បទពិណ៌នាស្តីពីប្រវត្តិនិងស្នាព្រះហស្តព្រះមហាក្សត្រនរោត្ដម សីហមុនី

ព្រះមហាក្សត្រ​ ព្រះបរមនាថ នរោត្តមសីហមុនី កាលពីកន្លងទៅ

នៅថ្ងៃនេះជាខួបគំរប់៦៣ឈានចូល៦៤ព្រះវស្សារបស់ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ដែលទ្រង់ប្រសូត្រនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ក្នុងទីក្រុងភ្នំពេញ។

ទ្រង់ជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះ នរោត្ដម សីហនុ និងព្រះមាតា នរោត្ដម មុនីនាថ សីហនុ។ ព្រះអង្គមានព្រះរៀមនិងព្រះអនុជម្តាយទីទៃសរុបចំនួន១៣អង្គ។ប៉ុន្តែ ព្រះអង្គមានព្រះអនុជបង្កើតតែមួយអង្គគត់គឺសម្តេច នរោត្តម និន្ទ្រពង្ស ដែលបានសោយទិវង្គតកាលពីឆ្នាំ២០០៣។

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន បន្តរាជសម្បត្តិពីព្រះរាជបិតាគឺសម្តេចព្រះនរោត្តម សីហនុ។

បើតាមឯកសារ គឺអំឡុងរដ្ឋប្រហារឆ្នាំ១៩៧០ដោយលោកសេនាប្រមុខ លន់ នល់ ព្រះអង្គគង់នៅប្រទេសឆេកូស្លូវ៉ាគី។ ក្នុងឆ្នាំ១៩៧៥ ព្រះអង្គទ្រង់យាងចាកចេញពីទីក្រុងប្រាគ និងបានចាប់ផ្តើមការសិក្សាទាក់ទងនឹងវិស័យភាពយន្តនៅប្រទេសកូរ៉េខាងជើង។

នៅក្នុងឆ្នាំ១៩៧៧ ព្រះអង្គយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញ។ ភ្លាមៗនោះខ្មែរក្រហមដែលកំពុងកាន់អំណាចបានប្រឆាំងនឹងរាជានិយម បានឃុំព្រះអង្គនៅក្នុងព្រះបរមរាជវាំងជាមួយព្រះរាជវង្សានុវង្សដទៃទៀតរហូតដល់ឆ្នាំ១៩៧៩ ក្រោមការអន្តរាគមន៍ពីសំណាក់ប្រទេសវៀតណាម។

នៅឆ្នាំ១៩៨១ ព្រះអង្គទ្រង់យាងទៅកាន់ទីក្រុងប៉ារីសដើម្បីបង្ហាត់បង្រៀនរបាំ បាឡេ និងបានទទួលព្រះតួនាទីជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងជិត២០ឆ្នាំ ប៉ុន្តែព្រះអង្គបានយាងទៅទីក្រុងប្រាគជារឿយៗជាទីដែលព្រះអង្គបាន ចំណាយពេលយ៉ាងច្រើនក្នុងព្រះជន្មក្មេងវស្សា។ ព្រះអង្គជាព្រះមហាក្សត្រតែមួយគត់ដែលចេះភាសាឆេក។

 

នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំងជាប្រតិភូកម្ពុជាប្រចាំអង្គការយូនេស្កូ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីសប្រទេសបារាំង ជាទីដែលព្រះអង្គមានប្រជាប្រិយភាពចំពោះការតស៊ូធ្វើការយ៉ាង ស្វិតស្វាញ និងភក្តីភាពចំពោះវប្បធម៌កម្ពុជា។ ព្រះអង្គធ្លាប់បានបដិសេធចំពោះការតែងតាំងព្រះអង្គជាឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសបារាំង។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវជ្រើសរើសដោយសមាជិកទាំង៩អង្គនិងនាក់នៃក្រុមប្រឹក្សារាជសម្បតិ្ត ជាផ្នែកមួយនៃដំណើរការយ៉ាងឆាប់រហ័ស និងសមស្រប ក្រោយពីដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនៃការដាក់រាជ្យនៃសម្តេចព្រះ នរោត្តម សីហនុ កាលពីមួយសប្តាហ៍មុន។ ការជ្រើសរើសនេះគឺស្របតាមការយល់ព្រមពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានរដ្ឋសភាដែលជាព្រះរៀមម្តាយទីទៃនៃព្រះមហាក្សត្រថ្មី។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិនៅថ្ងៃសុក្រ ២៩ ខែតុលា ឆ្នាំ២០០៤។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតជំនួយការសម្តេចឪ បានប្រៀបធៀបពីភាពខុសគ្នារវាងស្នាព្រះហស្តរបស់សម្តេចព្រះ នរោត្តម សីហនុ និងស្នាព្រះហស្តព្រះហាក្សត្របច្ចុប្បន្ន។

ព្រះអង្គមានបន្ទួលថា“បើសិនជាលោកធ្វើដូចព្រះបិតាលោកក្នុងពេលបច្ចុប្បន្នអាចនឹងមានអស្ថេរភាពដូច្នេះលោកខិតខំធ្វើយ៉ាងម៉េចរក្សាស្ថេរភាពតាមផ្លូវទូត។ទី២លោកបានដាក់កាយទៅលើការងារមនុស្សធម៌ បានន័យថាលោកបានជួយកសាងប្រឡាយទឹក ស្រះទឹក…លោកខិតការងារមនុស្សធម៌ច្រើនជាងនយោបាយ

ខ្លឹមសារនៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានា អធិតេយ្យភាព បូរណភាពទឹកដី និងជាអ្នកធានាការគោរពសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងគោរពសន្ធិសញ្ញាអន្តរេជាតិ។ទ្រង់ក៏មានតួនាទីជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តិទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។

ព្រះមហាក្សត្រគឺជាប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ប៉ុន្តែព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទួលថា ព្រះមហាក្សត្រមិនមានអំណាចលើកិច្ចការនេះទេ។

ព្រះអង្គមានបន្ទួលថា “[ប្រធាន]ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោកធានាឯករាជ្យភាពនៃតុលាការប៉ុន្តែលោកមានអំណាចណាដែលលោកអាចធ្វើបាន?ដូចច្នេះទាំងអស់ហ្នឹងហើយដែលពិបាកពិភាក្សាផងពិបាកអត្ថាធិប្បាយផងទៅលើតួនាទីព្រះមហាក្សត្រ”

មាត្រា ៧ នៃរដ្ឋធម្មនុញ្ញ ចែងថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ខ្លឹមសារនៃមាត្រានេះ ចែងទៀតថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ៕ អ៊ឹង ប៊ុនថន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ