ពលរដ្ឋរង​គ្រោះ​ពីទំនប់វារីអគ្គិសនីក្នុងខេត្តស្ទឹងត្រែង ស្នើរដ្ឋាភិបាលបញ្ឈប់ការគំរាមកំហែង

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 5:06 PM | សិទ្ធិមនុស្ស | 0 | 2527 ទំនប់វារីអគ្គិសនី សេសានក្រោម២ (មាតាធម្មជាតិ)

ជន​ជាតិ​ដើ​មភាគតិច​ដែលអះអាង​ថា រងផលប៉ះពាល់ពីការសង់ទំនប់វារីអគ្គិសនី សេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ជំរុញទៅរដ្ឋាភិបាលជាថ្មីទៀត ឲ្យផ្តល់សេវាសាធារណៈជូនពួកគេវិញ និងបញ្ឈប់ការបណ្តេញចេញទាំងបង្ខំ ខណៈពួកគេថា អាជ្ញាធរមូលដ្ឋាន គំរាមកំហែងនិងព្រមានបិទទំបន់ទឹក ដើម្បីពន្លិចភូមិនៅពេលខាងមុខ។

ជនជាតិដើមភាគតិចពូនងប្រមាណ ៣០នាក់ មក​​ឃុំ​ក្បាល​រមាស និង​ឃុំស្រែ​គរ ក្នុងស្រុក​សេសាន​ ខេត្ត​ស្ទឹង​ត្រែង នៅថ្ងៃទី១២ខែតុលាឆ្នាំ២០១៧នេះ បានប្រមូលផ្តុំគ្នា ដាក់ញត្តិនៅក្រសួងមហាផ្ទៃ និងក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីសុំកិច្ចអន្តរាគមន៍ ឲ្យរដ្ឋាភិបាលដំណើរការឡើងវិញនូវសេវាសាធារណៈ និងបញ្ឈប់ការយកកំលាំងប្រដាប់អាវុធមកគំរាមកំហែងលើអ្នកភូមិ។

ជនជាតិដើមភាគតិចពូនង អ្នកស្រី សារ៉ុន សុខុម ប្រាប់អ្នកសាព័ត៌មាន ក្រោយដាក់ញត្តិថា ក្រោមគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី សេសាន​ក្រោម​២ អាជ្ញាធរបានផ្តាច់សេវាធារណៈផ្សេងៗ នៅក្នុងឃុំក្បាលរមាស និងឃុំស្រែគរទាំងស្រុងតាំងពីឆ្នាំ២០១៥ និងបានប្រើប្រាស់កំលាំងប្រដាប់អាវុធ ទៅគំរាមកំហែងពលរដ្ឋឲ្យចាកចេញពីភូមិចាស់ ដែលអ្នកស្រីយល់ថា សកម្មភាពទាំងនេះ គឺជាការរើសអើង និងរំលោភបំពានសិទ្ធិជនជាតិដើមភាគតិច។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំសំណូមពរពីគាត់ សុំរស់នៅកន្លែងដើម ដោយមិនចាកចេញពីភូមិកំណើត ហើយទី២ គឺសុំកុំឲ្យគាត់បង្ខិតបង្ខំ ឬគំរាមកំហែងមកលើពួកខ្ញុំ ហើយទី៣ សុំគាត់ចុះបញ្ជីដីជាសមូហភាពឲ្យពួកខ្ញុំ ហើយទី៤ សុំឲ្យគាត់ផ្តល់សេវាសាធារណៈឡើងវិញ និងទី៥ បញ្ឈប់ការចោទប្រកាន់ និងកោះហៅពួកខ្ញុំទៅតុលាការ និងស្នងការ»

យុវតីម្នាក់ទៀត កញ្ញា លាត ស្រីនាង និយាយថា គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២នេះ កំពុងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់អ្នកភូមិ ប្រពៃណីទំនៀមទំលាប់ និងបង្ករឲ្យកូនៗជនជាតិដើមភាគតិចនៅទីនោះ បាត់បង់ការសិក្សា។

កញ្ញាបន្តថា រូបនាង និងកូនៗរបស់ជនជាតិដើមភាគតិចមួយចំនួនទៀត បាត់បង់ការសិក្សាចាប់តាំងពីអាជ្ញាធរបិទសាលារៀននៅទីនោះ កាលឆ្នាំ២០១៥។

កញ្ញាបន្ថែមថា៖ «ពេលគេផ្អាកសាលារៀន ខ្ញុំអត់បានរៀនផង គេបិទពីរឆ្នាំហើយ ចាប់តាំងពី២០១៥មក គេប្រាប់ថាតំបន់ហ្នឹង ជាតំបន់ទឹកលិច ព្រោះអី មានទំនប់វារីអគ្គិសនី ប៉ុន្តែតាមពិតទៅ អត់មានទឹកលិចផង អញ្ចឹងសហគមន៍ពួកខ្ញុំត្រូវឡើងមកទាមទារឲ្យបើកសាលារៀន មន្ទីពេទ្យ សេវាសាធារណៈឡើងវិញ និងដកចេញនូវកងកំលាំងប្រដាប់អាវុធដែលឈរចាប់ឃ្លាំមើល ពលរដ្ឋនៅទីនោះ»

មន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោក ទេស ឫទ្ធី មានប្រសាសន៍ថា ក្រសួងមិនមានសមត្ថកិច្ចដោះស្រាយបញ្ហានេះ ដោយផ្ទាល់ទេ តែយ៉ាងណា លោកថា ក្រសួងនឹងបញ្ជូនញត្តិនោះ ទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយបន្ត។

លោកបន្ថែមថា៖ «ខ្ញុំកំពុងពិនិត្យមើលសមត្ថកិច្ចគេ អត់ទាន់ថា ខាងក្រសួងខ្ញុំដោះស្រាយ ឬក៏ខាងណាអ្នកដោះស្រាយ មិនទាន់ទេ ចាំមើលខ្ញុំពិនិត្យមើល សមត្ថកិច្ចហ្នឹង ជារបស់ខាងណា យើងនឹងបញ្ជូនពាក្យបណ្តឹងហ្នឹង ទៅឲ្យខាងគេហ្នឹងដោះឲ្យចំបញ្ហាហ្នឹង បានវាងាយស្រួល»

ក្រុមពលរដ្ឋ ឲ្យដឹងទៀតថា កន្លងមក ពួកគេធ្លាប់ដាក់ញត្តិតាមស្ថាប័នរដ្ឋមួយចំនួន ដូចជា ក្រសួងមហាផ្ទៃ ខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងក្រសួងពាក់ព័ន្ធផ្សេងៗ ឲ្យជួយដោះស្រាយ ប៉ុន្តែរហូតពេលនេះ មិនមានដំណោះស្រាយនោះទេ ហើយថា អាជ្ញាធរខេត្ត បានគំរាមបិទទំនប់ទឹក ដើម្បីពន្លិចភូមិនៅថ្ងៃទី១៥ខែតុលា ខាងមុខ ទើបពួកគេឡើងមករកកិច្ចអន្តរគមន៍ ពីរដ្ឋាភិបាលជាថ្មីទៀត។ ពួកគេបន្តថា ប្រសិនបើនៅតែមិនមានដំណោះស្រាយ ពួកគេនឹងឡើងតវ៉ាដល់រាជធានីភ្នំពេញម្តងទៀត។

បើតាមពលរដ្ឋ គម្រោងទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ​នេះ​ បានធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ភូមិចំនួន​៦ភូមិ នៃ​ឃុំ​ចំនួន​ពីរ ​ក្នុង​ស្រុក​​សេសាន​ ខេត្ត​ស្ទឹងត្រែង ដែល​មាន​ពល​រដ្ឋ​រស់​នៅ​ចំនួន ៨៤៦គ្រួសារ​ កំពុង​រស់​នៅ ​តែ​រហូត​មក​ដល់​ពេល​នេះ ​អ្នក​​​ដែល​រងផល​ប៉ះពាល់ បាន​សម្រេចទទួលយកសំណង​​ប្រមាណ ៨៧ភាគរយ​ ខណៈ​ជិត ១០០​គ្រួសារកំពុង​រង់​ចាំដំដោះ​ស្រាយ។

ក្រសួង​រ៉ែ និង​ថាម​ពល​​ ធ្លាប់​ឲ្យ​ដឹង​ថា ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ នេះ ​ជា​គម្រោង​របស់​រដ្ឋាភិ​បាល​ ដែល​បាន​ផ្តល់​សិទ្ធិ​ទៅឲ្យក្រុម​ហ៊ុនឯក​ជន​មួយ​ ដែល​មានភាគ​ហ៊ុនពី​ចិន ៥១ភាគរយ កម្ពុជា​៣៩ភាគរយ និង​វៀត​​ណាម​ ១០ភាគរយ និង បានសម្ភោធដាក់ឲ្យប្រើប្រាសកាលពីថ្ងៃកាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៧ ហើយគម្រោងនេះ បាន​​​ចំណាយទឹកប្រាក់​ជិត ​៨០០លាន​ដុល្លារអាមេរិក ដោយរំពឹងថា បាន​ថាម​ពល​អគ្គិសនី ​​៤០០មេហ្គាវ៉ាត់៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required