អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា សំណើ​អ្នក​រាយការណ៍​ពិសេស UN មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត

អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច បាន​លើក​ឡើង​ថា សំណើ​របស់​អ្នក​រាយការណ៍​ពិសេស​អង្កការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​វិល​ត្រឡប់​ទៅ​រក​ផ្លូវ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​វិញ​នោះ គឺមិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ឡើយ។ ប៉ុន្ដែ អ្នកឃ្លាំមើលយល់ថា រដ្ឋាភិបាលគួរបន្ទន់ឥរិយាបថ ដើម្បីកុំឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅ ខណៈមានទណ្ឌកម្មពីអន្ដរជាតិផងនោះ។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សនៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​ ឲ្យ​ងាក​ទៅ​រក​ផ្លូវ​ប្រជាធិបតេយ្យ​ សេរី​ពហុ​បក្ស និង​ធានា​ដល់​សេរីភាព​របស់​ក្រុមអង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

អ្នកស្រី រ៉ូណា ស្មីត បាន​អំពាវ​នាវ​បែប​នេះ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ចេញ​នៅ​ទីក្រុង​ហ្សឺណែវ នៅ​ថ្ងៃ​ទី១០ ខែ​ធ្នូ ចំ​ពេល​ដែល​ពិភព​លោកកំពុង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

អ្នកស្រី រ៉ូណា ស្មីត បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​​ថា អ្នកស្រី​ព្រួយ​បារម្ភ​ក្រៃ​លែង​​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ហាម​ឃាត់​សមាជិកគណ​បក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយរយៈពេល ៥​ឆ្នាំ និងការ​បែង​ចែក​អាសនៈ​សភា​របស់​បក្ស​នេះ ទៅ​ឲ្យ​គណបក្ស​ផ្សេង​ ដែល​​ប្រជាជនមិនបាន​បោះ​ឆ្នោត​ឲ្យ។

អ្នកស្រី រ៉ូណា ស្មីត ចាត់​ទុក​វិធានការ​បែប​នេះ​​ថា ជា​ការ​បដិសេធ​មិន​ទទួល​ស្គាល់​សិទ្ធិ​របស់​ប្រជាជន​មួយ​ភាគ​ធំ ក្នុង​ការ​ចូល​រួម​កិច្ច​ការ​សាធារណៈ តាម​រយៈ​តំណាង​​ដែល​ពួកគេ​បាន​ជ្រើស​រើស​ដោយ​សេរី​​នា​ពេល​កន្លង​មក​។

អ្នក​ស្រី​បាន​អំពាវ​នាវ​ទៅ​​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ដារ​ឡើង​វិញ​នូវ​លំហ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប ដើម្បី​ឲ្យ​ពួកគេ​អាច​អនុវត្ត​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត ដោយ​គ្មាន​​ការ​ភ័យ​ខ្លាច និង​ការ​គំរាម​កំហែង។

អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា មានប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា ក្ដីបារម្ភរបស់អ្នកស្រី រ៉ូណា ស្មីត គឺមិនបាន​ឆ្លុះ​បញ្ចាំង​ពី​ការពិតទាំងស្រុងនៅក្នុងសង្គមកម្ពុជាទេ និងថា ចំណាត់ការរបស់រដ្ឋាភិបាល ទៅលើក្រុមអង្គការសង្គមស៊ីវិល និងអតីតគណបក្សប្រឆាំងនោះ គឺជាការអនុវត្តច្បាប់ និងដើម្បីរក្សាសន្ដិភាពនៅកម្ពុជា។

លោកថា៖ «លោកស្រី រ៉ូណា ស្មីត គាត់លើកឡើងតាមរយៈការធ្វើទស្សនកិច្ច ម្ដងកាលៗហ្នឹង អញ្ចឹងម៉េចគាត់យល់ការងារនៅកម្ពុជា ទី២ អ្វីដែលគាត់និយាយឡើងឡើង មិនដឹងកម្ពុជាវិលត្រឡប់ទៅវិញស្អី បើកម្ពុជាអត់មានបញ្ហាស្អីផង»។

មន្ដ្រីជាន់ខ្ពស់ នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន​ សាវង្ស មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា គួរពិចារណាចំពោះក្ដីកង្វល់ទាំងឡាយរបស់អង្គការជាតិ និងអន្ដរជាតិ ដើម្បីកុំឲ្យស្ថានភាពបច្ចុប្បន្ន កាន់តែអាក្រក់ជាងនេះ។ លោកថា ប្រទេសលោកសេរីទាំងនោះ នឹងមិនទទួលស្គាល់លទ្ធបោះឆ្នោតឡើយ ប្រសិនបើស្ថានការណ៍នយោបាយ មិនថមថយកម្ដៅនោះ។

លោកថា៖ «ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលគួរតែពិចារណាឡើងវិញ ហើយគួរតែមើលអំពីប្រតិកម្ម ពីសហគមន៍អន្ដរជាតិ ក៏ដូចជាស្ថានភាពក្នុងស្រុកផងដែរ»។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ប្រហែល ៣​លាន​នាក់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​កន្លង​មក​នេះ។

ខណៈ​ដែល​មេ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារនោះ អាសនៈ​សភា​ចំនួន ៥៥​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ គ.ជ.ប. សម្រេច​បែង​ចែក​ទៅ​គណបក្ស​ផ្សេង​ទៀត ដែល​មិន​ត្រូវ​បាន​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ។

វិធានការ​ទាំង​នេះ​ទៅ​លើ​បក្ស​ប្រឆាំង ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោល​ទោស ដោយ​ចាត់​ទុក​ថា កម្ពុជា​បាន​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ