លិខិតមិត្តអ្នកអាន៖ នីតិរដ្ឋ ឬនីតិមាត់?

ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 3:43 PM | លិខិតមិត្តអ្នកអាន | 0 | 2081 រដ្ឋសភា (គឹម ហុង)

ឃ្លាថា “ដំណើរ​ការ​តាម​ផ្លូវ​ច្បាប់” មាន​ន័យ​ថា ក្នុងការ​អនុវត្តច្បាប់​ទៅលើ​បុគ្គល​ណាម្នាក់ រដ្ឋត្រូវ​គោរព​ដល់​សិទ្ធិ​របស់​មនុស្សម្នាក់ៗ ដូច​ជា​ការ​ឃាត់ខ្លួន ឬ​ចាប់​ខ្លួន ឬឃុំខ្លួន ឬ​ដំណើរ​ការ​ជំនុំជម្រះ​តាមផ្លូវ​តុលាការ​ រដ្ឋត្រូវ​គោរពដល់​គោលការណ៍ទូទៅនៃ​ច្បាប់​ព្រហ្មទណ្ឌ និង​នីតិវិធី​ព្រហ្មទណ្ឌផងដែរ។ ម្យ៉ាង​ទៀត​រាល់សេចក្តីសម្រេច​របស់​តុលាការ​នាពេល​កន្លងមក ឬ​ បច្ចុប្បន្ន​នឹ​ង​ក្លាយជា​យុត្តិសាស្រ្ត​សម្រាប់​សេចក្តី​សម្រេចនាពេលអនាគត​ ចំពោះសំណុំរឿង​ដូចគ្នា ឬ​ស្រដៀងគ្នា តែ​បើ​ការសម្រេច​នា​ពេល​មិនស្រប​នឹង​ដំណើរ​ការ​តាម​ផ្លូវ​ច្បាប់ វាអាច ​នឹ​ង​ធ្វើ​ឲ្យតុលាការជំនាន់ក្រោយ​វាយ​តម្លៃទាប ឬជា​គំរូ​អាក្រក់​ដល់​ក្មេង​ជំនាន់​ក្រោយ។

តាម​គោលការណ៍​ច្បាប់ ឬជា​រឿង​ព្រហ្មទណ្ឌ​ក្តី ឬ​រដ្ឋប្បវេណី​ក្តី អ្នក​មាន​សិទ្ធិប្តឹង ឬតាំងខ្លួន​ជា​គូ​ភាគី​បណ្តឹង​បាន ​គឺ​បុគ្គល ដែលមាន​ប្រយោជន៍​ក្នុង​រឿង​ក្តី ពោល​គឺ ជន​រងគ្រោះ ឬ ក្រុម​គ្រួសារ​ជនរងគ្រោះ (ក្នុងករណីជន​រងគ្រោះ​ស្លាប់) ឬ​បុគ្គលដែល​មាន​សម្បទា​តាម​ផ្លូវច្បាប់ ​ដែល​ទទួល​សិទ្ធិ​ពី​ជន​រង​គ្រោះ ឬ ​គ្រួសារជន​រងគ្រោះ។ ឧទាហរណ៍ ឈ្មោះ “ក” ជំពាក់​ប្រាក់ ឈ្មោះ “ខ” តែ​ឈ្មោះ “គ” ដែល​មិន​ពាក់ព័ន្ធ​នឹងរឿងក្តីនេះ ឬ​ មិ​ន​បាន​ទទួលសិទ្ធិ​ពីឈ្មោះ “ក” មិន​អាចប្តឹង​ជំនួស​គេ​បាន​ទេ។ លើកលែង​តែ​ក្នុង​បណ្តឹង​អាជ្ញា ​ដែល​ខាង​អយ្យការ​ត្រូវ​ដើរតួជាគូក្តីដើម។

ក្នុងចំណោមរឿង​ចម្លែកៗនានា​នៅស្រុកខ្មែរ មាន​រឿង​ចម្លែក​មួយ ឬពីរធំៗ ដែល​ធ្វើ​ឲ្យ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​ ហាក់ទទួល​រង​ការអាប់ឱន​ជា​ខ្លាំង។ ទាក់​ទិន​នឹង​រឿង ​ប្រាក់​ចំណាយ​បុណ្យសពបណ្ឌិត កែម ឡី ដែល​ទាំង​ភរិយាគាត់ ឬ សាច់ញាតិ​គាត់​មិនបាន​ផ្តល់​សិទ្ធិ​ឲ្យ​បុគ្គលម្នាក់ ដែលកាល​នៅរស់​លោក កែម ឡី មិន​ដែល​និយាយដល់​ផងនោះ ឲ្យប្តឹង​ចោទ​ប្រកាន់​សមាជិក​គណៈកម្មការ​បុណ្យសព​គាត់​ទេ។ អ្វីដែល​គួរ​ឲ្យ​ឆ្ងល់គឺ​ត្រង់ថា ជន​ម្នាក់នោះជា​ប្រពន្ធក៏មិន​មែន ជា​សាច់​ញាតិ​ក៏​មិន​មែន ជា​តំណាង​ស្រប​ច្បាប់ (មេធាវី) ឲ្យ​គ្រួសារ​ជន​រងគ្រោះ​ក៏មិន​មែន បែរ​ជា​តុលាការ​ព្រមទទួលយក​ទៅចាត់ការ​ស៊ើប​អង្កេត​ទៅវិញ [Sic] ឬ មួយ​សពលោក កែម ឡី មក​ពន្យល់​សប្តិគាត់​ ហើយ​ប្រគល់​សិទ្ធិឲ្យ​គាត់​ប្តឹងជំនួស​ទេដឹង!

ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ចុង​ក្រោយ​មួយ​ទៀត ​គឺ​គម្រោងចង់​រំលាយ​បក្សប្រឆាំង ដែល​មាន​ប្រធាន​បក្សអស់​កៅអី​ពីរបីបក្ស ​នាំ​គ្នា​ទៅដាក់​ពាក្យ​បណ្តឹង​នៅ​ក្រសួង​មហាផ្ទៃ​ ហើយ​មេធាវី​របស់​ក្រសួង​នេះ ​ក៏បានដង្ហែ​គ្នា​ទៅ​ប្តឹង​នៅ​តុលាការ​កំពូល ​ឲ្យរំលាយ​បក្សនេះ​ចោល ដោយ​សំអាងថា មេបក្សនេះ ​​បាន​ប្រព្រឹត្តិនូវ​អំពើក្បត់ជាតិ។ គោលការណ៍សំខាន់​បំផុត​មួយ ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ ដែល​គេ​មិន​ត្រូវ​បំភ្លេចចោលនោះគឺ គោលការណ៍ “សន្មតថា ​គ្មានទោស​រហូត​ទាល់​តែ​តុលាការ​សម្រេចពីពិរុទ្ធភាព” (“presumption of innocence”)។ នីតិវិទូ ​ដែល​បង្កើត​គោលការណ៍នេះ ​ឡើង​ដើម្បី​ការពារ​សិទ្ធិ​បុគ្គលជៀសផុត​ពី​ការ​ផ្តន្ទា​ទោស​ដោយ​បំពាន​ពី​សំណាក់​អ្នកដឹកនាំរដ្ឋ។ តាមរយៈគោលការណ៍​នេះ បើចង់រំលាយ​បក្សប្រឆាំង គេត្រូវ​ឲ្យតុលាការ​ផ្តន្ទាទោស​ដល់​មេបក្សជា​ផ្លូវ​ការ​សិន។

ទោះបី​សាលាដំបូងសម្រេច​ផ្តន្ទាទោស​ក៏​ដោយ ក៏​គោលការណ៍នេះ ​នៅតែ​ត្រូវ​យក​មក​អនុវត្ត​ដដែល ​នៅ​ក្នុង​ពេល​ប្តឹង​ឧទ្ធរណ៍ ហើយ​បើសាលា​ឧទ្ធរណ៍​​តម្កល់​តាម​ការ​សម្រេចរបស់​​តុលាការ​ថ្នាក់​ក្រោម ក៏ជន​ជាប់ចោទ​មាន​សិទ្ធិ​ប្តឹង​សាទុក្ខទៅ​តុលាការកំពូល​ដែរ។ លុះត្រា ​តែ​តុលាការកំពូល​សម្រេចចេញ​សាលដីកាស្ថាពរ ​ទើប​ជន​ជាប់ចោទ​មាន​ទោសជា​ផ្លូវ​ការ​ ដែល​គេអាច​យក​អំណាច​សាលដីកានេះ​ទៅ​អនុវត្តដើម្បី​រំលាយ​បក្សនេះ​បាន។

តាម​គោលការណ៍​ច្បាប់​ព្រហ្មទណ្ឌ ក្រៅពី​ស្ថាប័នតុលាការ ទោះបី​បុគ្គល​មាន​អំណាច​ចោទ​ប្រកាន់​ ភាគីម្ខាង​ទៀត​ថា មាន​ទោសកំហុស ក៏​ភាគី​នោះ ​មិន​ទាន់​មាន​ទោស​ជា​ផ្លូវ​ការ​ដែរ ព្រោះ​បុគ្គល​មាន​អំណា​ច​នោះ​ត្រឹម​តែ​ជា​គូភាគី​ក្នុង​រឿងក្តីនេះ​ប៉ុណ្ណោះ ពុំមែនជា​ចៅក្រម​អារកាត់​សម្រេច​សេចក្តីទេ!

បទពិសោធន៍​នៅ​សាលា​ក្តី​ខ្មែរក្រហម ​ដែល​យើង​បាន​ដឹង​ទាំងអស់​គ្នាគឺ​ថា ទោះបី តុលាការ​បានឃុំខ្លួន​ជនជាប់​ចោទ អៀង សារី និង អៀង ធីរិទ្ធ ក៏ដោយ តែ​ដោយសារ​ពួកគាត់​បាន​ស្លាប់​មុនមានសាលក្រមពី​សាលាដំបូង និងសាល​ដីកា​ស្ថាពរ​ពីតុលាការកំពូលនៃសាលា​ក្តី​នេះ ពួកគាត់​នៅតែគ្មាន​ទោស​ដដែល។

ផ្ទុយ​ទៅវិញ ទោះបីជា​មានគោលការណ៍ចែង​ច្បាស់យ៉ាងនេះ នៅក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ក្តី សញ្ញាណ​ចុង​ក្រោយ​នេះ ​បង្ហាញ​ថា បក្ស​ប្រឆាំង​ដ៏មាន​ឥទ្ធិពល​នឹង​ត្រូវ​គេ​រំលាយ​ចោល​ដោយ​ជៀ​ស​មិនរួចដែរ។ ហើយ​កន្លងមក​ គេបានបង្ហាញ​សេណារីយ៉ូ​បី៖ ឬមួយបក្សកាន់​អំណាច​យក​អាសនៈ ​ទាំង​អស់របស់​បក្សប្រឆាំង ឬមួយ​យកទៅបែង​ចែក​គ្នាទាំង​បក្សកាន់​អំណាចនិង​បក្សតូចៗ ឬមួយ​បែង​ចែក​ឲ្យ​បក្សតូចៗសុទ្ធ។ ទោះជា​សេណារីយ៉ូមួយណាក៏ដោយ ការ​យក​សម្លេង​ឆ្នោត​ជាង២លាន (៥៥អាសនៈ) និង ៣លាន(៥០០០អាសសនៈ​ឃុំសង្កាត់) ដែល​រាស្រ្ត​ផ្តល់ឲ្យ ទៅ​បែងចែកឲ្យ​បក្សដែល​រាស្រ្តមិន​បោះឆ្នោតឲ្យ គឺហាក់ ស្មើនឹង​និយមន័យ​នៃ​​បទល្មើស “លួច” (អំពើដក​ហូត​ដោយទុច្ចរិតនូវទ្រព្យសម្បត្តិ​ ឬ​វត្ថុ​ផ្សេង​ទៀត​របស់​អ្នកដទៃ តាម​គ្រប់​មធ្យោបាយ​ក្នុង​គោល​បំណង​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់ខ្លួន) ចំណែក​បុគ្គល ដែល​ទទួល​ផល​ប្រយោជន៍​ពីអំពើ​នោះគឺ​ (ហាក់ដូចជា) “ទទួល​ផល​ចោរកម្ម” (អំពើ​ទទួល លាក់​បំបាំង រក្សាទុក ឬបញ្ជូន​វត្ថុអ្វីមួយ ដោយ​ដឹង​ថា​វត្ថុនោះ ​បាន​ម​ក​ពី​បទឧក្រិដ្ឋ ឬបទមជ្ឈិម)។ សូមបួងសួង​ដល់​ទេវតា សូមផ្តល់យុត្តិធម៌ដល់​ជន​ស្លូតត្រង់​ផង!!!

ដោយ លោក ណុល ដារ៉ា, អ្នកសង្កេតការណ៍សង្គម

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required