UN រិះគន់សម្ដីលោក ហ៊ុន សែន ថាធ្វើឲ្យប៉ះពាល់នីតីវិធីតុលាការ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:07 PM | សិទ្ធិមនុស្ស | 0 | 2760 ប្រធាន​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្សលោក​ Zeid Ra'ad Al Hussein (រូបភាពពី UN)

មន្ដ្រីជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស រិះគន់ការព្រមានរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចំពោះការឃុំខ្លួនមេបក្សប្រឆាំងថា រំលោភគោលការណ៍សន្មត់គ្មានទោសជាមុន និងសិទ្ធិទទួលបានការជម្រះក្ដីដោយយុត្តិធម៌។

ក្នុងកិច្ចប្រជុំលើកទី៣៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃទី១១ខែកញ្ញា ម្សិលមិញ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Ra’ad Al Hussein បានលើកឡើងនូវក្ដីបារម្ភ ជុំវិញករណីចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថា ធ្វើឡើងទាំងរំលោភអភ័យឯកសិទ្ធិសភា និងបំពាននីតិវិធីច្បាប់។

លោកក៏បានរិះគន់ការថ្លែងការណ៍ជាសាធារណៈ របស់មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផ្ទាល់ ជុំវិញការចាប់ខ្លួននេះ ដោយថា ជាការរំលោភបំពានគោលការណ៍សន្មត់គ្មានទោសជាមុន (Presumption of Innocence) និងធ្វើឲ្យដំណើរការរឿងក្ដីរបស់តុលាការ មិនផ្ដល់ភាពយុត្តិធម៌។

លោក Zeid Ra’ad Al Hussein ទទូចឲ្យរដ្ឋាភិបាលធានានូវឯករាជ្យភាពតុលាការ ការទទួលបានសិទ្ធិពេញលេញក្នុងរឿងក្ដី និងធានាសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ខាងមុខ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅគេហដ្ឋានរបស់លោក កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ និងត្រូវបានបញ្ជូនទៅពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនប្រទេសវៀតណាម ដោយរដ្ឋាភិបាលចោទពីបទ «ក្បត់ជាតិ» និងចារកម្មឃុបឃិតជាមួយបរទេសផ្ដួលរំលំរដ្ឋាភិបាល៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required