ជប៉ុនបានរៀបចំប្រព័ន្ធការពារមីស៊ីលនៅតាមទីក្រុងមួយចំនួនដែលយល់ថា អាចមានគ្រោះថ្នាក់ បន្ទាប់ពីកូរ៉េខាងជើងបានគំរាមបាញ់មីស៊ីលឆ្លងកាត់ប្រទេសនេះ សំដៅកម្ទេចមូលដ្ឋានទ័ពអាកាសរបស់អាមេរិកនៅកោះGuam។
ភាពតានតឹងរវាងរដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងព្យុងយ៉ាងកាន់តែឡើងខ្លាំង ខណៈវោហាសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរនៅតែបន្តគំរាមគ្នាទៅវិញទៅមក។ លោកត្រាំ ព្រមានថា នឹងមានការវាយប្រហារខ្លាំងក្លាបើសិនជា កូរ៉េខាងជើងធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អាមេរិក។
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានបញ្ជាក់នៅថ្ងៃសៅរ៍នេះថា ពេលនេះ ពួកគេកំពុងរៀបចំ ប្រព័ន្ធការពារមីស៊ីលនៅក្រុងមួយចំនួនដូចជា Ehime, Shimane, Hiroshima និងនៅ Kochi ជាទីក្រុងនៅភាគខាងលិចរបស់ជប៉ុន។
ទូរទស្សន៍រដ្ឋជប៉ុនក៏បានបង្ហាញពីរូបភាព ដែលកងទ័ពកំពុងរៀបចំសព្វាវុធផ្សេងៗទៀត ដើម្បីទប់ការផ្ទុះអាវុធណាមួយកើតឡើង។
ជប៉ុនបានបញ្ជាក់ហើយថា បើសិនជាកូរ៉េខាងជើងបាញ់មីស៊ីលឆ្លងកាត់ប្រទេសជប៉ុន ឆ្ពោះទៅកាន់កោះ Guam របស់អាមេរិកនោះ គឺជប៉ុននឹងបាញ់ទម្លាក់។
រដ្ឋាភិបាលជប៉ុនបញ្ជាក់ថា ពួកគេរៀបចំប្រព័ន្ធការពារមីស៊ីលឲ្យហើយនៅតាមបណ្តាទីក្រុងនៅភាគខាងលិច នៅព្រឹកថ្ងៃសៅរ៍នេះ។ នេះបើតាមសារព័ត៌មានKyodoរបស់ជប៉ុន។
រដ្ឋាភិបាលជប៉ុនបញ្ជាក់ថា បើកូរ៉េខាងជើងពិតជាធ្វើសកម្មភាពលើកនេះ ទៀត នឹងមិនអាចអត់ឱនឲ្យបានចំពោះការបង្កជម្លោះនេះទេ។
កាលពីឆ្នាំ២០០៩ កូរ៉េខាងជើងធ្លាប់បាញ់រ៉ុក្កែត ហោះរំលងប្រទេសជប៉ុនម្តងរួចទៅហើយ ប៉ុន្តែពេលនោះ មិនមានការបាញ់ទម្លាក់ទេ គឺការបាញ់របស់កូរ៉េខាងជើងបាញ់ទទួលបានជោគជ័យ។