វិភាគ៖ ការ​បង្ហាញពី​គុណភាព​ទឹកថ្នាំជ្រលក់ម្រាម​ដៃលុបជ្រះ​គឺជា​​ប្រសិទ្ធភាពនៃ​ភាព​ចម្រុះគណបក្ស​របស់ គ.ជ.ប ថ្មី?

ដោយ លោក ណុប វី​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 8:05 PM | បទវិភាគ | 0 | 4762 ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ជ័យជំនះ (ហួត វុទ្ធី)

គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​បង្ហាញ​ជា​សាធារណៈថា​ទឹក​ថ្នាំជ្រលក់ម្រាមដៃ​ដែល​ត្រូវ​ប្រើ​ប្រាស់​បម្រើ​ដល់​ការបោះឆ្នោតលាងជ្រះ​ ប្រសិន​បើ​គេយក​ទឹកថ្នាំលាប​សក់មក​លាង។ អ្នក​នាំពាក្យ​ គ.ជ.ប លោក ហង្ស ពុទ្ធា​ ដែលជា​សមាជិក ​គ.ជ.ប មួយរូប​មកពី​សមាសភាព​អង្គការ​មិនមែន​រដ្ឋាភិបាលបាន​បង្ហាញដូច្នេះ បន្ទាប់ពី គ.ជ.ប ធ្វើ​ពិសោធន៍​ជាមួយនឹង​ទឹកថ្នាំនោះ។​

ព័ត៌មាននេះ​ហាក់​បាន​បង្ហាញ​ឲ្យ​ឃើញថា​ ការ​លើកឡើង​របស់​អង្គការ ​Comfrel​ នៅក្នុងការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ២០១៣នោះ គឺជាការ​ពិត។ អង្គការ ​Comfrel ដែលជា​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅក្នុង​ប្រទេសកម្ពុជា​​បាន​អះអាង​ថា​ ទឹក​ថ្នាំ​ជ្រលក់​ម្រាម​ដៃ​ដែល​ប្រើ​ប្រាស់នៅក្នុងការ​បោះឆ្នោត​ឆ្នាំ២០១៣​ គឺ​លាង​ជ្រះ​។ កាល​ណោះលោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន បាន​គម្រាម​ប្តឹង​ផ្តល់​លោក គល់ បញ្ញា ដែល​ជា​នាយក​របស់​អង្គការ ​Comfrel។

សំណួរ​ត្រូវ​បានសួរ​ថា តើ​មានមូលហេតុ​អ្វីខ្លះ​នៅជុំវិញ​តម្លាភាព​នៃការ​បង្ហាញ​អំពីគុណភាព​នៃ​ទឹក​ថ្នាំ​ជ្រលក់​ម្រាមដៃនេះ?

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ លោក ព្រាប កុល​ បាន​ស្វាគមន៍​ និង​សសើរចំពោះ​ភាព​ក្លាហាន​របស់ គ.ជ.ប ​ដែល​ហ៊ាន​បង្ហាញ​ឲ្យ​សាធារណជន​បាន​ដឹង​អំពីគុណភាព​នៃ​ទឹក​ថ្នាំ​នេះ ហើយ​ជម្រុញឲ្យ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ពិនិត្យ​មើល​ឡើងវិញ។ ទោះ​យ៉ាង​ណាលោក ព្រាប​ កុល​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​សន្និដ្ឋាន​អំពីកក្តា​ជម្រុញនៃ​តម្លាភាព​នេះ៖ «មិន​ហ៊ាន​សន្និដ្ឋានថា​មក​ពី​កក្តាអ្វី​ទេ សូមរង់ចាំ​មើល​ទៀត»។​

លោក​ ជាង ​សុខា នាយក​​ប្រតិបត្តិ​​អង្គការ​កម្ម​វិធី​អភិវឌ្ឍន៍​​ធនធាន​យុវជន (YRDP) កត់​សំគាល់​ថា​ គ.ជ.ប ហាក់​បាន​រៀនសូត្រពី​បទ​ពិសោធន៍​នៃការ​បោះឆ្នោត​លើកមុន ហើយ​ថា​ការ​បង្ហាញ​នេះ​គឺជាការ​ពង្រឹង​ខ្លួន​ឯង​របស់​គ.ជ.បបច្ចុប្បន្ន៖ «វាគឺជា​ដំណើរការ​ល្អ។ វា​អាចចៀសវាង​បញ្ហាដូចឆ្នាំ២០១៣។ នេះគឺជាការ​ផ្លាស់ប្តូរ​មួយធំធេង»។​

គ.ជ.ប បច្ចុប្បន្ននេះ​ ត្រូវ​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១៥ ក្រោយ​ពី​មានកិច្ច​ព្រមព្រៀង​នយោបាយ​​រវាង​គណបក្ស​ធំៗពីរ​ដែល​មាន​អសនៈនៅក្នុង​រដ្ឋសភា។ សមាសភាព​គ.ជ.បថ្មីនេះ​មានចំនួន​៩រូប​ ៤រូប​​ជា​តំណាង​មកពីគណបក្ស​ប្រជាជនកម្ពុជា ៤រូប​ជា​តំណាង​មក​ពីគណបក្ស​សង្គ្រោះជាតិ​ និង​១រូប​​ជា​តំណាង​មកពី​អង្គការ​មិនមែន​រដ្ឋាភិបាល។

អ្នក​វិភាគ​នយោបាយ​លោកបណ្ឌិត សុខ ទូច​ កត់​សំគាល់​ថា​ការ​បង្ហាញ​ពី​គុណភាព​នៃ​ទឹក​ថ្នាំ​ជ្រលក់​ម្រាមដៃនេះគឹជា​តម្លាភាព​មួយ។ តម្លាភាពនេះ​គឺ​បាន​មកពីភាព​ចម្រុះ​នៃ​សមាសភាព​​របស់សមាជិក គ.ជ.ប។ លោកកត់​សំគាល់​ថា​​​វានឹងមិនមានការ​ឆ្លើយ​ដាក់​គ្នា​ទៀតទេ ដោយ​សារតែ​គណបក្ស​ធំទាំងពីរ​សុទ្ធតែមាន​តំណាង​ដែលខ្លួន​ជ្រើសរើស​នៅក្នុង​គ.ជ.ប។​

លោកបន្តថា៖ «គ.ជ.បគឺ​មាន​សមាសភាព​ពី​គណបក្ស​ប្រជាជន គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការមិនមែនរដ្ឋាភិបាល។ វាកើត​ចេញពីការ​ថ្លឹង​សង្ខាង មិនអាច​ចោទ​ប្រកាន់​គ្នាកើត​ទៀត​ទេ ជាពិសេសគណបក្ស​ធំៗទាំងពីរ»។

ចំណែក​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​សុទ្ធតែមាន​សុទិដ្ឋិនិយម​ និង​មើល​ឃើញ​ក្នុងផ្លូវ​វិជ្ជមាន​ចំពោះ​ការ​បង្ហាញ​ពី​តម្លាភាព​របស់​ គ.ជ.ប។

ប្រធានក្រុម​តំណាង​រាស្រ្តនៃគណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ មើលឃើញ​ថា​សមាជិកគ.ជ.បចម្រុះ​មិន​ស្ថិត​ក្រោម​បក្ស​ណាមួយទេ។​ លោម​មានប្រសាសន៍​ថា​រាល់​ការ​សម្រេច​មិនអាច​ឆ្លើយ​តាម​ចិត្ត​។ ទោះ​យ៉ាង​ណាលោក សុន ឆ័យ​មើល​ឃើញ​ថា​សម្ពាធពីការ​តាម​ដាន​និង​ឃ្លាំ​មើល​របស់អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍​អន្តរជាតិ​ និង​ដៃគូ​អភិវឌ្ឍន៍​នៅ​តែមាន​ឥទ្ធិពល​ជម្រុញទៅលើ​តម្លាភាពនេះ។

លោកថា៖ «ដោយ​សារមានការ​ផ្លាស់ប្តូរ​សមាសភាព​របស់គ.ជ.ប។ មិនតែប៉ុណ្ណោះទេ ការឃ្លាំមើល​ពីអង្គការ​មិនមែន​រដ្ឋាភិបាលជាតិ និង​អន្តរជាតិដូចជាខាងEU ប្រទេស​ដៃគូរ​ដូចជា​ប្រទេស​ជប៉ុន។ល។​គឺ​ជា​កត្តាយ៉ាង​សំខាន់»។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន​លើកឡើង​ថា​តម្លារបស់ គ.ជ.ប នេះ គឺ​បាន​មក​ពីការឯកភាព​គ្នា​ពី​ភាព​ស្មោះត្រង់​រវាង​គណបក្ស​ទាំងពីរ គឺគណបក្ស​ប្រជាជនកម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ។​

បន្ទាប់​ពី​ជំលោះនយោបាយ​ក្រោយការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ គណបក្ស​ប្រជាជនកម្ពុជាដែល​ទទួល​បាន​អសនៈ៦៣ និងគណបក្ស​សង្គ្រោះជាតិ​ដែលទទួល​បាន​អសនៈ៥៥​នៅ​រដ្ឋសភា​ បាន​ឈានដល់កិច្ច​ព្រមព្រៀង​រួមគ្នា​មួយនៅ​ថ្ងៃទី២២​ខែកក្កដា ឆ្នាំ២០១៤។ នៅក្នុងកិច្ច​ព្រមព្រៀងនោះ​គណបក្ស​ទាំងពីរ​បានឯកភាព​ឲ្យ​មានការ​កែទម្រង់ការ​បោះឆ្នោត ដោយ​រៀបចំ​ស្ថាប័ន​រៀបចំការ​បោះឆ្នោត​ជា​ស្ថាប័ន ដែល​មានឯករាជ្យភាពពេញលេញ ដោយមានចែង​ក្នុងជំពូក​មួយដោយឡែកក្នុង​រដ្ឋធម្មនុញ្ញ។​ គណបក្ស​ទាំងពី​រក៏​បាន​ឯកភាព​គ្នា​លើការរៀបចំ​បញ្ជីឈ្មោះ​បោះឆ្នោត​ថ្មីផងដែរ។

គ.ជ.ប​ បាន​សម្រេច​លើការ​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​កាលពី​ខែវិច្ឆិកា​ចុង​ឆ្នាំ២០១៦​ដោយ​បាន​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ ជា​លទ្ធផល គ.ជ.ប បាន​ចុះ​ឈ្មោះ​ពលរដ្ឋបាន​ចំនួន​៧ ៨៦៥ ០៣៣នាក់​លើ​ពលរដ្ឋ​ដែលគ្រប់អាយុ​ចុះឈ្មោះ​បោះ​ឆ្នោត​ចំនួន៩ ៦៦៤ ២១៦នាក់ ដែល​ស្មើ​នឹង​៨១.៣៨%៕ ​

សរសេរមកកាន់ លោក ណុប វី តាមរយៈ nopvy@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required