លោកនាយក​រដ្ឋមន្ត្រីថានឹងពិនិត្យ​ផ្លូវច្បាប់ចំពោះ​សារព័ត៌មាន​ដែល​ផ្សាយ​សម្តីរបស់​លោក​ខុស​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ក្នុងពិធីចែកសញ្ញា​បត្រ​ដល់និស្សិត​នៃ​សាកលវិទ្យាល័យIIC នៅព្រឹកថ្ងៃទី ១២ខែឧសភា ឆ្នាំ​២០១៦(រូបថតពីហ្វេសប៊ុក​របស់នាយករដ្ឋមន្រ្តី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាលោកនឹងពិនិត្យលើផ្លូវច្បាប់នានាចំពោះសារព័ត៌មានណាដែលលោកថាចុះផ្សាយខុសពីអ្វីដែលលោកបានថ្លែងនិងស្នើឲ្យសារព័ត៌មានទាំងនោះកុំផ្សាយពីលោក បើសិនជាការចុះផ្សាយនោះខុសពីប្រសាសន៍របស់លោក។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យI.IC.នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រីថ្លែងថាសារព័ត៌មានមួយចំនួនបានផ្សាយខុសពីអ្វីដែលលោកបាននិយាយ។ លោកនាយករដ្ឋមន្ត្រីបានលើកឧទាហរណ៍ពីកាសែតខេមបូឌា ដេលី ដែលបានចុះផ្សាយកាលពីម្សិលមិញនូវព័ត៌មានមួយមានចំណងជើងជាភាសាខ្មែរថា“លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នាមិនឲ្យប្រមូលផ្តុំជាសាធារណៈ” ដោយលោកចាត់ទុកថាចំណងជើងនេះបំភ្លៃអត្ថន័យដែលលោកបានលើកឡើង។ លោកបន្តទៀតថាសារព័ត៌មានទាំងនោះគួរតែឈប់ចុះផ្សាយពីលោក។

លោកបន្ថែមថា៖ “យកល្អអ្នកឯកកុំនិយាយពីខ្ញុំតែម្តងអាហ្នឹងល្អហើយ ម្សិលមិញអាខេមបូឌា ដេលី វាផ្សាយពីស្អីចំណងជើងទៅផ្សេងទៅ ឥឡូវកុំផ្សាយតែម្តងទៅ(វា)ល្អ និយាយត្រង់ៗ… ទូរទស្សន៍គេចាក់(ផ្សាយ)គ្រប់ប៉ុស្តិ៍ ឯងទៅបំភ្លៃគេទៀត ហើយបរទេសគ្នាស្តាប់ភាសាខ្មែរអត់បាន គ្នាមើលអត្ថបទអង់គ្លេសវាមិនងាប់។ ឥឡូវខ្ញុំនឹងពិនិត្យមើលផ្លូវច្បាប់នានា បើអ្នកឯងហ៊ានផ្សាយខុសពីខ្ញុំ។ យកល្អអ្នកឯងកុំនិយាយពីខ្ញុំតែម្តងទៅ ធ្វើជាស្អប់ខ្ញុំ ធ្វើជាអត់មានហ៊ុន សែន តែម្តងទៅវាល្អជាង”

កាលពីថ្ងៃពុធ រដ្ឋលេខាធិការនិងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា បានសរសេរលិខិតមួយច្បាប់ទៅកាន់និពន្ធនាយកកាសែតខេមបូឌា ដេលី ដោយបានបង្ហាញការសោកស្តាយនិងខកចិត្តចំពោះការចុះផ្សាយព័ត៌មានមានចំណងជើងថា“លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នាមិនឲ្យប្រមូលផ្តុំជាសាធារណៈ និងជាភាសាអង់គ្លេសថា PM Bans Color-Coordinated Demonstrations”។ បើតាមលិខិត លោក ស្វាយ ស៊ីថា ចាត់ទុកការចុះផ្សាយនេះថាជាការបំភ័ន្តនិងញុះញង់សាធារណជនឲ្យយល់ច្រឡំលើប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ស្វាយ ស៊ីថាក៏បានទាមទារឲ្យកាសែតមួយនេះកែតម្រូវព័ត៌មានរបស់ខ្លួននិងចុះផ្សាយឡើយវិញឲ្យបានត្រឹមត្រូវ។

ទោះយ៉ាងណាកាសែតខេមបូឌាដេលីមិនបានចុះផ្សាយការកែតម្រូវណាមួយនៅលើទំព័រកាសែតរបស់ខ្លួនដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះនៅឡើយទេ។

លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សប្រាប់វីអូឌីថាអង្គភាពរង់ចាំមើលការចុះផ្សាយកែតម្រូវពីកាសែតខេមបូឌា ដេលី មុននឹងឈានដល់ចំណាត់ការផ្សេងទៀត។ និពន្ធនាយកកាសែតខេមបូឌា ដេលី លោក Colin Meyn បានបដិសេធមិនអត្ថាធិប្បាយលើបញ្ហានេះ។

គួរបញ្ជាក់ថាលោក ហ៊ុន សែន ធ្លាប់សរសេរនៅលើហ្វេសប៊ុករបស់លោកភ្ជាប់ជាមួយទិវាសេរីភាពសារព័ត៌មាន៣ ឧសភាថា៖ “អ្នកសារព័តមានត្រូវតែបញ្ជាក់ប្រភពព័ត៌មានអោយបានច្បាស់លាស់ពិតប្រាកដត្រឹមត្រូវ ជាពិសេសគឺត្រូវស្តាប់ឲ្យច្បាស់មុននឹងចេញផ្សាយអ្វីដែលមិនពិត។ បើផ្សព្វផ្សាយអ្វីមួយខុសពីការពិតគឺត្រូវក្លាហានហ៊ានសូមទោសនិងកែរតម្រូវឲ្យទាន់ពេលវេលាប្រកបដោយក្រមសីលធម៌និងការទទួលខុសត្រូវខ្ពស់”៕ រាយការណ៍បន្ថែមដោយ ស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ