​លោក សម រង្ស៊ី បារម្ភ​ពី​ការ​សងសឹក​បើ​មាន​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​អាមេរិក​​

លោក សម រង្ស៊ី កាលពីពេលកន្លង

​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី អំពាវនាវ​ដល់​អ្នកគាំទ្រទាំង​ក្នុងនិង​ក្រៅប្រទេសឲ្យ​រក្សា​ភាពស្ងប់ស្ងាត់ ដោយ​លោក​បារម្ភ​ថា ដៃ​គូប្រកួត អាច​នឹង​យក​សកម្មជន​នៅក្នុង​ប្រទេស ធ្វើជា​ចំណាប់ខ្មាំងបើ​មាន​កា​តវ៉ា​ណាមួយ ប្រឆាំង​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​សហរដ្ឋអាមេរិក​នោះ​។​

​ការព្រួយបារម្ភ​របស់​លោក សម រង្ស៊ី​ នេះធ្វើឡើង​បន្ទាប់ពី​សមាគម​ខ្មែរនៅ​អាមេរិក ប្រកាសថា ពួកគេ​នឹង​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ពេល​លោក​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ានអាមេរិក នៅ​ថ្ងៃ​ទី​១៥ ​ខែ​កុម្ភៈ​នេះ​។​

​ព័ត៌មាន​នៃ​ការប្រមូលផ្តុំ​គ្នាធ្វើ​បាតុកម្ម​នៅ​អាមេរិក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​កំពុង​គ្រប់គ្រង​អំណាច​ផង​នោះ បាន​ព្រមាន​តប​វិញតាម​បណ្តាញ​សង្គមរបស់​លោក​ថា ពួកគេ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​លោក​នៅ​ក្រៅប្រទេស លោក​ថា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ប្រឆាំងមេដឹកនាំ​គណបក្សប្រឆាំង​នៅក្នុង​ប្រទេស​ដូច​គ្នា​ដែរ​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នក​គាំទ្រ​នៅ​ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​១៣​ខែ​កុម្ភៈ​នេះ លោក សម រង្ស៊ី ថ្លែង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបពី​ក្រៅ​ប្រទេស​មក​ថា ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង  មាន​គម្រោង​ធ្វើ​បាតុកម្មប្រឆាំង​លោក​នាយករដ្ឋមន្ដ្រី ដែល​ចូលរួម​កិច្ចប្រជុំ​នៅ​អាមេរិក​នៅ​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ លោក​ថា គម្រោង​ធ្វើ​បាតុកម្ម​នោះ ជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ របស់​ពួកគេ តែ​លោក​ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គោលការណ៍​របស់គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។​

​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​រូបនោះ ដាក់​ការព្រួយបារម្ភ​ថា បក្ស​កាន់​អំណាចអាច​នឹង​ចោទប្រកាន់មេដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិណា​ម្នាក់​នៅក្នុង​ប្រទេសធ្វើជា​ចំណាប់ខ្មាំង ករណី​បាតុកម្ម​នៅ​ក្រៅ​ប្រទេស​នេះ​ដែល​លោក​ថា​ អាច​ធ្វើឲ្យប៉ះពាល់​ដល់ដំណើរកា​រ​បោះឆ្នោត​នៅពេល​ខាងមុខ​។​

លោកបន្ដថា៖អ្វីដែលសំខានគឺការបោះឆ្នោតចឹងហើយបានជាយើងអំពាវនាវថាកុំធ្វើអីដែលអាចផ្ដល់លេសទៅខាងគេអោយគេមកធ្វើបាបគ្នាយើងនៅប្រទេសកម្ពុជាខាងគេគឺចាប់ថ្នាក់ដឹកនាំនៅប្រទេសកម្ពុជាជាចំណាប់ខ្មាំងហើយគំរាមកំហែង បើអ្នកណាធ្វើអីនៅ​សហ​រដ្ឋអា​មេរិកមកធ្វើបា បពួកយើងនៅ ប្រទេសកម្ពុជា អយុត្ដិធម៌ណាស់ពីព្រោះនេះជាទង្វើពួកជន​ផ្ដាច់ការមនុស្សសា ហាវដែលធ្វើកា រគំារាមកំហែ ងមិនចេះវែកញែក

​កាលពី​ចុងឆ្នាំ​២០១៥ ​ខ្មែរ​នៅ​ក្រៅប្រទេសធ្លាប់​ធ្វើ​បាតុកម្មដោយ​សន្តិវិធី​ប្រឆាំងនឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ពេល​លោក​ទៅ​ចូលរួ​មកិច្ចប្រជុំ​នៅ​អាមេរិក និង​ប្រទេស​បារាំង​។​

​ប៉ុន្តែ​ក្រោយពី​មាន​ការព្រមាន​ពី​លោកនាយក​រដ្ឋមន្ត្រី​ថា និង​មាន​បាតុកម្ម​សងសឹក​វិញ​នៅ​កម្ពុជា មួយ​ថ្ងៃ​បន្ទាប់​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​តវ៉ា​មុខ​រដ្ឋសភា រហូត​មាន​ផ្ទុះ​ហិង្សាវាយដុំតំណាងរាស្ត្រ​បក្សប្រឆាំង​ពីរ​នាក់​ឲ្យ​រងរបួស​ធ្ងន់ និង​ឈាន​ទៅ​ដក​តំណែង​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ទៀត​ផង​។​

​បន្ទាប់​មក​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី ក៏​ត្រូវ​តុលាការ​ចេញ​ដីកា​ឲ្យ​តាម​ចាប់ខ្លួនទាក់ទិន​នឹង​បណ្តឹចា​ស់របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង។​

​ចំណែកឯ​ប្រធានរដ្ឋសភា លោក ហេង សំរិន វិញ​ក៏​ប្រកាសថា លោក សម រង្ស៊ី អស់​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ផងដែ​រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ