ក្រុមហ៊ុនភាពយន្តអាមេរិកផ្តល់លុយជិត៣លានដុល្លារឲ្យកម្ពុជាថែរក្សាព្រៃកែវសីមា

ក្រុមហ៊ុនភាពយន្តរបស់អាមេរិក Disney បានផ្តល់លុយ២,៦លានដុល្លារដល់កម្ពុជា តាមរយៈការទិញឥណទានកាបូន ដើម្បីឲ្យកម្ពុជារក្សាដែនជម្រកសត្វព្រៃកែវសីមា កុំឲ្យមានការកាប់បំផ្លាញក្នុងរយៈពេល២ឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជានិងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កាលពីម្សិលមិញបានចុះហត្ថលេខាជាផ្លូវការនៅទីស្តីការក្រសួងបរិស្ថានទៅលើកិច្ចព្រមព្រៀងស្តីគម្រោង “ការកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ” ឬហៅថារេដបូក (REDD+) នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា។

ការទិញឥណទានកាបូននេះ ត្រូវបានអ្នកជំនាញពន្យល់ថាគឺជាការផ្តល់លុយមកដល់កម្ពុជាដើម្បីឲ្យថែរក្សាព្រៃឈើ ព្រោះព្រៃឈើដើរតួយ៉ាងសំខាន់ក្នុងការស្រូបយកឧស្ម័នកាបូន បើសិនជាមានការកាប់ព្រៃឈើ ចំនួនកាបូនដែលត្រូវបានទិញតាមកិច្ចព្រមព្រៀងនឹងមិនគ្រប់គ្រាន់ឡើយ មិនមែនមានន័យថាអាមេរិកយកកាបូនពីកម្ពុជាទៅធ្វើអ្វីនៅប្រទេសគេនោះទេ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ប្រាប់អ្នកសារព័ត៌មានថាការដែលអាមេរិកទិញកាបូនឬមានន័យថាផ្តល់លុយឲ្យកម្ពុជាឲ្យថែរក្សាព្រៃឈើនេះ គឺជាទំនួលខុសត្រូវរបស់ប្រទេសដែលមានឧស្សាហកម្មជឿនលឿនដែលបានបញ្ចេញឧស្ម័នកាបូនច្រើន។ លោកបន្តថាថវិកាដែលបានមកនឹងបង្វែរទៅអភិរក្សព្រៃនិងជួយដល់ប្រជាសហគមន៍នៅតំបន់នោះឲ្យឈប់ពឹងផ្អែកលើព្រៃឈើបង្វែរមកធ្វើកសិកម្មវិញ។

លោកនិយាយថា៖ ឥលូវយើងនិយាយឲ្យសាមញ្ញវាអញ្ចេះ ចំពោះប្រទេសជឿនលឿន ជាពិសេសប្រទេសឧស្សាហកម្មទាំង៨ អញ្ចឹងបានន័យថា គាត់បានបញ្ចេញនូវជាតិកាបូននោះច្រើន អញ្ចឹងទេ ក្នុងការទទួលខុសត្រូវរបស់គាត់ហ្នឹង ដើម្បីជាសំណងទៅក្នុងការបំពុលរបស់គាត់ គាត់មកជួយប្រទេសតូចតាចដូចជាប្រទេសកម្ពុជាយើងអញ្ចឹង ថាឥលូវកុំប៉ះពាល់ព្រៃហ្នឹងអី ទុកទៅ ហើយគាត់នឹងជួយជាសំណង ជួយជាថវិកា ដើម្បីជួយក្នុងការអភិរក្សផងនិងជួយទៅដល់ជីវភាពប្រជាជនហ្នឹងផង

ឆ្លើយតបនឹងសំណួរថា ប្រសិនបើវិធានការនេះមានចន្លោះប្រហោង បណ្តាលឲ្យមានការកាប់បំផ្លាញព្រៃនៅតំបន់នោះ តើអាមេរិកនឹងផាកពិន័យកម្ពុជាឬផ្តាច់លុយវិញយ៉ាងណានោះ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន លោក ជួប ប៉ារីស៍ អះអាងថាកាបូននៅតំបន់នោះមានដល់ទៅ១២លានតោន ដោយលោកថាការថ្លោះធ្លោយបន្តិចបន្តួចមិនជាបញ្ហាទេ។

លោកនិយាយថា៖ ដូចដែលថាអញ្ចឹង យើងខំប្រឹងការពារឲ្យបាន ហើយបើទោះជា ឧទាហរណ៍ទេណា ថាបើករណីហ្នឹងថ្លោះធ្លោយខ្លះ កាបូនយើង១២លានឯណោះ ហើយអ្នកឯងទិញតែបន្តិចមួយហ្នឹង ហើយមកថាអីយើង អត់អីទេ យើងអត់មានអីត្រូវជាប់ជំពាក់ជាមួយនឹងកិច្ចសន្យាហ្នឹងទេ តែគ្រាន់ថាយើងមិនបណ្តោយឲ្យបាត់បង់ទេ គឺត្រូវតែការពារតំបន់ហ្នឹងឲ្យអស់ពីសមត្ថភាពរបស់យើង

រដ្ឋមន្រ្តីក្រសួងបរិស្ថានអះអាងក្នុងពិធីចុះកិច្ចព្រមព្រៀងនោះថា រដ្ឋាភិបាលបានបើកយុទ្ធនាការបង្រ្កាបការលួចកាប់ឈើទ្រង់ទ្រាយធំជាស្ថាពរហើយ ហើយផែនការបន្តទៅទៀតគឺបញ្ចប់ការកាប់ទ្រង់ទ្រាយតូច ដូចជាការដឹកតាមម៉ូតូនិងគោយន្តជាដើម។

មន្ត្រីគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើនិងការរេចរឹលព្រៃឈើរបស់អង្កការ WCS លោក យៀង ដូណាល់ ប្រាប់វីអូឌីថាកន្លងមកធ្លាប់មានគម្រោងលក់ឥណទានកាបូនដូចគ្នានេះដែរ នៅក្នុងខេត្តឧត្តរមានជ័យ ប៉ុន្តែលោកថាក្នុងទំហំព្រៃតូចនិងថវិកាប្រហែលជា៥ទៅ៧ម៉ឺនដុល្លារប៉ុណ្ណោះ។

ដែនជម្រកសត្វព្រៃកែវសីមាមានផ្ទៃដីទំហំសរុបជិត៣០ម៉ឺនហិកតា ហើយអាចស្រួបឧស្ម័នកាបូនិចបានចំនួន ១៤លានតោននៅចន្លោះឆ្នាំ២០១០ដល់ឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ