​ឯករាជ្យ និង​ពេញ​លេញ​ ទៅ​លើ​អ្វី​ដែល​ត្រូវ​បាន​ចោទ​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​នាំ​ខ្លួន​អ្នក​ទទួល​ខុស​ត្រូវ​ទៅ​កាត់​ទោស។

ប្រធាន​អង្គការ​សហ​ប្រតិបត្តិការ​ឥស្លាម ប្រធានាធិបតី​តួកគី លោក តាយយីប អឺដូហ្គែន បាន​បញ្ចេញ​សំឡេង​រិះគន់​ខ្លាំង​ក្លា​បំផុត​ទៅ​លើ​​គោល​នយោបាយ​ប្រឆាំង​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​របស់​ប្រទេស​ភូមា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ