ក្រសួង​ធម្មការបញ្ជូន​ក្រុម​ការ​ងារ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ករណីព្រះ​សង្ឃចេញក្បាច់​គុន

ប្រភពរូបភាពហ្វេសប៊ុក

ក្រសួង​ធម្មការ ឲ្យដឹងថា ខ្លួនបាន​ចាត់​បញ្ជូន​ក្រុម​ការ​ងារ​ខ្លួន​ចុះ​ទៅ​ត្រួតពិនិត្យ​ ករណី​ដែល​ចៅអធិការវត្តមួយនៅខេត្តកំពង់ស្ ពឺ​ចេញ​​ក្បាច់គុន​ក្នុង​វិហារ ហើយត្រូវបានគេថត​វីដេ​អូ​ចែក​ចាយ​ពេញ​បណ្តាញ​​សង្គម​ហ្វេស​បុក។

អ្នក​នាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុន្នី បាន​ឲ្យ​វី​អូ​ឌី​ដឹង​ថាកាលពី​ម្សិល​មិញ​ក្រសួង​បាន​ប្រជុំ​​ និង​បាន​សម្រេច​ឲ្យ​ក្រុម​ការងារ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ពីករណី​ដែល​ព្រះ​សង្ឃចេញ​ក្បាច់​គុនក្នុង​ពីធីបុណ្យគម្រប់​២២វស្សា​នៃ​ការ​គង់​ចាំព្រះវស្សា​របស់​ព្រះ​ចៅ​អធិការវត្តគីរីរម្យ​ថ្មី ដែល​មាន​ព្រះ​នាម​ហៅ​ក្រៅ​ថា លោកតាឪ។ លោក​បាន​ឲ្យ​ដឹង​ថា​ករណី​នេះ​ត្រូវ​បាន​ក្រសួង​ពិនិត្យ​មើល​ថា​មាន​ពិតមែន កើ​ត​នៅ​វត្ត​គីរី​រម្យ​​ថ្មី ហៅ​វត្ត​ពោធិសត្វ ដែល​មាន​ទីតាំង​នៅភ្នំគីរីរម្យ ស្រុក​ភ្នំស្រួច ក្នុង​ខេត្តកំពង់​ស្ពឺ។

លោកថា៖ «យើងមិនទាន់ហ៊ានទេថាលោកខុសឬត្រូវព្រោះការងារនេះ យើងសិក្សាស្រាវជ្រាវមើលឲ្យច្បាស់លាស់ព្រោះការងារនេះមាន ឯកសារអីច្បាស់លាស់ហើយយើងប្រជុំជាមួយខាងគណសង្ឃ ព្រោះលោកទទួលខុសត្រូវលើធម្មវិន័យខាងក្រសួងគឺជាផ្នែករដ្ឋបាលឯខាងព្រះសង្ឃនោះមានអនុក្រឹតមួយដែលបញ្ជាក់ពីតួនាទីភារកិច្ចរបស់ព្រះសង្ឃ មានភារកិច្ចត្រូវត្រួតពិនិត្យខាងធម៌វិន័យអញ្ចឹងបើសិនជាយើងថាខុសនោះគឺយើងមិនមែនជាព្រះសង្ឃទេបងប្អូនអើយ ទុកលទ្ធភាពឲ្យលោកអញ្ចឹងនោះណា »

សាស្ត្រាចារ្យ​នៃពុទ្ធិកសកលវិទ្យា​ល័យព្រះ​សីហនុរាជ្យព្រះ​តេជគុណ វ៉ង់ សុភ័ស មាន​សង្ឃដី​កា​ថា ដោយ​សារកម្ពុជា កាន់​និកាយសាសនា​ថេរវាទ ​​ដែល​ត្រូវ​ការ​ឲ្យ​ព្រះ​សង្ឃ​មាន​ការ​សង្រួមចិត្ត​កាយ​បដិបត្តិតឹង​រឹង​ជាងនិកាយមហា​យាន។ ដូច្នេះ​ចំពោះ​កាយវិការ​ចេញ​ក្បាច់គុនរបស់​ព្រះ​សង្ឃ​ដែល​គង់​នៅ​វត្ត​គីរីរម្យ​ថ្មី ​ដែល​ត្រូវ​បាន​បណ្តេញ​សង្គម​ចែក​ចាយ​តគ្នា​នោះ ព្រះ​អង្គ​វង់​ សុភ័ស​ យល់​ថា រូបភាព​នោះ​បាន​ធ្វើ​ខុស​នឹង​វិន័យ តែ​មិន​ទាន់​ធ្ងន់​ធ្ងរ​ ដល់​ថ្នាក់​ចាប់​ផ្សឹក​នោះ​ទេ គឺ​គ្រាន់​តែ​ធ្វើ​ការ​អប់រំណែ​នាំ​ និង​ចុះ​កិច្ចសន្យា​តែ​ប៉ុណ្ណោះ។

ព្រះអង្គមាន​សង្ឃដី​ការ​ថា៖ «លោកជាភិក្ខុដែលបួសហ្នឹងត្រូវមានការសង្រួម សង្រួកាយសង្រួមវាចាសង្រួមចិត្ត កាយហ្នឹងមិនត្រូវធ្វើអាកប្បកិរិយា ច្រង៉េងច្រង៉ាងដូចជាគ្រហស្ថទេ។ ដូចដែលវីអូឌីបានលើឡើងមកដូចជាបញ្ចេញកាយវិការក្បាច់គុនអីនៅនឹងមុខពុទ្ធបរិស័ទអីហ្នឹងគឺវាខុសនឹងធម៌វិន័យ តែទោសហ្នឹងចាត់ចូលក្នុងថ្នាក់លហុទោសទេ មិនទាន់ចាត់ចូលគរុទោសដែលត្រូវចាប់លោកផ្សឹកទេ​ »

គួររំលឹកផងដែរថាកាលពីឆ្នាំមុន ក៏មានរឿងកើតឡើងនៅខេត្តកំពង់ស្ពឺនេះផងដែរគឺមេគណ និងជាចៅអធិការវត្តរលាំងកំពូលព្រះសង្ឃ ឌូ វណ្ណឌឿន បានឡើងច្រៀងជាច្រើនបទលើឆាកតន្ត្រី ហើយត្រូវបានគេថតបានយកមកផ្សាយតាមបណ្តាញសង្គមហ្វេសបុកនេះដូចគ្នា។ តែចំណាត់ការរបស់ក្រសួងធម្មការ និងគណៈសង្ឃនៅពេលនោះគឺគ្រាន់តែដកព្រះសង្ឃ ឌូ វណ្ឌឌឿន ចេញពីមេគណខេត្ត ដោយមិនចាប់ផ្សឹកនោះទេ ដែលចំណាត់ការនេះត្រូវបានមជ្ឈដ្ឋានមួយចំនួនយល់ថាដោយសារលោក ឌូ វណ្ឌឌឿនគឺជាអ្នកគាំទ្របក្សកាន់អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ