លិខិតមិត្តអ្នកអាន៖ ទិវាអន្ដរជាតិកាត់បន្ថយគ្រោះមហន្តរាយ

ដោយ VOD Admin​​ | ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦​ ម៉ោង 11:50 AM | លិខិតមិត្តអ្នកអាន | 0 | 1716 ទឹកជំនន់នៃតំបន់មួយក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ

ភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ គឺជាការរំលឹកពីការជន់លិចទឹក ដែលប៉ះពាល់មកលើសហគមន៍នៅក្នុងប្រទេសកម្ពុជា។ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតទៅនឹងគ្រោះមហន្តរាយធម្មជាតិ ដែលជាប់ចំណាត់ថ្នាក់ទី៩ នៅក្នុងសន្ទស្សន៍ហានិភ័យពិភពលោក នៃសាកលវិទ្យាល័យអង្គការសហប្រជាជាតិឆ្នាំ ២០១៦។

ការប្រែប្រួលអាកាសធាតុកើតមានឡើងកាន់តែញឹកញាប់ ដែលបង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុននៅទូទាំងប្រទេស។ ទឹកជំនន់ឆ្នាំ២០១១ និងឆ្នាំ ២០១៣ កន្លងទៅនេះបង្កឲ្យមនុស្ស៤១៨នាក់បានស្លាប់ និងខូចខាតទ្រព្យសម្បត្តិជិតមួយពាន់លានដុល្លារអាមេរិក។

ទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិ ស្តីពីការកាត់បន្ថយគ្រោះមហន្តរាយដែលប្រារព្ធឡើងនៅថ្ងៃទី១៣ ខែតុលា គឺជាការក្រើនរំលឹកដល់យើងទាំងអស់គ្នាពីការងារដែលត្រូវអនុវត្ត ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងមុខរបរចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជា។ ប្រធានបទសម្រាប់ឆ្នាំ២០១៦នេះ គឺ “ជីវិត និងការយល់ដឹង” ។ នៅទូទាំងសកលលោក ការបាត់បង់ជីវិតដោយសារតែគ្រោះមហន្តរាយបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការរីកចំរើនក្នុងការត្រួតពិនិត្យនិងព្យាករណ៍  ភ្ជាប់ទៅការកសាងផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្ន ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

ប្រព័ន្ធប្រកាសឲ្យដឹងមុន (EWS) គឺជាឧបករណ៍សង្គ្រោះជីវិតមួយសំខាន់បំផុតសម្រាប់ទឹកជំនន់ រាំងស្ងួត និងមុខសញ្ញាគ្រោះថ្នាក់ផ្សេងទៀត។ ទោះបីជាប្រទេសកម្ពុជាបានធ្វើឲ្យប្រសើរឡើងគួរឲ្យកត់សម្គាល់ លើការងារប្រព័ន្ធប្រកាសឲ្យដឹងមុននាប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើលើការងារនេះដែរ។

ប្រសិទ្ធភាពនៃការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាសឲ្យដឹងមុន បានបង្ហាញយ៉ាងច្បាស់ពីបទពិសោធរបស់អ្នកភូមិ សំរោង នៅខេត្តពោធិសាត់។ ភូមិនេះត្រូវបានរងប៉ះពាល់ដោយគ្រោះទឹកជំនន់ឆ្នាំ២០១៣ នៅពេលដែលប្រជាពលរដ្ឋជាងមួយលាននាក់បានរងផលប៉ះពាល់ក្នុងខេត្តចំនួន២០ទូទាំងប្រទេស។ គ្រួសារជាច្រើនមិនបានរៀបចំ និងត្រៀមបម្រុងមុនទឹកជំនន់មកដល់ ដែលធ្វើឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ សព្វថ្ងៃអ្នកភូមិនេះបានប្រើ ប្រព័ន្ធប្រកាសឲ្យដឹងមុនដែលជាការផ្តួចផ្តើមរួមគ្នាដោយរាជរដ្ឋាភិបាល និងក្រុមធ្វើសកម្មភាពរួមគ្នា លើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (Joint Action Group for DRR)។

ប្រព័ន្ធប្រកាសឲ្យដឹងមុននេះ គឺជាប្រព័ន្ធផ្តល់ព័ត៌មានតាមរយៈសារជាសំឡេងដំបូងគេបំផុតនៅប្រទេសកម្ពុជា។ ដោយការប្រើប្រាស់លេខ ១២៩៤ នៅលើបណ្តាញទូរស័ព្ទចល័ត ប្រព័ន្ធនេះនឹងហៅទៅអ្នកដែលបានចុះឈ្មោះ ហើយផ្តល់សារជាសំឡេងនូវពត៌មាន និងការណែនាំស្តីពីការប្រកាសឲ្យដឹងមុនពីទឹកជំនន់ក្នុងតំបន់របស់ខ្លួន។ មកដល់ចុងឆ្នាំ២០១៥ ប្រជាពលរដ្ឋប្រមាណ ៤២ ០០០នាក់នៅក្នុងខេត្តចំនួនបីបានចុះឈ្មោះក្នុងប្រព័ន្ធ ១២៩៤។ ឥឡូវនេះនៅពេលដែលមានទឹកជំនន់ដល់កម្រិតប្រកាសអាសន្ន អ្នកភូមិនឹងទទួលបានសារយ៉ាងច្បាស់មួយពីអាជ្ញាធរមូលដ្ឋានរបស់ខ្លួនអំពីព័ត៌មានកម្ពស់ទឹកកើនឡើងនៅក្នុងភូមិរបស់ពួកគេ ហើយពួកគាត់ចាប់ផ្តើមការរៀបចំសម្ភារៈ និងស្បៀងអាហារជាស្រេចមុនទឹកជំនន់មកដល់។

គ្រោះរាំងស្ងួតប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍នៅក្នុងប្រទេសកម្ពុជាដោយបង្កការខូចខាតដំណាំ និងបាត់បង់ប្រាក់ចំណូលចិញ្ចឹមជីវិត ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កសិករក្រីក្រនិងកសិករខ្នាតតូច។ ប្រព័ន្ធប្រកាសឲ្យដឹងមុន ក៏ត្រូវបានណែនាំសម្រាប់ការតាមដានគ្រោះរាំងស្ងួតផងដែរ។ ឧបករណ៍វាស់កម្រិតទឹកភ្លៀងបានតម្លើងនៅក្នុងខេត្តកំពង់ស្ពឺ ហើយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ បានទទួលការបណ្តុះបណ្តាលពីការតាមដាន និងកត់ត្រាទិន្នន័យ និងកំណត់វិធានការឆ្លើយតបសម្រាប់សហគមន៍របស់ពួកគាត់។

រាជរដ្ឋាភិបាលកំពុងអនុវត្តការងារមួយចំនួន ដែលជាចំនុចគន្លឹះក្នុងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ខ្លួនឆ្លើយតបនឹងក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥-២០៣០ និងអនុសញ្ញាក្របខ័ណ្ឌការងារសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងអាស៊ានស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបគ្រោះអាសន្ន (AADMER) ប្រទេសកម្ពុជា ក៏បានប្តេជ្ញាចិត្ត ពង្រឹងនិងធ្វើឲ្យមានការប្រសើរឡើងនូវសមត្ថភាពខាងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ នៅមានការងារច្រើនបន្ថែមទៀតដែលត្រូវយកចិត្តទុកដាក់ដើម្បីធានាឲ្យមានការអនុវត្តការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាសឲ្យដឹងមុននៅទូទាំងប្រទេស។

ក្រុមធ្វើសកម្មភាពរួមគ្នា លើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (JAG) បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការសង្គមស៊ីវិល លើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ ក្រុមធ្វើសកម្មភាពរួមគ្នា អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានអនុម័តនៅខែកក្កដា ឆ្នាំ២០១៥ និងកំណត់ពីតួនាទីនិងទំនួលខុសត្រូវច្បាស់លាស់ដល់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន។ ផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្ន ជាពិសេសនៅថ្នាក់ក្រោមជាតិ គឺវាមានសារៈសំខាន់ណាស់ដល់ការពង្រឹងសមត្ថភាពត្រៀមបម្រុង និងឆ្លើយតប រួមទាំងផែនការសកម្មភាពលំអិត។ ការវិភាជន៍ថវិកាបម្រុងគ្រប់គ្រាន់របស់រាជរដ្ឋាភិបាល សម្រាប់ត្រៀមសង្រ្គោះជីវិត គឺមានសារៈសំខាន់ណាស់។

ក្រុមធ្វើសកម្មភាពរួមគ្នា លើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក៏បានអំពាវនាវផងដែរដល់រាជរដ្ឋាភិបាលដើម្បីសមាហរណកម្ម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ជាតិនិងថ្នាក់មូលដ្ឋាន ពង្រឹងសមត្ថភាព បុគ្គលិក និងធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈទូទាំងប្រទេសពីការការពារ ការបាត់បង់ ជីវិតនៅពេលអនាគត។

ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ជាទិវាអន្តរជាតិស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ ប្រធានបទនៅឆ្នាំនេះគឺ “ជីវិត និងការយល់ដឹង” អង្គការ ភីពផលអ៊ីននីត (PIN) និងអង្គការ ជំនួយរបស់វិហារដាណឺម៉ាក (DCA) ដែលជាសហប្រធាននៃក្រុមធ្វើសកម្មភាពរួម  ដែលជាក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការនៅក្នុងប្រទេសកម្ពុជាលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

អត្ថបទដោយ៖ លោក Piotr Sasin, អង្គការ ភីពផលអ៊ីននីត (PIN) និង លោក Peter Bo Larsen, អង្គការជំនួយរបស់វិហារដាណឺម៉ាក (DCA)

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required