សមត្ថកិច្ចអន្ដោប្រវេសន៍នៃស្នងការនគរបាលខេត្ដសៀមរាបឲ្យដឹងថា មន្ដ្រីជំនាញបានឃាត់ខ្លួនជនជាតិចិនចំនួន១៩នាក់កាលពីថ្ងៃទី១១ខែតុលានេះ ខណៈពួកគេលេងល្បែស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត។
ស្នងការរងទទួលបន្ទុកផ្នែកជនអន្ដោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាបលោក ជា គឹមសាន ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា ការឃាត់ខ្លួននេះធ្វើឡើងនៅផ្ទះសំណាក់ផ្សេងគ្នា ក្នុងសង្កាត់ស្វាយដង្គុំ ក្រុងទេសចរណ៍អង្គរ។ លោកបន្ដថាជនបរទេសទាំងនោះចំនួន៧នាក់ក្នុងចំណោម១៩នាក់ មានលិខិតឆ្លងដែននិងទិដ្ឋាការត្រឹមត្រូវមកពីចិន ចំណែក១២នាក់ទៀតកំពុងសាកសួរ ប៉ុន្ដែលោកថាមិនដឹងថាការស្នាក់នៅកម្ពុជារយៈពេលប៉ុន្មានឆ្នាំនៅឡើយទេ ដោយគ្រាន់តែដឹងថា មកកម្ពុជាតាមជើងយន្ដហោះ។ លោកបញ្ជាក់ថា ការឃាត់ខ្លួននេះ ដោយសមត្ថកិច្ចរកឃើញថាជនជាតិចិនទាំងនោះលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត។ លោកបន្ដថា៖ “យើងទើបតែសួរបាន៧នាក់គាត់មានលិខិតឆ្លងដែននិងវីសាត្រឹមត្រូវ។ យើងមិនទាន់សួរអស់រកលិខិតឆ្លងដែនគាត់។ គាត់ថាលិខិតឆ្លងដែនគាត់ពន្យារនៅភ្នំពេញថ្ងៃនេះយើងឲ្យគាត់ផ្ញើលិខិតឆ្លងដែនមក។ ចិនដីគោកព្រោះគាត់នៅសាធារណៈប្រជាមានិតចិនជាប់ពាក់ព័ន្ធឲ្យមានល្បែងស៊ីសង“។
សមត្ថកិច្ចដដែលបញ្ជាក់ថា វត្ថុតាងដែលមន្ដ្រីជំនាញរកឃើញរួមមានកុំព្យួទ័រនៅលើតុចំនួន១២គ្រឿង កុំព្យួទ័រយួដៃរចំនួន៤គ្រឿង ទូរសព្ទដៃចំនួន១០គ្រឿង និងសម្ភារៈមួយចំនួនទៀត។
កាលពីខែសីហាឆ្នាំ២០១៦កន្លងមក អាជ្ញាធរអន្តោប្រវេសន៍កម្ពុជាបានឃាត់ខ្លួនជនជនជាតិចិនចំនួន១៦៧នាក់នៅការដ្ឋានសំណង់ក្រុមហ៊ុន CSCEC នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ក្នុងចំណោមនោះជនជាតិចិន៧៦នាក់បានស្នាក់នៅនិងធ្វើការដោយខុសច្បាប់ឬគ្មានលិខិតឆ្លងដែននោះឡើយ ខណៈជាច្រើននាក់ទៀតបានរត់គេចខ្លួន៕