អ្នករាយការណ៍ពិសេស UN ស្នើឲ្យអាជ្ញាធរកម្ពុជាបើកទូលាយសិទ្ធិសំដែងមតិនៅទីសាធារណៈ 

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦​ ម៉ោង 2:15 PM | Uncategorizedសិទ្ធិមនុស្ស | 0 | 8313 អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ បើកទូលាយសិទ្ធិសេរីភាពក្នុងការសម្ដែងមតិនៅទីសាធារណៈ ខណៈមានការវាយដំអ្នកការពារសិទ្ធិមនុស្ស។

នៅក្នុងជំនួបជាមួយអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស កាលពីរសៀលថ្ងៃអង្គារ ម្សិលមិញ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស UN បានសំដែងការសោកស្ដាយចំពោះហេតុការណ៍ផ្ទុះហិង្សា រវាងសន្ដិសុខខណ្ឌដូនពេញ និងក្រុមសកម្មជនដីធ្លី ក្នុងទិវាសិទ្ធិលំនៅឋានពិភពលោក ថ្ងៃទី១០ ខែតុលា កន្លងទៅថ្មីៗនេះ។ នេះដោយយោងតាមការចុះផ្សាយលើហ្វេសប៊ុក United Nations Human Rights in Cambodia។

លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ ត្រូវបានសន្តិសុខខណ្ឌដូនពេញវាយនឹងអាយកូមបណ្តាលឲ្យរបួសមុខមួយចំហៀង ពេលដែលសកម្មជនដីធ្លីនាំគ្នាដើរក្បួនពីជិតរដ្ឋសភាដល់ជិតវត្តឧណ្ណាឡោម ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។ ក្រៅពីនេះក៏មានពលរដ្ឋមួយចំនួនទៀតរងរបួសផងដែរ ។

យ៉ាងនេះក្ដី លោក ប៉ា សុជាតិវង្ស បានឆ្លើយបញ្ជាក់តាមសារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃពុធនេះថាខាងសាលាក្រុងពុំបានរឹតត្បិតសិទ្ធិសេរីភាពសំដែងមតិរបស់ពលរដ្ឋឡើយ ប៉ុន្តែលោកថាអាជ្ញាធរតម្រូវឲ្យពួកគេធ្វើតាមច្បាប់ ហើយអ្វីដែលបង្កឲ្យមានបាតុភាពមិនល្អ ឬការផ្ទុះអំពើហិង្សាកើតឡើង ដោយសារក្រុមសម្ដែងមតិអនុវត្តផ្ទុយនឹងច្បាប់ គឺអាជ្ញាធរត្រូវតម្រង់ទិសដើម្បីធានាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។

អ្នកឯកទេសនយោបាយ និងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល លើកឡើងថាបើពិនិត្យពីហេតុការណ៍ដែលបានកើតឡើង លោកថារដ្ឋាភិបាលហាក់អសមត្ថភាពក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីធានាដល់សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋដែលមានចែងនៅក្នុងច្បាប់ជាធរមាន។

លោកថា៖ «ភាពឆកល្វែងនៃការបំពេញមុខងាររបស់រដ្ឋដែលរដ្ឋមានតួនាទី៣គឺគោរពនិងការពារបំពេញសិទ្ធិ របស់ប្រជាពលរដ្ឋ អញ្ចឹងមានន័យថា រដ្ឋបានរំលោភទៅលើមុខងារ របស់ខ្លួនហើយ ការរំលោភមុខងារ របស់ខ្លួននេះ គឺមិនបានគោរពទៅនឹងលក្ខណការពារសិទ្ធិមនុស្សទេ។ ពីព្រោះមុខងារ របស់រដ្ឋគឺត្រូវបំពេញ និងការពារសិទ្ធិមនុស្ស អញ្ចឹងបើយើងមើលក្របខ័ណ្ឌនៃសិទ្ធិមនុស្សនេះ មានន័យថា រដ្ឋាភិបាល លោកបានបំពានទៅលើការប្រើប្រាស់សិទ្ធិ របស់ប្រជាពលរដ្ឋហើយ ដែលសិទ្ធិនេះទទួលការពាដោយច្បាប់»។

គួរបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ត្រូវបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១០ រហូតដល់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ អ្នកស្រីនឹងផ្តោតដំណើរបេសកកម្មនេះលើស្ថានភាពបច្ចុប្បន្ននៃសិទ្ធិមនុស្ស និងតាមដានការអនុវត្តអនុសាសន៍នានាដែលបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជា៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required