លោក អ៊ូ វីរៈ ថា​ប្រជា​ប្រិយភាព​បក្សកាន់អំណាច​មិនពាក់ព័ន្ធ​នឹងការអត្ថាធិប្បាយ​របស់​លោក​នោះទេ​​

ប្រធានវេទិកាអនាគតនិងជាអ្នកវិភាគដែលកំពុងរងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា លោក អ៊ូ វីរៈ លើកឡើងថាប្រជាប្រិយភាពរបស់បក្សកាន់អំណាចគឺប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យ ដោយលោកស្នើឲ្យគួរដុសក្អែលខ្លួនឯងឲ្យបានស្អាតហើយមិនគួរទម្លាក់កំហុសលើអ្នកដទៃនោះទេ។

កាលពីថ្ងៃទី២៥ ខែមេសា លោក សុខ ឥសាន តំណាងឲ្យគណបក្សប្រជាជនកម្ពុជាបានប្តឹងលោក អ៊ូ វីរៈ ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយបានទាមទារសំណងចំនួន៤០០លានរៀល ករណីការអត្ថាធិប្បាយរបស់លោកថាគណបក្សកាន់អំណាចនៅពីក្រោយករណី ខុម ចាន់តារ៉ាទី ហៅស្រីមុំ។

លោក អ៊ូ វីរៈ លើកឡើងបែបនេះក្រោយចេញពីការសាកសួររបស់ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញជាង១ម៉ោង ពាក់ព័ន្ធនឹងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាដែលប្តឹងលោកពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ លោកមានប្រសាសន៍ថាបណ្តឹងរបស់គណបក្សប្រជាជនជាសារមួយបង្ហាញថាជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ លោកមានប្រសាសន៍ថា៖ “គ្មានអ្នកណាគេអាចស្អប់ ឬមួយក៏ស្រលាញ់គណបក្សប្រជាជនដោយមិនមានការវិនិច្ឆ័យដោយខ្លួនឯងទេ អាហ្នឹងគឺជាសិទ្ធិប្រជាពលរដ្ឋគ្រប់ៗរូប មិនមែនជាសិទ្ធិខ្ញុំទេ។ ទី២គណបក្សនយោបាយគឺជាគណបក្សប្រកួតប្រជែង គេគាំទ្រប្រជាប្រិយភាព ឬមិនប្រជាប្រិយភាពអាហ្នឹងជារឿងធម្មតាបំផុតហើយ កុំរន្ធត់ពេកដែលការបាត់បង់ប្រជាប្រិយភាព ឬមួយក៏ការស្រលាញ់  គឺមើលខ្លួនឯង ឆ្លុះកញ្ចក់មើល ដុសក្អែលខ្លួនឯងសម្អាត បើសិនជាអត់ដុសក្អែលអាហ្នឹងប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យ មិនមែនជាកំហុសអ្នកវិភាគ ឬកំហុសអ្នកសារព័ត៌មានទេបើសិនជាក្នុងករណីបង្វែរទិសទៅជាបន្ទោសកំហុសអ្នកដទៃ គឺជាបរាជ័យមួយដ៏ធំសម្រាប់អ្នកនយោបាយដែលអត់មើលកញ្ចក់ហើយដុសក្អែល  អាហ្នឹងជារឿងមួយដោយឡែកមិនពាក់ព័ន្ធខ្ញុំទេ”។

លោកបន្ថែមថាក្នុងការសាកសួរនោះតុលាការមិនមានភស្តុ្តតាងថ្មីដើម្បីអាចដាក់បន្ទុក ហើយពាក្យបណ្តឹងមិនត្រឹមត្រូវនិងគ្មានការពិត  ដូច្នេះលោកបានស្នើឲ្យព្រះរាជអាជ្ញាតម្កល់រឿងទុកមិនចាត់ការ។ ទោះជាយ៉ាងណាលោកថាតុលាការមិនទាន់ឆ្លើយតបបែបណានៅឡើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាការលើកឡើងរបស់លោក អ៊ូ វីរៈ ជាយោបល់ផ្ទាល់ខ្លួនរបស់បុគ្គល។ លោកមានប្រសាសន៍ថា៖ “ខ្ញុំផ្អែកទៅលើគោលការណ៍ច្បាប់គ្រប់គ្រាន់ហើយ ដើម្បីមុននឹងដាក់ជូនទៅតុលាការ ឥឡូវខ្ញុំមិនអត្ថាធិប្បាយទេ ទុកឲ្យតុលាការលោកអ្នកវិភាគ លោកអ្នកសម្រេចកាត់សេចក្តី”។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា មានប្រសាសន៍ថាតុលាការកំពុងបន្តចំណាត់ការស៊ើបអង្កេតលើករណីនេះ។

សម្រាប់អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គមដែលតែងរិះគន់ពីភាពអវិជ្ជមានរបស់រដ្ឋាភិបាល លោក កែម ឡី មានប្រសាសន៍ថាករណីរបស់លោក អ៊ូ វីរៈ គឺជាការដាក់សម្ពាធដល់អ្នកធ្វើបទអត្ថាធិប្បាយផ្សេងទៀត។ លោកបន្ថែមថាអ្នកដឹកនាំគួរតែលើកទឹកចិត្តឲ្យមានអ្នកនិយាយរិះគន់កាន់តែច្រើនដើម្បីទទួលបាននូវធ្វើសេចក្តីសម្រេចចិត្តកាន់តែត្រឹមត្រូវ។ លោកមានប្រសាសន៍ថា៖ “បើសិនជាអ្នកដឹកនាំហ្នឹងគាត់ឆ្លាត គាត់បញ្ញា គាត់គួរតែមានការលើកសរសើរផ្តល់ទឹកចិត្តឲ្យចូលរួមថែមទៀត ប្រសើរជាងចាត់វិធានការណាមួយ ពីព្រោះប្រព័ន្ធរដ្ឋទាំងមូលភាគច្រើនគឺអ្នកមុខអ្នកការគាត់អត់ហ៊ាននិយាយអ្វីប៉ះពាល់ដល់មេគាត់ទេ បើទោះបីជាហ៊ានប៉ះពាល់ក៏គាត់ត្រូវប្រឈមដែរ ចឹងអ្វីដែលយើងហ៊ាននិយាយការពិត ឲ្យគាត់ឮ ឲ្យគាត់ដឹង ឲ្យគាត់យកព័ត៌មានការពិតហ្នឹងទៅអ្វើសេចក្តីសម្រេចចិត្តក្នុងការដឹកនាំប្រទេស ខ្ញុំគិតថាគាត់គួររក្សា”។

កាលពីថ្ងៃទី៦ខែឧសភា លោក សុខ ឥសាន បានចូលបំភ្លឺនៅតុលាការក្នុងនាមដើមបណ្តឹង ដោយបានស្នើឲ្យតុលាការឲ្យរកយុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជាដែលលោកថា ទទួលរងគ្រោះ ដោយសារការអត្ថាធិប្បាយរបស់លោក អ៊ូ វីរៈ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គណបក្សកាន់អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ