ក្រសួង​ដែន​ដីសម្រេច​បញ្ចប់​តួនាទី​ប្រធាន​មន្ទីរ​ដែន​ដី​ខេត្ត​សៀម​រាប

ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ បានសម្រេចផ្លាស់ប្តូរលោក សែ សាមុត ពីប្រធានមន្ទីររៀបចំដែនដី ខេត្តសៀមរាប ឲ្យមកបម្រើការងារនៅអង្គភាពដើមវិញ។

ក្នុងលិខិតចុះថ្ងៃទី ១១ ឧសភា រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លោក ជា សុផារ៉ា ដែលទើបចូលកាន់តំណែងបន្ទាប់ពីរុះរើគណៈរដ្ឋមន្រ្តី បានសម្រចបញ្ចប់ភារកិច្ច លោក សែ សាមុត ពីប្រធានមន្ទីររៀបចំដែនដី ខេត្តសៀមរាប ឲ្យមកកាន់តំណែងក្នុងអង្គភាពដើមរបស់លោកវិញ ដោយតែងតាំងលោក ហ៊ី សាយ ជំនួស។

អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ លោក ជៀម សុផលមករា មានប្រសាសន៍ថាការផ្លាស់ប្តូរនេះជាបែបបទនីតិវិធីការងាររបស់ក្រសួង។ លោកបានឲ្យដឹងទៀតថាលោក សែ សាមុត ត្រូវផ្លាស់មកកាន់មុខតំណែងរបស់គាត់វិញជាអគ្គនាយករងសំណង់នៃក្រសួងដែនដី។

លោកបញ្ជាក់ថា “ពីព្រោះគាត់(លោក សែ សាមុត) ក៏ជាអគ្គនាយករងសំណង់ដែរ ហើយមុខតំណែងជាប្រធានមន្ទីរគឺបន្ថែមតួនាទីរបស់គាត់ជាអគ្គនាយករងសំណង់”។

បើតាមលោក មករា ពីធីផ្លាស់ប្តូរនិងចូលកាន់តំណែងនេះបានធ្វើកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងដែនដី លោក លឹម វាន់និងអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង។

ទាក់ទងទៅហ្នឹងការផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីនេះផងដែរ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានសរសេរនៅលើទំព័រហ្វេសបុករបស់លោកថា៖ “សូមបងប្អូនក្នុងខេត្តសៀមរាបណែនាំបំពេញបនែ្ថម សហការដោយចាត់ទុកជាកូនចៅ ដើម្បីឲ្យមន្រី្តរូបនេះបម្រើបងប្អូនប្រកបដោយសា្មរតីវិជា្ជជីវៈ ចេះគោរពនិងស្រឡាញ់ប្រជាជន”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ