លោក ត្រាំ ស្នើ​ខ្លួន​ធ្វើ​ជា​អាជ្ញា​កណ្ដាល​សម្រាប់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 3:10 PM | នយោបាយអន្តរជាតិ | 0 | 5235

មេដឹកនាំ​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា លោក​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​រួច​ហើយ​សម្រាប់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ជាពិសេស​រវាង​ចិន និង​វៀតណាម។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ចុះ​ផ្សាយ​បែប​នេះ​ដោយ​បាន​ដក​ស្រង់​សម្ដី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​ថ្លែង​ប្រាប់​ប្រធានាធិបតី​វៀតណាម លោក ត្រាន់ ដាយគ័ង នៅ​ក្នុង​ជំនួប​មួយ​នៅ​ទីក្រុង​ហាណូយ។

លោក ត្រាំ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​និយាយ​ថា​ លោក​អាច​ជួយ​សម្រប​សម្រួល ឬ​ជា​អាជ្ញា​កណ្ដាល ដោយ​គ្រាន់​តែ​ប្រាប់​លោក​ឲ្យ​ដឹង​តែ​ប៉ុណ្ណោះ។

មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​ទទួល​ស្គាល់​ថា ជំហរ​ចិន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​បញ្ហា​មួយ ប៉ុន្តែ លោក​អះ​អាង​ថា លោក​គឺ​ជា​អ្នក​សម្រប​សម្រួល ឬ​ជា​អាជ្ញា​កណ្ដាល​ដ៏​ល្អ​ម្នាក់។

ខណៈ​ដែល​ជជែក​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នោះ មេដឹកនាំ​អាមេរិក​រូប​នេះ​ក៏​បាន​និយាយ​ផង​ដែរ​ថា ចិន​កំពុង​តែ​ជួយ​អាមេរិក​ក្នុង​ការ​ដោះ​ស្រាយ​ភាព​តាន​តឹង​ជុំ​វិញ​បញ្ហា​កូរ៉េ​ខាង​ជើង ហើយ​លោក​សង្ឃឹម​ថា រុស្ស៊ី​ក៏​នឹង​ធ្វើ​ដូច​ចិន​ផង​ដែរ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required