គណៈកម្មការរៀបចំបុណ្យ១០០ថ្ងៃលោក កែម ឡី ប្រកាន់ជំហរធ្វើបុណ្យនៅវត្តចាស់ ខណៈចៅអធិការវត្តបដិសេធ

ពិធីបុណ្យសពលោកបណ្ឌិត កែម ឡី ដែលបានប្រារព្ធឡើងនៅវត្តចាស់កាលពីពេលកន្លងទៅ

គណៈកម្មការរៀបចំបុណ្យខួប១០០ថ្ងៃលោក កែម ឡី ប្រកាសជំហរនឹងធ្វើបុណ្យនៅវត្តចាស់ ក្នុងរាជធានីភ្នំពេញតាមការគ្រោងទុក ខណៈដែលចៅអធិការវត្តពោធិយ៉ារ៉ាមហៅថាវត្តចាស់ បានយល់ស្របតាមសាលារាជធានីភ្នំពេញដោយមិនអនុញ្ញាតឲ្យគ្រួសារនិងគណៈកម្មការបុណ្យសពធ្វើបុណ្យខួប១០០ថ្ងៃនៅទីនោះ។

ការប្រកាសជំហរនេះធ្វើឡើងបន្ទាប់ពីចៅអធិការវត្តចាស់បានចេញលិខិតជូនដំណឹងមកគណៈកម្មការបុណ្យសពធ្វើបុណ្យវិញថា គណៈកម្មការវត្តពោធិយ៉ារ៉ាមហៅថាវត្តចាស់ ឯកភាពតាមសាលារាជធានីភ្នំពេញ ដោយពុំអនុញ្ញាតិឲ្យយកទីតាំងវត្តរៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃជូនសពលោក កែម ឡី ឡើយ។

គណៈកម្មការរៀបចំបុណ្យ លោក សៅ កុសល លើកឡើងថា គណៈកម្មការនៅតែកំណត់យកវត្តចាស់រៀបចំធ្វើបុណ្យ១០០ថ្ងៃដដែល។ លោកថាការចេញលិខិតរបស់ចៅអធិការដែលមិនអនុញ្ញាតិឲ្យមានការរៀបចំពិធីបុណ្យនេះ គឺដោយសារមានគំនាបពីអាជ្ញាធរ។

លោកមានប្រសាសន៍ថា៖ “ថ្មីនេះមានការបង្ខិតបង្ខំ ខ្ញុំជឿថាលោកទទួលការបង្ខំ ដើម្បីចេញលិខិតបដិសេធនេះ មិនមែនជាចេតនារបស់ព្រះអង្គទេ ព្រោះព្រះអង្គបានមានសង្ឃដីកាជម្រាបជូនយើងកាលពីដើមខែតុលាថាព្រះអង្គឯកភាព ប៉ុន្តែសាលាក្រុងចេញមកបដិសេធ ព្រះអង្គបានចេញលិខិតនេះដែរ។ ខ្ញុំមើលខ្លឹមសារហើយពាក្យពេចន៍ដែលសសេរដូចសាលាក្រុងសរសេរអញ្ចឹងដែរ ចឹងយើងគិតថានេះជាការបង្ខំរបស់ព្រះអង្គទេ មិនមែនជាចេតនារបស់ព្រះអង្គទេ“។

បងថ្លៃរបស់លោក កែម ឡី គឺលោក ប៊ូ ចាន់នី មានប្រសាសន៍ថា កាលពីសប្ដាហ៍មុន ព្រះចៅធិការបានព្រមឲ្យក្រុមគ្រួសារលោកនិងគណៈកម្មការៀបចំពិធីបុណ្យខួប១០០ថ្ងៃនៅវត្តចាស់ ប៉ុន្តែស្រាប់តែថ្ងៃទី១០ម្សិលមិញបែរជាចៅធិការវត្តចេញលិខិតបដិសេធទៅវិញ។ លោកថាការបដិសេធរបស់ព្រះចៅធិកានេះ បន្ទាប់ពីគណៈកម្មការជូនដំណឹងទៅសាលារាជធានីភ្នំពេញថា ចៅអធិការអនុញ្ញាតឲ្យធ្វើបុណ្យនៅវត្តចាស់។

លោកមានប្រសាសន៍ថា៖ “មានពុទ្ធដីកាចឹងបានជាពួកខ្ញុំបានធ្វើលិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញ មិនមែនទៅសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញទេ ខ្ញុំគ្រាន់តែជូនដំណឹងទៅ ព្រោះតាមដំណើរព្រះចៅអធិការ លោកថាជម្រាបទៅសាលារាជធានីអីផងចឹង។ (លូវ)ស្រាប់តែគាត់ចេញលិខិតមកវិញអី បដិសេធមិនឲ្យធ្វើបុណ្យអីចឹង ខ្ញុំយល់ថាអាជ្ញារធរំលោភសិទ្ធិព្រះចៅអធិការទាំងស្រុង ព្រោះបវិវេណក្នុងវត្តជាសិទ្ធិរបស់ព្រះចៅអធិការ មិនមែនជាសិទ្ធិរបស់អាជ្ញាធររាជធានីភ្នំពេញទេ ហើយលិខិតបដិសេធនេះក៏គ្មានមូលហេតុច្បាស់លាស់ដែរ“។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ ដោយទូរសព្ទចូលចុចបិទ។

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ភរិយាសពលោកបណ្ឌិត កែម ឡី បានបង្ហាញការខកចិត្តចំពោះអាជ្ញាធររាជធានីភ្នំពេញដែលមិនអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី នៅរាជធានីភ្នំពេញ។

បុណ្យគម្រប់១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី ប្រព្រឹត្តទៅចាប់ថ្ងៃទី១៤ដល់ទី១៥ ខែតុលា ឆ្នាំ២០១៦ ហើយនៅព្រឹកថ្ងៃទី១៦ ខែតុលា នឹងដង្ហែររូបសំណាកលោកពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតរបស់លោក។

សាលារាជធានីភ្នំពេញបានហាមឃាត់មិនរៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃលោក កែម ឡី នៅវត្តចាស់និងនៅវត្តបុទុមវត្តី ដែលស្នើសុំដោយគណៈកម្មការបុណ្យ។ សាលារាជធានីភ្នំពេញតម្រូវឲ្យក្រុមគ្រួសារសពរៀបចំពិធីបុណ្យតាមបែបព្រះពុទ្ធសាសនានៅគេហដ្ឋានឬទីកន្លែងបញ្ចុះសពនៅក្នុងស្រុកកំណើតវិញ។

លោក កែម ឡី អាយុ៤៦ឆ្នាំជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនៅកម្ពុជាត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែង ម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ