គ.ជ.ប ទទួលយកអ្នកជំនាញការអន្ដរជាតិម្នាក់ជាជំនួយការបោះឆ្នោត

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 10:03 AM | បោះឆ្នោត | 0 | 3845 រូបភាពពី ហ្វេសប៊ុក កម្មាធិការជាតិរៀបចំការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា «គ.ជ.ប» បានទទួលយកអ្នកជំនាញការបរទេសម្នាក់ ដើម្បីជួយសម្រួលដល់ការងារបោះឆ្នោតនៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយថ្ងៃទី១១ខែមេសាឆ្នាំ២០១៧ ឲ្យដឹងថា គ.ជ.ប បានទទួលយកលោកស្រី សូហ្វី ឡាហ្គេនី នាយិកាអង្គការមូលនិធិអន្ដរជាតិដើម្បីប្រព័ន្ធបោះឆ្នោត (IFES) ជាអ្នកជំនាញការកិច្ចការបោះឆ្នោត នៅទីស្ដីការ គ.ជ.ប។ ការទទួលយកលោកស្រី សូហ្វី ឡាហ្គេនី ជាជំនួយការបោះឆ្នោតនេះ គឺដោយសារ មានការ គាំទ្រពីការិយាល័យប្រជាធិបតេយ្យ និងអភិបាលកិច្ចរបស់អង្គការ USAID ដល់គ.ជ.ប តាមរយៈអង្គការIFES។

បើតាមសេចក្ដីប្រកាសព័ត៌មាន ជំនួយរបស់អង្គការ USAID តាមរយៈអង្គការ IFES នេះនឹងជួយឲ្យ គ.ជ.ប អាចពង្រឹងសមត្ថភាពមន្ដ្រីរបស់ខ្លួន បណ្ដុះបណ្ដាលមន្ដ្រី គ.ជ.ប អាចជួយដោះស្រាយវិវាទបោះឆ្នោត និង ផ្សព្វផ្សាយព័ត៌មានបោះឆ្នោត តាមរយៈសារជាសំឡេងជាដើម។

ក្រោយទទួលបានគាំទ្រផ្នែកសម្ភារៈ និងការងារបច្ចេកទេសនេះ គ.ជ.ប សង្ឃឹមថា ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់ នាពេលខាងមុខ នឹងមានភាពសេរី យុត្តិធម៌ និងអាចទទួលយកបានពីគ្រប់ភាគី។

បើតាមបណ្ដាញសង្គមឈ្មោះថាឡីងអ៊ីន (Linked In) លោកស្រី សូហ្វី ឡាហ្គេនី មានបទ​ពិសោធន៍​ការងារយ៉ាងច្រើន លើផ្នែកកិច្ចកាបោះឆ្នោត ដូចជា លោកស្រីធ្លាប់​ជាប្រធានអង្គការមូល​និធិអន្ដរជាតិ ដើម្បីប្រព័ន្ធបោះឆ្នោតប្រចាំនៅតំបន់អឺរ៉ុប និងបណ្ដាប្រទេសមួយចំនួន និងជាទីប្រឹក្សា​ផ្នែកបច្ចេកទេសកំណែទម្រង់ការបោះឆ្នោតជាដើម៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required