ក្រសួង​ពាណិជ្ជកម្ម​ថា ​សេដ្ឋ​កិច្ច​កម្ពុជាមិន​អាចខ្វះ​អាមេរិកនិង​អឺរ៉ុប​នោះ​ទេ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 4:30 PM | សេដ្ឋកិច្ច | 0 | 18538 អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​កញ្ញា សឹង សុផារី

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លើក​ឡើង​ថា​ សេដ្ឋ​កិច្ច​កម្ពុជា មិន​អាច​ខ្វះប្រទេស​លោក​សេរី​ ដែល​មាន​ដូច​​ជា អាមេរិកនិង​សហភាព​អឺរ៉ុប​បាន​នោះ​ទេ ​ដោយ​ថា ប្រទេស​ទាំង​នោះ ​​ជា​ទីផ្សារដ៏​​ធំ និង​មិន​អាច​ខ្វះ​បាន​សម្រាប់​​កម្ពុជា​។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​កញ្ញា សឹង សុផារី ថ្លែង​បែប​នេះ ​ជា​មួយ​អ្នក​សារព័ត៌មាន នៅព្រឹកទី១១ខែតុលាឆ្នាំ២០១៧​  បន្ទាប់​ពី​ពី​ធី​បើ​ក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​កម្ម​វិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម ​​EIF ដែល​ជា​កម្ម​វិធី​គាំទ្រ​ដល់​សេដ្ឋ​កិច្ច​កម្ពុជា តាម​រយៈជំនួ​យ​ផ្សេងៗក្នុង​នោះ ​ក៏​មានជំនួយ​ពី​​សហភាព​អឺរ៉ុបផង​ដែរ។

កញ្ញា ​សឹង សុផារី បាន​បញ្ជាក់​ថា ​សេដ្ឋកិច្ច​កម្ពុជា ​មិន​អាច​ដក​ចេញពី​សហ​រដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ ហើយ​រត់​ទៅពឹង​លើ​ប្រទេស​ដទៃ ដូច​ជា​ប្រទេស​ចិន​បាន ​នោះ​ទេ ដោយ​ថា ប៉ូល​សេដ្ឋកិច្ច​របស់​កម្ពុជា ​គឺ​ប្រទេស​ទាំង​ពីរ​នេះ​ ​ដែល​អាច​ជួយ​ឲ្យ​កម្ពុជាមាន​សេដ្ឋ​កិច្ច​ល្អ​ប្រសើរ និង​រស់​បាន។

កញ្ញាថា៖ «លើកលែងតែ EU ហើយនឹងអាមេរិកចុះក្រ។ ធម្មតា អ្នកលក់គេរត់ទៅលក់ឲ្យអ្នកមានលុយទិញមិនអញ្ចឹង! ហើយប្រទេសពីរ ហ្នឹងវា អំណាចទិញចង់និយាយថា Purchasing Powerគឺនៅខាងហ្នឹងឯង។ សូម្បីតែ ប្រទេសចិនវៀតណាម ថៃ អីក៏ទៅលក់ហ្នឹងដែរ គេដណ្តើមរស់រឿងអី មិនប្រឹងរស់ដូចគេ ទៅប្រឹងលក់ឲ្យអ្នកលក់ដូចគ្នាគេមិចទិញយើង បើគេលក់ដែរហ្នឹង! អញ្ចឹងត្រូវប្រឹង តម្រូចិត្តអ្នកទិញ បានត្រូវ ហើយអ្នកទិញនៅខាងហ្នឹងឯងនឹងជាគំនិតbusiness កុំគិតរឿងនយោបាយពេក អត់គិតក្រពះ ប្រទេសយើងអាចឆ្លងដូចប្រវត្តិពីមុនអញ្ចឹង! »

ស្ថានការណ៍នយោបាយ នៅពេលនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ហាក់បានដើរដល់ភាពផុយ​ស្រួ​យ​នៃ​កា​របែកបាក់ជាតិ និងទំនងជាជំរុញឲ្យប្រទេសលោកសេរី រួមទាំងអា​មេរិ​ក​ផង ពិចារណាលើការដាក់ទណ្ឌកម្មផ្សេង រួមមានទណ្ឌកម្មសេដ្ឋកិច្ចជាដើម។

កាលពី​ពេល​ថ្មី​ៗ​នេះ រដ្ឋ​លេខា​ធិការ​ក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ស​ភា​​​​អាមេរិកដែល​កំពុងជំរុញរដ្ឋការ លោក ដូណាល់ ត្រាំ ឲ្យហ៊ុំព័ទ្ធសេដ្ឋកិច្ចកម្ពុជា។ លោក​ថា បើ​​កា​រ​​ជំរុ​ញ​នោះបានជោគជ័យ កម្ពុជាប្រឈមនឹងការបាត់បង់​ទីផ្សារដ៏ធំផ្នែក​លក់​ផលិត​ផល​វិស័យ​កាត់ដេរ។

ចំពោះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា​ ធ្លាប់​ប្រាប់​ VOD​ ថាការបង្កើនកម្តៅការទូតជាមួយប្រទេសលោកសេរី លោកថា កម្ពុជា ជាអ្នកខាតបង់ ដោយថា ពេល​នេះ ទី​ផ្សា​​រ​លក់ផលិទ្ធផលសំលៀកបំពាក់កាត់ដេរ និងស្បែកជើង លោកថា ស្ថិតនៅ​សហរដ្ឋអា​មេរិក និង​សហ​ភាព​អឺរុប។

លោកថា៖ «បើមេដឹកនាំយើងលោកយល់ អំពីប្រយោជន៍ជាតិ យកប្រយោជន៍ជាតិជារួម ព្រោះអីរឿងហ្នឹវាអត់មានអីចំណេញទេសម្រាប់ជាតិ វាមានតែខាត បើសិនជាខូចទំនាក់ទំនងការទូត ដូចយើដឹងហើយសេដ្ឋកិច្ចយើងពឹងផ្អែកទៅលើទីផ្សារអាមេរិក និងទីផ្សាអឺរុបនេះឯង។ហើយបើវាខូច បាត់តែទីផ្សារអាមេរិកមួយក៏វាប៉ះពាល់ធ្ងន់ដែរ ទៅដល់ឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»

របាយការណ៍សកល ផ្នែកសេដ្ឋកិច្ច ចេញផ្សាយ ដោយចភពអង់គ្លេស OEC បានបង្ហាញថា ប្រទេស​បី​​ដែ​ល​ក​ម្ពុ​ជា​នាំ​​ចេញ​ផលិផលធំ​បំផុតទៅលក់​នោះមាន ​សហរដ្ឋអាមេរិក​ ​អង់គ្លេស​ និង​អាល្លឺម៉ង់​ ដែល​មា​ន​ទំហំទឹ​ក​ប្រា​​ក់ ​៦,៥​ពាន់លាន​ដុល្លារ​។

ប៉ុន្តែរបាយការណ៍ដដែលបង្ហាញដែរថា ប្រទេស​បី​ ដែល​កម្ពុជានាំចូល​ទំនិញមកវិញ​ធំ​បំផុតគឺ ចិន ថៃ​​ និង​វៀត​ណាម​ ដែលមានទឹកប្រាក់ ​៩,៩១​ពាន់លាន​ដុល្លារ​៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required