ពលរដ្ឋថ្ងូរថាតម្លៃឡានក្រុងនៅតែឡើងថ្លៃ ខណៈរដ្ឋាភិបាលអំពាវនាវមិនមានប្រសិទ្ធភាព

ពលរដ្ឋរង់ចាំធ្វើដំណើរតាមរថយន្តក្រុងនៅក្រុមហ៊ុនមួយក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ

ខណៈបុណ្យចូលឆ្នាំកាន់តែខិតចូលមកដល់ អ្នកធ្វើដំណើរមួយចំនួនរិះគន់ថា តម្លៃឡានក្រុងនៅតែឡើងថ្លៃ ទោះបីរដ្ឋាភិបាលទទូចច្រើនដង កុំឲ្យក្រុមហ៊ុនឯកជនទាំងនោះតម្លើងថ្លៃតាមអំពើចិត្តក៏ដោយ។

ពលរដ្ឋម្នាក់គឺលោក ចាន់ ឈីវនី អាយុ៣០ឆ្នាំ ជាសិប្បករ ផ្នែកគ្រឿងសង្ហារិម នៅទីក្រុងភ្នំពេញឲ្យដឹង VOD ថា លោក និងក្រុមគ្រួសារត្រូវជិះឡានក្រុងទៅកាន់ខេត្តកំពង់សោម ដើម្បីទៅបំពេញការងារមួយចំនួន និងឆ្លៀតពេលទៅសម្រាកលំហែកាយនៅទីនោះផង។

លោកថា លោកត្រូវទិញសំបុត្រឡានចំនួន៥កៅអី សម្រាប់ប្រពន្ធ និងកូន៦នាក់ ដែលគិតជាទឹកប្រាក់ចំនួន១៧ម៉ឺន៥ពាន់រៀល។ លោកអះអាងថា សំបុត្រឡានក្រុងនៅបេនឡានសូរិយាបានតម្លើងថ្លៃពី២ម៉ឺន៤ពាន់ ទៅដល់ ៣ម៉ឺន៥ពាន់រៀល ដោយលោកថា នេះជាការតម្លើងខ្ពស់ពេកនឹកស្មានមិនដល់ទោះបីរដ្ឋាភិបាលអំពាវនាវឲ្យនៅថេរ ឬនៅដដែលក៏ដោយ។

អ្នកធ្វើដណើរម្នាក់ទៀត ដែលកំពុងរងចាំឡានក្រុងនៅបេនឡានសូរិយាដែរនោះ គឺកញ្ញា សារី ឲ្យដឹងថា កញ្ញាបានមកលេងនៅទីក្រុងភ្នំពេញនេះបួនប្រាំថ្ងៃហើយ និងថា ពេលជិះពីខេត្ដបាត់ដបងមកទីក្រុងភ្នំពេញ តម្លៃឡានក្រុងត្រឹមតែជិត២ម៉ឺនរៀលប៉ុណ្ណោះ។

កញ្ញារិះគន់ថា តម្លៃឡានក្រុង ហាក់ឡើងថ្លៃខ្ពស់ពេក គឺរហូតដល់ទៅ៣ម៉ឺន៥ពាន់រៀល ដោយថា បើទោះបីរដ្ឋាភិបាលស្នើឲ្យក្រុមហ៊ុនឯកជនទាំងនោះបន្ទាបតម្លៃ ឬរក្សាឲ្យនៅថេរក៏ដោយ។ កញ្ញាបន្ថែមថា តម្លៃឡានក្រុងគួរឡើងត្រឹមតែ២ម៉ឺន៥ពាន់រៀលទៅបានហើយ សម្រាប់ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរទៅស្រុកកំណើតវិញ នៅកំឡុងពេលបុណ្យចូលឆ្នាំខ្មែរនេះ។

យុវជនម្នាក់ទៀត គឺលោក សៀង រក្សា អាយុ២២ឆ្នាំ ឲ្យដឹងថា លោកបានទិញសំបុត្រឡាននៅបេនឡានកាពីតូល រាជធានីភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង នៅពេលចូលឆ្នាំនេះ ដោយលោកថា តម្លៃឡានមានចំនួន២ម៉ឺន៦ពាន់រៀល។ លោកថា តម្លៃនេះគឺអាចទទួលយកបាន ព្រោះឡើងតែ៣ពាន់រៀលប៉ុណ្ណោះ។

ការតម្លើងថ្លៃឈ្នួលដឹកអ្នកដំណើររបស់ក្រុមហ៊ុនឯកជនហាក់ដូចជាកំពុងផ្គើនចំណាត់ការរបស់រដ្ឋាភិបាល បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី៣ ខែមេសាកន្លងទៅ​ បានអំពាវនាវដូចឆ្នាំមុនៗដែរ ដោយទទូចកុំឲ្យ​ម្ចាស់​រថយន្តត​ម្លើង​ថ្លៃ​សំ​បុត្រខ្ពស់ពេកក្នុងពិធីបុណ្យ​ចូល​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ