លោក ហ៊ុន សែន គំរាមឲ្យត្រៀមក្តារមឈូសសម្រាប់អ្នកធ្វើបដិវត្តពណ៌

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗថា លោកនឹងតៀមក្តារមឈូសសម្រាប់​មនុស្សទាំង​ឡា​យ​ណាដែល​ថាចង់ធ្វើ​ប​ដិវត្តពណ៌ ​ផ្តួ​​លរំលំ​រដ្ឋាភិ​បា​ល។

ក្នុងពិធីសម្ពោធស្ពាននៅស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី១៣ កុម្ភៈនេះ លោក ហ៊ុន សែន បានរំឭកព​លរដ្ឋដែ​ល​បាន​ចូលរួមថា សង្គ្រាមហែកហួគ្នាកន្លងទៅ លោកថាដោយសាតែ​ពលរដ្ឋមិ​នបានបែងចែងឲ្យច្បាស់ថា អ្វីជា​សមិ​ទ្ធផ​លពិត ដែលបានពីលោកដឹកនាំ និងអ្វីជាការសន្យាខ្យល់របស់អ្នកនយោបាយមិនកាន់អំណាច។

លោក ហ៊ុន​ សែន ទំនងជាចង់និយាយដល់អ្នកនយោបាយដែលមិនទាន់កាន់អំណាច​ ថាច្រើនតែស​ន្យាជួ​យព​ល​រ​ដ្ឋលើសពីបក្សកាន់អំណាច ដោយលោកប្រៀបធៀបថាស្រមោល​តែងតែ​ធំជា​ងរូប​ពិ​ត។

លោក ហ៊ុន សែន បញ្ជាក់ថាការដែលពលរដ្ឋមិនស្គាល់ថា អ្វីជារូបពិតនិងអ្វីជាស្រមោលនោះហើយ ទើបជំរុញឲ្យប្រទេសជាតិវិលទៅរកភាពចលាចលដូចពីអតីតកាល។

លោកថា៖ «អារឿងដែលយើងក្តាប់របស់ពិតមិនជាប់ហ្នឹងហើយ ដែលវាអន្តរាយធ្វើឲ្យយើងបាត់បង់ពេលវេលា និងស្លា​ប់មនុស្សច្រើនណាស់ៗ។ សុខៗនាំគ្នាទៅផ្តួលរំលំសម្តេចព្រះនរោត្តម សីហនុ បង្កើតឡើ​ងនូវ​សង្គ្រាមពេញប្រទេស បង្កើត​របបប្រល័យពូជសាសន៍តកូនតជំនាន់មនុស្ស ទើបដោះស្រា​យមានសន្តិភា​ពដូចសព្វថ្ងៃក្តា​ប់ឲ្យជាប់រឿ​​ងសន្តិភាពនេះ»។

លោក ហ៊ុន សែន ព្រមានទាំងមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលនឹងចាត់វិធានការ ដោយមិនយោគយល់ទៅលើ​ជនទាំ​ង​ឡាយណា ដែលលោកថាជាអ្នកសន្យាខ្យល់ ធ្វើឲ្យមានអស្ថេរភាពនយោបាយនោះ។

លោកថា៖ «អញ្ចឹងទេ អ្នកសន្យាខ្យល់គឺអ្នកហ្នឹងឯង។ ហើយខ្ញុំសូមជំរាប កម្ពុជាក្នុងតម្លៃណាក៏ដោយ ត្រូវរក្សា​សន្តិ​ភាពឲ្យបាន។ អ្នកណាបំផ្លាញសន្តិភាពគ្មានការអត់ឱន គ្មានការលើកលែងទេ សូមបញ្ជាក់ជូន​កុំប្រាថ្នាធ្វើ​បដិវត្ត​ពណ៌អី អត់បានទេ អាហ្នឹងនិយាយមួយបែបទៀត ត្រៀមក្តារមឈូសឲ្យហើយទៅ អត់លេងសើចទេ»។

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ រដ្ឋាភិ​បា​លធ្លាប់បញ្ជាកងកម្លាំងទៅបង្ក្រាបជំរុំបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោតរបស់គណបក្សប្រឆាំងនៅទីលានប្រ​ជាធិបតេ​យ្យ ក្នុងរាជធានីភ្នំពេញ​កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ដោយរដ្ឋាភិបាលអះអាងថា វិធា​នកា​រនោះទប់​ស្កា​ត់កុំ​ឲ្យមានបដិវត្តពណ៌ផ្តួល​រំលំរ​ដ្ឋាភិបាល។

ក្រោយមកទៀតនៅដើមឆ្នាំ២០១៦ កម្លាំងរបស់រដ្ឋាភិបាល ក៏បានចុះបង្ក្រាបអ្នកធ្វើយុទ្ធការថ្ងៃចន្ទពណ៌ខ្មៅ ដោ​​យអះ​​អាងពីមូលហេតុដូចគ្នា ពីបដិវត្តពណ៌ បើទោះបីក្រុមអ្នកតវ៉ាអះអាងថា យុទ្ធនាការនោះទាមទារយុ​ត្តិធ​ម៌ស​ម្រាប់អ្ន​កកា​​​រពារសិទ្ធិមនុស្សនៅសមាគមអាដហុក ដែលកំពុងជាប់ឃុំនិងជំរុ​ញឲ្យ​​វែ​កមុ​ខអ្នកនៅ​ពី​ក្រោ​​​យ​ការបា​ញ់​សម្លា​ប់លោក កែម ឡី ក៏ដោយ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា​ លោកមិនឆ្លើយ​តប​​ទៅនឹងការ​រិះគន់ថា ការស​ន្យាខ្យល់បែបណានោះទេ ដោយថាជាគោលនយោបាយរបស់គណបក្ស​ផ្សេងៗគ្នា។​ ប៉ុន្តែលោ​កថា ប​ក្សប្រឆាំ​ងមិន​ជ្រើ​​ស​រើ​សយកការដណ្តើមអំណាចតាមរយៈបែបហិង្សានោះទេ។

លោកថា៖ «ប្រជាពលរដ្ឋខ្មែរជូរ ចត់ និងឈឺចាប់ដោយសារសង្គ្រាម ដូចនេះយើងស្អប់ខ្ពើមសង្គ្រាម យើ​ងស្រ​ឡាញ់សន្តិភាព ដែលមានយុត្តិធម៌ ហើយយើងចង់បានសិទ្ធិសេរីភាព​ក្នុ​ងការចូលរួម ដើម្បីស​ម្រេចជ្រើសរើ​ស​មេដឹក​នាំក្នុ​ងពេលបោះឆ្នោតនៅពេលខាងមុខ។ យើងអត់ជ្រើសរើសមធ្យោបាយធ្វើឲ្យខ្មែរប​ង្ហូរឈា​មគ្នា​ឯងនោះទេ»។

ទោះ​ជាយ៉ាងណា សង្គមស៊ីវិលនិងអ្នកវិភាគ អះអាងថាការព្រមានរបស់រដ្ឋាភិបាលថា​អាចនឹងកើ​តមា​នបដិ​វត្តព​ណ៌​​នេះ ពួកគេថាជាការ ខ្លាចស្រ​មោ​ល​ខ្លួនឯង ខណៈបញ្ហាចាក់ស្រែះជាច្រើន ដូចជា​ការ​រំលោភដីធ្លី អំពើពុ​ករលួ​យ បញ្ហាព្រំដែន និងអយុត្តិធម៌សង្គមជាដើម រដ្ឋាភិបាលមិនទាន់ធ្វើឲ្យពលរដ្ឋជឿបាននោះ។

មួយវិញទៀតសង្គមស៊ីវិលអះអាងថា បដិវត្តពណ៌ឬចលនាផ្តួលរំលំរដ្ឋាភិបាល នឹងមិនអាចកើតឡើងទេ នៅកម្ពុជា ដោយថាប្រ​ទេស​​​ក្រី​ក្រ​មួ​យនេះផ្លាស់ប្តូរមេដឹកនាំតាមរយៈការបោះឆ្នោត៥ឆ្នាំម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ