​ដឹងថា​ខាត​ដើមហើយ​​ផលិតករ​នៅ​ជម្នះ​ដំឡើងរឿង​ «ធនញ្ជ័យ» ​ជាថ្មីទៀត​

​យោងតាម​ការបញ្ជាក់របស់​ផលិតករដែល​បាន​​ចំណាយទុន​​ផលិតរឿង ​​​​​​​​«ធនញ្ជ័យ» ជាថ្មី​បានអះអាងថា​​​ដើម្បី​ច្នៃ​​​​អក្សរសិល្ប៍ប្រជាប្រិយខ្មែរ​ដ៏ល្បី​ល្បាញ​មួយនេះ​​អោយក្លាយជាភាពយន្តភាគបាន​ គឺ​​​​​ការ​ចំណាយ​នឹងអាច​ឈានដល់​​​​​យ៉ាងហោចជា​ង​​​១២ម៉ឺនដុល្លារឯណោះ ដែលការចំណាយ​នេះ គឺខ្ពស់ជាងការទទួលបាន​​ពី​​ស្ថានីយ​ទូរទស្សន៍ដែលលោកផលិត​​អោយ​ ដែលលោក​បានហៅ​​​ការដំឡើងរឿងនេះ​ថា​​​ខាត​​​​​ដើម​១០០ភាគរយ​។

​យ៉ាងណាក៏​​ដោយលោកថា​​​សុខចិត្ត​​​​​បោះ​ទុន​​ខាត​ចោល ​ដើម្បី​កុំអោយភាពយន្តដែលបាន​ផលិត​ឡើងមាន​ភាព​ដដែល​ៗ និង​ដើម្បី​​​​​​​​ទុកជាស្នាដៃ​អោយ​កូនខ្មែរបានស្គាល់​​ បានដឹង​​​នូវ​​​​​ខ្លឹមសារ​​រឿង​ «ធនញ្ជ័យ» ​​​ស្រប​តាមកម្មវិធី​សិក្សា​​ផង។

​លោក​​ ប៊ុន ស៊ា ​ចាងហ្វាង​​​ផលិតកម្ម B&S Good Day Video បានអះអាងថា ​​ក្នុងចំណោមរឿងភាគដែលលោក​​ផលិត​អោយប៉ុស្ដិ៍លេខ​​៥ លោកចាត់ទុកថា​នេះជារឿង​ទី១ដែលលោកសុខ​​ចិត្ត​​បោះទុន​​​ទាំង​ខាតតែម្ដង ដោយសារតែ​នៅ​​ប៉ុស្ដិ៍លេខ​​​៥គេមាន​​កំនត់​​​ក្នុងការ​ផ្ដល់តម្លៃ​​​​អោយមួយភាគៗ​​​​​ ដែលតម្លៃដែលលោកទទួលបាននោះលោក​អះអាងថាមិន​​​​ស្មើនឹងការ​ចំណាយ​​​ក្នុងការផលិតរឿងនេះទេ។

លោកថា​​​ភាពយន្ត​កន្លងមក​​លោក​​​​​​ផលិត​​​​​​​​អស់ត្រឹមតែ​​​៤ទៅ​​៦ម៉ឺនដុល្លារប៉ុណ្ណោះ ដោយ​​តម្លៃដែលបានចំណាយ​នោះ​​គឺ​​​​​​ក្រោយពី​ប៉ុស្ដិ៍លេខ​​​៥ផ្ដល់អោយ​​គឺសល់តិច​តួច​ប៉ុណ្ណោះ ដោយ​មិន​មែនចំណេញ​​កប់ក្ដោងនោះឡើយ។

លោកមិនទាន់​ទម្លាយ​ថាក្នុងភាគ​​ដែល​​ផលិតអោយប៉ុស្ដិ៍​លេខ​​៥​ទទួលបាន​ប៉ុន្មាន​អោយច្បាស់នោះទេ ដោយគ្រាន់តែអះអាងថាសម្រាប់រឿងភាគ​​បែបសម័យ ​គឺតម្លៃដែលប៉ុស្ដិ៍លេខ​​​៥ផ្ដល់​​​​​អោយអាចលោកបានស៊ី តែសម្រាប់ការ​ផលិត​រឿង​​ «ធនញ្ជ័យ» នេះ គឺ​​ដឹងតែខាតតែម្ដង​។

​​គ្រាន់តែ​ជាគម្រោង លោកអះអាងថា​​​​​​​ចំណាយ​អស់​​១២ម៉ឺន​ដុល្លារ​ទៅ​​ហើយ ដោយសារតែរឿងមួយនេះ​​ត្រូវ​​ទៅ​ថតនៅខេត្ត​​កំពង់ស្ពឺ និង​ខេត្ត​កំពង់​ធំ ដែល​​ចំណាយ​ច្រើនលើការស្នាក់​នៅ​ ​ពិសេស​​លើកការ​ជួល​ផ្ទះ​បុរាណ​​​​​​ធំៗ​
និងចំណាយ​លើការ​រៀប​ចំ​​ប្លង់​​​​ផង ដើម្បីអោយសម​ជារឿងបុរាណ។

​ក្នុងនោះក៏ចំណាយ​លើការ​​​​​គូស​ក្រាហ្វឹក​​ក្នុងកំព្យុទ័រ អោយចេញ​ជា​​​​សំពៅ​​​៥០០​របស់ចិន​ចូលមកកម្ពុជា និងត្រូវ​​រៀបចំ​ស្ទីឌីយោអោយសមជា​​​វាំង​​ចិន និង​​ចំណាយ​លើការ​​​​​ទិញ​​ និងផលិត​សម្ភារៈរាប់មិនអស់​​​​​អោយត្រូវ​នឹងទម្រង់​រឿង​​​ផងដែរ។

លោកថាមួយរឿងនេះមិនទាន់ច្បាស់​​ថា១២ម៉ឺន​ដុល្លារ​ដែលគ្រោងចំណាយ​​នឹងគ្រាន់​​នោះទេ ដោយសារតែភាពជាក់ស្ដែងគឺ​​អោយតែ​​លោក​ដាក់គម្រោងថាគួចំណាយ​អស់​ប៉ុណ្ណេះឬប៉ុណ្ណោះ តែដល់ពេលដំណើរការក៏លើក​​​ចំនួនកំណត់​។

លោក​​អះអាងថា​​ផលិត​មួយរឿងនេះ ​នឹង​ត្រូវ​ខាត​ដើម​​ដែល​​​​​​​​ទទួលបានពី​​ប៉ុស្ដិ៍​លេខ​​​៥​ច្រើនម៉ឺនដុល្លារ តែលោកបញ្ជាក់ថា​​បើ​មិនសុខចិត្ត​ខាតគឺ​​​ភាពយន្ត​ភាគ​​នៅលើកញ្ចក់ទូរទស្សន៍​ប៉ុស្ដិ៍លេខ​​៥ នឹងមាន​តែរឿងបែប​សម័យ​ដដែល​​​​​​​​ដែលលោកយល់​ថាខ្វះ​ភាពទាក់ទាញ​។

​លោក​​​​​​ថា​ការខាត​បង់​មួយរឿងនេះ ហោចណាស់​​ក៏​ជួយអោយ​​ស្នាដៃអក្សរសិល្ប៍មួយ​​​ត្រូវបាន​​លេចចេញជារូប​រាង​​​នៅលើកញ្ចក់ទូរទស្សន៍ ដើម្បី​អោយកូនខ្មែរ​​និងអ្នកសិក្សា​បានដឹង​កាន់តែច្បាស់នៅពេល​ភាពយន្តមួយនេះត្រូវ​​បានដាក់​​បញ្ចាំងនៅ​លើកញ្ចក់ទូរទស្សន៍​ប៉ុស្ដិ៍លេខ​​​៥នៅដើមឆ្នាំ​​​​២០១៨។

លោក ប៊ុន ស៊ា បន្តថា​ការ​ផលិតរឿងដែលមានលក្ខណៈជាទម្រង់​​​​ជាអក្សរសិល្ប៍បែបនេះ ​គឺគ្រាន់តែរត់ការសុំច្បាប់​ក៏​ត្រូវចំណាយខ្ពស់​ផងដែរ ជាពិសេស​មុនពេល​ដំឡើងឆ្អឹងរឿង គឺខាង​នាយកដ្ឋានភាពយន្ត​​​​តម្រូវអោយ​​សិក្សា​តាំងពីសំលៀកបំពាក់​តួអង្គ ​​​​​និង​​​​​បរិយាកាស​​​នៅក្នុងផ្ទៃរឿងឡើង ទើប​អនុញ្ញាតិអោយលោក​​​ចេញ​ផលិត​​​​​​ជារឿងភាគនេះ។

​លោកថាមួយរឿងនេះ​ទទួលបានបទពិសោធន៍ច្រើនណាស់​ ជាពិសេស​គឺរឿងរត់ច្បាប់ ​​​​ការចំណាយទៅការសិក្សា​ស្រាវជ្រាវ និង​ការ​​​​​រៀបចំឆ្អឹងរឿងជាដើម ​ដែល​លោក​អះអាងថា​គឺមួយប្លង់​ៗសុទ្ធតែមានការ​​​​​តាមដាន​ពីអ្នកជំនាញ ដែលផ្ទុយពី​ការផលិតរឿង​​ថ្មីនិពន្ធ​​ផ្ទាល់ដៃ គឺមិនមាន​ត្រូវ​​​​ចំណាយលើការ​​​​​​​​​សើរើឯកសារ ឬ​​​ត្រូវចំណាយ​លើ​​​​ការរត់​ច្បាប់​​តាំងពីលើ​​​ដល់ក្រោម​នោះឡើយ។

យ៉ាងណាមិញ លោកនៅតែអះអាងថា​ការ​ផលិតមួយរឿងនេះ នឹងទទួលបាន​​​​ជោគជ័យ​​​​​ដោយលោកយល់ថា​​​​យ៉ាងហោច​​ណាស់​ក៏ឈុតឆាកដែលបាន​​​ដាក់បញ្ចាំង​​នៅលើកញ្ចក់ទូរទស្សន៍​រួច​រាល់ ក៏នឹងត្រូវ​​​​គេ​យកទៅ​បង្ហោះនៅលើ​​​ YouTube ដើម្បីអោយ​​​កូនខ្មែរក្នុងស្រុក និងក្រៅស្រុក​​បានទស្សនា​​​​​​​ដើម្បី​​​​​ដឹងច្បាស់ពី​​ខ្លឹមសាររឿងនោះដែរ។

លោកថា​មួយរឿងនេះ​​​​​​គ្រាន់តែ​តួ​​សំខាន់ៗ​គឺ​​ជាង​​​៥០នាក់ ​ដោយ​តួនីមួយៗក៏តម្រូវអោយកាត់សក់​ និង​​តម្រូវអោយកុងត្រា​​​ក្នុងពេល​​​​​​​ដំណើរការ​ថត​នោះ​​ផងដែរ ដើម្បីកុំ​អោយការសម្រុក​​​​​​​ចេញ​ថតស្ថិតក្នុងការ​​​ពង្រឹងគុណភាពអោយឆាប់​ចប់ស្រាប់ តែតួ​ជាប់រវល់​ដែល​បង្កក​ដល់​​​ដំណើរ​​ត្រូវដាក់​​​ផ្សាយ​នៅ​ដើមឆ្នាំក្រោយ។

លោកថា​​រឿង​នេះ​លោកបានជ្រើស​យក​នាយព្រែក អោយសម្ដែង​តួឯក ​​​​និង​ជ្រើស​យកតារា​​ជាច្រើនទៀតរួមមាន​​ ​​លោក ទេព រិន្ទដារ៉ូ កញ្ញា ពៅ លីដា ​កញ្ញា មាស សម្ផស្ស និង​តួ​អង្គ​​ដែលមានទម្រង់មុខ​បែប​ខ្មែរបុរាណជាច្រើន​ទៀត​អោយ​សម្ដែង​រួមគ្នា ដោយ​ភាពយន្តនេះ​នឹងកំណត់យក​​៤០ភាគ​​ ហើយគ្រោង​​ចេញ​ថត​​​​៤ខែនៅ​​ខេត្ត​​កំពង់​ស្ពឺ ​​​​កំពង់ធំ និងខេត្ត​មួយចំនួនទៀត​​ដែល​​​​​​មាន​​ទិដ្ឋភាពដែល​​​បន្លំធ្វើ​សម័យ​កាលពី​​បុរាណ​​​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ