ថៃទទួលបានភ្ញៀវទេសចរប្រមាណ​៣៣,៥លាននាក់​នៅឆ្នាំ​នេះ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 4:18 PM | អន្តរជាតិ | 0 | 1683

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនភ្ញៀវទេសចរដែលរំពឹងទទួលបាននៅឆ្នាំ២០១៧​គឺចន្លោះពី៣៣ទៅ៣៤លាននាក់។

ចំនួននេះមានការថយចុះបើប្រៀបធៀប ការរំពឹងទុកកាលពីដើមឆ្នាំ២០១៧ គឺថៃប៉ាន់ប្រមាណថា ភ្ញៀវទេសចរណ៍មានចំនួ​ន​ដល់​៣៥លាននាក់។​ នេះបើតាមសារព័ត៌មាន​ Strait Times។​

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃលោកស្រី  Kobkarn Wattanavrangkul ថ្លែងថា គិតត្រឹមខែតុលានេះ ទទួលបានភ្ញៀវទេសចរចំនួន​២៧លាននាក់ ហើយលោកស្រីថា បើគិតដល់ដាច់ឆ្នាំចំនួននេះកើនឡើងដល់​៣៣ទៅ៣៤លាននាក់។​

កាលពីឆ្នាំ២០១៦ ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេស៣២,៦លាននាក់។ ក្នុងចំណោមភ្ញៀវនេះ គឺជនជាតិចិន​មានចំនួនច្រើនជាងគេ​។​

វិស័យទេសចរណ៍បានជួយយ៉ាងច្រើនដល់សេដ្ឋកិច្ចរបស់ជាតិថៃ គឺមានប្រមាណ​១២% នៃទំហំសេដ្ឋកិច្ចជាតិ​។​

មួយរយៈចុងក្រោយនេះថៃជួបបញ្ហានយោបាយ  មានការធ្វើរដ្ឋប្រហារ គ្រោះធម្មជាតិបន្តបន្ទាប់ រួមទាំងទឹកជំនន់ស្ទើរពេញផ្ទៃប្រទេសកាលពីឆ្នាំ២០១១​ ប៉ុន្តែហេតុការណ៍ទាំងនេះ ហាក់មិនធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅក្នុងប្រទេសថៃទេ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required