លោក សួន សេរីរដ្ឋា ស្នើតុលាការ​ពន្យល់រឿង​​មិន​ចាត់ការបណ្តឹងប្រឆាំង​រដ្ឋមន្រ្តីការបរទេស​​

លោក ហោ ណាំហុង និង​លោក សួន សេរីរដ្ឋា

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា បានសរសេរ​លិខិតមួយ​​ទៅ​ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយ​ស្នើ​សុំការ​​ពន្យល់មូលហេតុដែល​តុលាការ​សម្រេច​មិនចាត់ការ​លើ​​បណ្តឹងប្រឆាំងនឹង​រដ្ឋមន្រ្តីក្រសួង​ការបរទេសកម្ពុជា លោក ហោ ណាំហុង។

លិខិត​មួយ​ចុះ​ថ្ងៃទី​១២កុម្ភៈ លោក សួន សេរីរដ្ឋា បាន​ស្នើ​សុំ​​ប្រធាន​សាលាដំបូងបញ្ជូន​លិខិត​របស់​លោក​ទៅព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ ដើម្បីសុំពន្យល់​ជាលាយលក្ខណ៍អក្សរ​ពីមូលហេតុ​នៃការ​មិន​ចាត់ការ​បណ្តឹង​នេះ។​ លោក​បញ្ជាក់ថា៖ “លិខិតជូនដំណឹង​ពីដីកាតម្កល់រឿង​ឥតចាត់ការ​មិន​បាន​បញ្ជាក់​ពីសំអាងច្បាប់​និងសំអាងហេតុ​ឲ្យ​ច្បាស់​លាស់ដែលខ្ញុំមិនអាច​ទទួល​យក​បាន​អំពីការសម្រេចនេះ ហេតុដូច្នេះ​បានជាខ្ញុំ​ដាក់លិខិត​សូមឲ្យ​ពន្យល់​ទៅតាមនីតិវិធីច្បាប់”។​

នៅក្នុងលិខិតជូនដំណឹងចុះថ្ងៃទី២៩ ខែមករា ផ្ញើជូនលោក សួន សេរីរដ្ឋា ព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ ឲ្យដឹងថាការសម្រេចតម្កល់ឥតចាត់ការ។ ទោះយ៉ាងណា នៅក្នុងលិខិតជូនដំណឹងនោះ លោក មិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យលោកសម្រេចឥតចាត់ការបណ្ដឹងរបស់លោក សួន សេរីរដ្ឋា នោះទេ។ លិខិតដដែលបន្តថា លោក សួន សេរីរដ្ឋា មានសិទ្ធិប្ដឹងឧទ្ធរណ៍នឹងដីកាសម្រេចនេះក្នុងរយៈពេល២ខែ ចាប់ពីថ្ងៃទទួលដំណឹងតទៅ។

ព្រះរាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ប្រាប់វីអូឌីថាសេចក្តីសម្រេចរបស់តុលាការគឺច្បាប់ហាមមិនឲ្យពន្យល់ជាសាធារណៈនោះទេ វៀរលែងតែសេចក្តីសម្រេចនោះបង្កចលាចលដល់សង្គម ទើបព្រះរាជអាជ្ញាត្រូវចេញមុខពន្យល់និងបកស្រាយ។ ទោះយ៉ាងណាលោកថា លោក សួន សេរីរដ្ឋា អាចឲ្យមេធាវីដាក់ពាក្យទៅតុលាការដើម្បីស្នើសុំចំលងសំណុំរឿងនោះទៅពិនិត្យបាន ដើម្បីបានដឹងពីមូលហេតុនៃការតម្កល់នេះ។

លោកបន្ថែមថា៖ “អាហ្នឹងបើសំណើបើប្រធានគាត់ធ្វើយ៉ាងម៉េចជាសិទ្ធិរបស់លោកប្រធាន(ប្រធាន​សាលាដំបូងរាជធានីភ្នំពេញ​) មិនមែនជាសិទ្ធិរបស់ខ្ញុំទេ បើខ្ញុំគឺអត់មានឲ្យមានការបកស្រាយបំភ្លឺទេ លើកលែងតែសភាពការសន្តិសុខនឹងវាមកពីការលើកឡើងព័ត៌មានមិនពិតអី ខ្ញុំត្រូវចេញបំភ្លឺ តែបើថាអត់មានទេ សេចក្តីសម្រេចអត់មានត្រូវចេញមកស្រាយបំភ្លឺព័ត៌មានអ៊ីចឹងទេ”

ទោះយ៉ាងណា លោក សួន សេរីរដ្ឋា មានប្រសាសន៍ថាតាមក្រមព្រហ្មទណ្ឌមាត្រា៤១ចែងថាតុលាការ ព្រះរាជអាជ្ញា​ត្រូវតែពន្យល់ឲ្យច្បាស់លាស់មកដើមបណ្តឹងពីហេតុផលដែលខ្លួនសម្រេចតម្កល់ពាក្យបណ្តឹងណាមួយ។ លោកចាត់ទុកការតម្កល់បណ្តឹងរបស់លោកមិនចាត់ការនេះថាជាការ“កំសាក”របស់តុលាការមិនហ៊ាន​អនុវត្តច្បាប់លើអ្នកមានអំណាច។

លោកបន្ថែមថា៖ “ខ្ញុំថាមកពីតុលាការហ្នឹងវាជាឈ្នាន់នយោបាយរបស់គណបក្សប្រជាជនកំពុងកាន់អំណាច អ៊ីចឹងទាំងចៅក្រម ទាំងតុលាការគឺ កំសាកអត់ហ៊ានប្រើច្បាប់ហ្នឹងកោះហៅមន្រ្តីគណបក្សប្រជាជនហ្នឹង​មកសាកសួរ ហើយអត់ហ៊ានបើកសវនាការកាត់ក្តីទេ…បើសិនជាយើងនិយាយយោងពីមាត្រា៣១នៃរដ្ឋធម្មនុញ ដែលនិយាយថាពលរដ្ឋមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ គឺរដ្ឋធម្មនុញសរសេរអត់ន័យទេ ព្រោះអ្នកអនុវត្តច្បាប់អត់ហ៊ានអនុវត្តឲ្យស្មើភាពគ្នាចំពោះមុខច្បាប់”។ លោក សួន សេរីរដ្ឋា បន្តថា​លោក​នឹង​ប្តឹងឧទ្ធរណ៍នៅថ្ងៃទី​២១ខែមីនា ឆ្នាំ​២០១៦។​

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ លោក សួន សេរីរដ្ឋា បានដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងលោក ហោ ណាំហុង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។ បើតាមពាក្យបណ្ដឹង លោក សួន សេរីរដ្ឋា ទាមទារជំងឺចិត្តចំនួន៥០០លានរៀល(ប្រហែល១២៥០០០ដុល្លារ) ដោយថានឹងយកថវិកាទាំងនេះជួយមន្ទីរពេទ្យគន្ធបុប្ផា។

លោក សួន សេរីរដ្ឋា បានសរសេរនៅក្នុងពាក្យបណ្តឹងនោះថាកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងការបរទេស ក្នុងពេលឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក ហោ ណាំហុង បាននិយាយថា៖ “ជាពិសេសគណបក្សនៃ…សេរីរដ្ឋា នៅអាមេរិក ដែលកន្លងមកដល់មានសមាជិករបស់គេធ្វើអំពើភេរវកម្មនៅកម្ពុជាផង”។ ពាក្យបណ្តឹងបញ្ជាក់ថា៖ “ពាក្យលើកឡើងរបស់លោក ហោ ណាំហុង ធ្វើឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរគណបក្សអំណាចខ្មែរ ជាពិសេសេការលើកឡើងថាសកម្មជនរបស់ខ្ញុំធ្វើអំពើភេរវកម្មកន្លងមក វាជាការនិយាយមិនពិត ពីព្រោះខ្ញុំនិងសមាជិករបស់ចលនាអំណាចពលរដ្ឋខ្មែរ ដែលជាចលនានយោបាយបង្កើតឡើងស្របតាមច្បាប់នៅសហរដ្អាមេរិក មិនមែនជាអង្គការភេរវកម្មនិងមិនដែលធ្វើភេរវកម្មដូចការលើកឡើងរបស់លោក ហោ ណាំហុងនោះទេ”

យ៉ាងណាក៏ដោយ កន្លងទៅ មេធាវីការពារក្ដីឲ្យលោក ហោ ណាំហុង គឺលោក ការ សាវុត្ថ បានចេញលិខិតមួយច្បាប់ដោយលើកឡើងថាលោក ហោ ណាំហុង មិនបានបរិហាកេរ្តិ៍លោក សួន សេរីរដ្ឋា នោះទេ។ លោកបន្តថាកូនក្តីរបស់លោកគ្រាន់តែនិយាយអ្វីដែលតុលាការបានសម្រេចកាលពីកន្លងមក។ លិខិតបានរៀបរាប់ថាសាលាឧទ្ធរណ៍តម្កល់ទុកជាបានការនូវសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ដែលបានផ្តន្ទាទោសលោក សួន សេរីរដ្ឋា ដាក់ពន្ធនាគារ៧ឆ្នាំនិងពិន័យជាប្រាក់២៥លានរៀលពីបទញុះញង់ប្រព្រឹត្តបទក្រិដ្ឋជាអាទិ៍ រួមគំនិតក្បត់និងអំពើរារាំងប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោតនិងបង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន។ ករណីនេះ លោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រលើកលែងទោស កាលពីខែកក្កដា ឆ្នាំ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ