បទយកការណ៍៖ ​លោក ​កែម ឡី ស្លាប់តែរូបតែកេរ្តិ៍ឈ្មោះល្បីកាន់តែខ្លាំងឡើង

អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី​

សំឡេងយំខ្សឹបខ្សួលទួញសោកបានបន្លឺឡើងនៅចំពោះមុខសពអតីតអ្នកវិភាគល្បីឈ្មោះដែលត្រូវបានឃាតករបាញ់សម្លាប់។

លោក កែម ឡី ជាអតីតអ្នកវិភាគបញ្ហាសង្គមត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោងជាង៩ព្រឹក ខណៈរូបលោកអង្គុយនៅក្នុងស្តាម៉ាតលក់ទំនិញមួយស្ថិតនៅក្បែរស្តុបបូកគោ។

សារព័ត៌មានទាំងជាតិនិងអន្តរជាតិធំៗបានចាប់អារម្មណ៍នឹងករណីឃាតកម្មនេះដោយឡើងចំណងជើងនៅលើទំព័រមុខ ខណៈអ្នកការទូតនិងអ្នកនយោបាយបានសំដែងការសោកស្តាយនិងថ្កោលទោសអំពើឃាតកម្មនោះ។

ខណៈភ្លៀងកំពុងធ្លាក់ស្រិចៗ អ្នកស្រី ញ៉ែម ណាវិច បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានVODថា គាត់សោកស្តាយធនធានមនុស្សដែលស្នេហាជាតិដូចជាលោក កែម ឡី ដោយអ្នកស្រីថាកាលពីលោកនៅរស់បានជួយប្រទេសជាតិច្រើន។ អ្នកស្រីបន្តថា៖ “សពរបស់លោកគឺខ្ញុំបានលះបង់ ហាក់បីដូចជាគាត់ជាសាច់ញាតិរបស់ខ្ញុំផ្ទាល់ ព្រោះគាត់ជាមនុស្សល្អ ជាមនុស្សស្នេហាជាតិ សេ្នហាជាតិនេះគឺថាមិនមែនស្នេហាតែមាត់ទេ គឺគាត់ស្នេហាជាតិរហូតដល់គាត់ហ៊ានលះបង់ដល់ជីវិត ទំាងដឹងថាគេចង់សម្លាប់គាត់ក៏ដោយ ក៏គាត់នៅតែព្យាយាមធ្វើអ្វីដែលគាត់ធ្វើ សម្រាប់ប្រទេសជាតិ សម្រាប់ប្រជាជន“។

សពលោក កែម ឡី ត្រូវបានក្រុមគ្រួសារនិងពលរដ្ឋរាប់ពាន់នាក់យកទៅតម្កល់ទុកនៅវត្តចាស់ស្ថិតនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមរំលែកទុកជាបន្តបន្ទាប់រាប់ពាន់នាក់។ ទោះយ៉ាងណាក្រុមគ្រួសារនៃសពមិនទាន់កំណត់ថានឹងធ្វើពិធីបូជាឬបញ្ចុះនៅថ្ងៃណានៅឡើយ។

អ្នកស្រី សេក ស្រីពៅ រស់នៅរាជធានីភ្នំពេញ ដៃកាន់ផ្កា ឈនៅមុខសព ថ្លែងដោយមានជំនឿថាលោក កែម ឡី មួយស្លាប់ នៅសល់លោក កែម ឡី ច្រើនទៀតចំាជួយប្រទេសជាតិ។ អ្នកស្រីបន្ថែមថា៖ “ឃាតករដែលបាញ់សម្លាប់លោក កែម ឡី សម្លាប់មួយ នៅមានកែមឡីមួយ នៅមាន កែម ឡី មួយពាន់ មួយម៉ឺន កែម ឡី ទៅទៀត នេះជាយោបល់របស់ខ្ញុំ ដើម្បីឲ្យយុវជនសារក្រោយ យុវនារី យុវជន ធ្វើម៉េចកសាង ដូចថាគំនិតឲ្យដើរតាមគាត់“។

ក្រោយពីឃាតករបាញ់សម្លាប់លោក កែម ឡី ប្រជាពលរដ្ឋនិងអ្នកនយោបាយមួយចំនួនបានហៅលោកថាជា ”វីរជនខ្មែរស្នេហាជាតិ” ដោយថាលោកហ៊ានរិះគន់ចំៗពីចំណុចខ្វះខាតនៃការដឹកនាំរបស់រដ្ឋាភិបាល។

លោកបណ្ឌិត កែម ឡី កាលពីកន្លងទៅ
លោកបណ្ឌិត កែម ឡី កាលពីកន្លងទៅ

នៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចែករំលែកសារជាច្រើនមានខ្លឹមសារថា ទោះបីជាលោក កែម ឡី បានស្លាប់ ប៉ុន្តែ ព្រលឹងលោក កែម ឡី បានចូលសណ្ឋិតក្នុងបេះដូងកូនខែ្មរអ្នកស្នេហាជាតិជុំវិញពិភពលោក។ សម្លាប់លោក កែម ឡី មួយ! កែម ឡី កើតរិតតែច្រើន យើងនឹងចាប់ដែគ្នាជា កែម ឡី តែមួយ ដើម្បីការពារជាតិ ទឹកដី និងអភិវឌ្ឍន៍។

ទឹកភ្នែកហូរកាត់ថ្ពាលទំាងគូ អ្នកស្រី ប៉ែន សារ៉ុម បានរៀបរាប់ថាគាត់តាមដានលោក កែម ឡី និយាយតាមវិទ្យុជារៀងរាល់ថ្ងៃ។ អ្នកស្រីថាលោកជាមនុស្សហ៊ាននិយាយរិះគន់ចំណុចខ្វះខាតរដ្ឋាភិបាលឥតសំចៃមាត់។ អ្នកស្រីយល់ថាការស្លាប់របស់លោក កែម ឡី ពាក់ព័ន្ធហ្នឹងជារឿងនយោបាយ មិនមែនរឿងជំពាក់លុយបុគ្គលណាមួយនោះទេ។ អ្នកស្រីបន្តថា៖ “ស្លាប់នេះជារឿងនយោបាយ ព្រោះខ្ញុំស្តាប់អាស៊ីសេរីរាល់ថ្ងៃក្មួយ ខ្ញុំស្តាប់បទសម្ភាសន៍ ខ្ញុំស្តាប់គាត់និយាយពីត្រកូលហ៊ុន មានក្រុមហ៊ុនប៉ុន្មានៗ ខ្ញុំស្តាប់បានតែ៣-៤-៥ថ្ងៃ គឺគាត់ស្លាប់ ក្មួយហើយ អាសូរណាស់“។

យុវជនដែលចូលរួមរំលែកទុក្ខបុណ្យសព លោក ជៀក រីហ្គោល បានបញ្ជាក់ថាគាត់ចំណាយពេលវេលានិងយកថវិកាចូលបុណ្យរំលែកទុក្ខដ៏ក្រៀមក្រំជូនលោក កែម ឡី តំាងថ្ងៃដែលគេបាញ់សម្លាប់រូបលោក ដោយលោកថានឹងចូលរួមរហូតចប់កម្មវិធីបុណ្យ។ លោកស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ឲ្យលោក កែម ឡី ផងដែរ។ លោកបន្តថា៖ “ក៏សូមសំណូមពរដល់ស្ថាប័នមានសមត្ថកិច្ចឬក៏ស្ថាប័នដែលពាក់ព័ន្ធឲ្យវែកមុខឃាតករពិតប្រាកដឲ្យឃើញ ឲ្យច្បាស់ថាអ្នកណានៅ ជាអ្នកសម្លាប់ពិតប្រាកដ ហើយអ្នកណាជាគូកនដែលនៅពីក្រោយនៃការបញ្ហា“។

ថ្វីបើភ្នែកទំាងពីរមើលមិនឃើញអ្វី តែត្រចៀកប្រឹងស្តាប់អ្នកចូលរួមកាន់ទុកជជែកគ្នាពីនេះពីនោះនិងខ្លះទៀតយំសោកស្តាយលោក កែម ឡី។ ជនពិការរូបនោះសុំមិនបញ្ចេញឈ្មោះថា គាត់សោកសម្រែងយ៉ាងខ្លំាងនៅពេលដែលទទួលព័ត៌មានថាបាត់បង់វីរជនអ្នកសេ្នហាជាតិមួយរូបបែបនេះ។ លោកយល់ថាអ្នកចេះដឹងនៅក្នុងប្រទេសកម្ពុជាមានច្រើន ប៉ុន្តែលោកថាអ្នកទំាងនោះភាគច្រើនមិនហ៊ាននិយាយរិះគន់ចំៗលើចំណុចខ្វះខាតរបស់ថ្នាក់ដឹកនាំដូចលោក កែម ឡី នោះទេ។

យុវជន ទិត ឧត្តម ដែលចូលរួមក្នុងបុណ្យសពនោះប្តេជ្ញាថានឹងយកគំរូតាមលោក កែម ឡី ដើម្បីបំរើប្រយោជន៍ប្រទេសជាតិ។ លោកចង់ឲ្យមានការសង់រូបសំណាកលោក កែម ឡី ដូចលោក ជា វិជ្ជា ទុកឲ្យកូនចៅជំនាន់ក្រោយគោរពបូជា។ យុវជន ឧត្តម បានបន្តទៀតថា៖ “ខ្ញុំយកថ្ងៃដែលគាត់ស្លាប់ម្សិលមិញទុកជាថ្ងៃកាន់ទុក្ខខ្ញុំជារៀងរាល់ឆ្នាំ ហើយខ្ញុំនឹងពិភាក្សាជាមួយក្រុមគ្រួសារគាត់អាចសុំទីកន្លែងណាមួយ ហើយអាចរៃអង្គាសថវិកា ដើម្បីសាងសង់រូបគាត់ ហើយដាក់នៅទីកន្លែងក្នុងភ្នំពេញ ដើម្បីពួកខ្ញុំគោរពវិញ្ញាណក្ខន្ធនៅក្នុងថ្ងៃហ្នឹងរាល់ឆ្នាំ“។

ពិការជើងទំាងគូ អង្គុយលើម៉ូតូ សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ក្រោមដំណក់ទឹកភ្លៀងស្រិចៗថា សូមឲ្យកូនខ្មែរទំាងអស់យកគំរូស្នេហាជាតិដូចលោក កែម ឡី។ ផ្ទុយទៅវិញលោកថាបើមិនហ៊ាននិយាយពីរឿងពិតនៅក្នុងសង្គមដូចលោក កែម ឡី ទេ លោកថានៅថ្ងៃអនាគតកម្ពុជានឹងក្លាយទៅជារបបខ្មៅងងឹងជាលើកទីពីរ។ គាត់និយាយថា៖ “បើសិនជាម្នាក់ៗខ្លាចអញ្ចឹងទេ ប្រទេសយើងប្រហែលជាអាចក្លាយទៅជាចង់ថាអាពតទីពីរក៏បានដែរ“។

លោក កែម ឡី បានស្លាប់បាត់បង់ជីវិតបន្សល់ទុកកូនប្រុស៤នាក់និងម្នាក់នៅក្នុងផ្ទៃ៦ខែ។

កុមារា កែម វាសនារ៉ាណុច វ័យ១៥ឆ្នាំ ជាកូនប្រុសច្បងរបស់លោក កែម ឡី បានរៀបរាប់ប្រាប់អ្នកយកព័ត៌មាននៅក្នុងពិធីបុណ្យសពនោះថាគាត់សោកស្តាយពីការបាត់បង់ឪពុកដែលជាសសរទ្រូងគ្រួសារ។ យុវជនរូបនោះថាគាត់នឹងជួបបញ្ហាប្រឈមក្នុងជីវភាពគ្រួសារ ដោយសារគ្មានលុយបង់ការសិក្សា។ ប្អូន រ៉ាណុច បន្តថា៖ “អត់មានអ្នកណាគេជួយបង់លុយសាលា ចេញថ្លៃទឹកភ្លើង ផ្ទះជួល ការសិក្សាទំាងបួននាក់មួយធើម (Term ) ក្នុងមួយនាក់យ៉ាងច្រើនទំាងអង់គ្លេស ទំាងខ្មែរប្រហែលជិតចូលម្នាក់ជិត៥០០ដុល្លារ មួយធើម (Term ) បីខែ“។

យ៉ាងណាក៏ដោយអ្នកនយោបាយ សាធារណជនក្នុង និងក្រៅប្រទេសមួយចំនួនបានអះអាងថាពួកគេនឹងជួយឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារសពលោក កែម ឡី និងធានាជួយឲ្យបានសិទ្ធិជ្រកកោណនៅក្រៅប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ