នាយករដ្ឋមន្រ្តីថាមិនខ្វល់​នឹង​រឿងគំរាមផ្តាច់ជំនួយ ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានថ្លែងថារដ្ឋាភិបាលកម្ពុជាមិនខ្វល់នឹងការគំរាមណាមួយលើការផ្តាច់ជំនួយនោះទេ ដោយលោកបានថ្លែងថា”កុំមកគំរាមលេងៗ” លើករណីនេះ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)ដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងថាលោកមិនខ្វល់នឹងការផ្តាច់ជំនួយនោះទេ ដោយលោកនិយាយបែបចំអកថាកាត់តែម្តងទៅ មិនបាច់គំរាមនោះទេ។ ទោះជាយ៉ាងណា លោក ហ៊ុន សែនថាប្រសិនបើមានការផ្តាច់ជំនួយមែននោះ អង្គការក្រៅរដ្ឋាភិបាលនោះទេ ដែលជាអ្នកប្រឈមនឹងបញ្ហានេះ។

លោកមានប្រសាសន៍ថា៖ “នែកុំមកគំរាមលេងៗណា ណាសង្សារលេងៗ ស្រឡាញ់មែនទែនណា…។ កុំលេងណារបៀបសង្សារលេង តែអត់ស្រឡាញ់មែនទែនណា។ អាងអីអាងផ្តាច់ជំនួយ”។ លោកបញ្ជាក់ថា៖ “កុំមកពន្យល់និងគំរាមខ្ញុំណា…អ្នកដែលងាប់មុនគេគឺអង្គការក្រៅរដ្ឋាភិបាល”។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ ដោយបានអំពាវនាវឲ្យទម្លាក់ការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ីនិងដោះលែងមន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន។ សភាអឺរ៉ុបក៏អំពាវនាវឲ្យមានការពិចារណាលើការផ្តល់ជំនួយមកកម្ពុជាទៅតាមភាពល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្ស ដោយលើកឡើងពីការព្រួយបារម្ភពីស្ថានភាពនយោបាយបច្ចុប្បន្ននេះ។

សភាអឺរ៉ុបបានបញ្ជាក់ថា៖ “អ្នកនយោបាយទាំងអស់ សកម្មជននិងសកម្មជនសិទ្ធិមនុស្ស គួរតែត្រូវបានអនុញ្ញាតឲ្យធ្វើការដោយសេរី  ដោយគ្មានការចាប់ចងនិងការកាត់ទោស”។ សភាអឺរ៉ុបបានបន្ថែមថា៖ “ដោយសារសហភាពអឺរ៉ុបជាដៃគូដែលផ្តល់ជំនួយអភិវឌ្ឍន៍ធំជាងគេនៅកម្ពុជា ជាមួយការផ្តល់ជំនួយ៤១០លានអឺរ៉ូ(ជាង៤៦៣លានដុល្លារអាមេរិក)ពីឆ្នាំ២០១៤ដល់ឆ្នាំ២០២០, សភាអឺរ៉ុបអំពាវនាវឲ្យក្រុមការងារទទួលបន្ទុកផ្តល់សេវាសកម្មភាពខាងក្រៅសហភាពអឺរ៉ុប(EEAS) ផ្តល់ជំនួយជាថវិការបស់សហភាពអឺរ៉ុប អាស្រ័យលើភាពប្រសើរឡើងនៃស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស”។ ពួកគេបន្តថាភាគីពាក់ព័ន្ធនិងគណៈកម្មការសហភាពអឺរ៉ុបគួរតែចាប់ផ្តើមនូវស្តង់ដារគុណភាពមួយសម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងម៉េចឲ្យស្របតាមច្បាប់អន្តរជាតិនៃគោលការណ៍សេរីភាពនៃការបញ្ចេញមតិ សមាគមនិងការប្រមូលផ្តុំ។

ទាក់ទងនឹងបញ្ហានយោបាយនៅកម្ពុជា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានសម្តែងការព្រួយបារម្ភលើស្ថានភាពនយោបាយនៅកម្ពុជា ដោយអំពាវនាវឲ្យមានការចរចានិងបន្តវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។ លោក បាន គីមូន បានទូរស័ព្ទមករដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្តែងការព្រួយបារម្ភរបស់លោកអំពីរបាយការណ៍នៃការបំភិតបំភ័យលើមនុស្សជាច្រើន ការយាយីនិងការចាប់ខ្លួន ក្នុងនោះរួមមានមន្រ្តីសង្គមស៊ីវិល បុគ្គលិកនិងសមាជិកស្ថាប័នគ.ជ.ប សមាជិកបក្សប្រឆាំងនិងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយជាដើម។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុន្នី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី។

ចំណែកមេបក្សប្រឆាំង លោក សម រង្ស៊ី កំពុងតែប្រឈមមុខនឹងការចាប់ខ្លួន ខណៈអ្នកនយោបាយបក្សប្រឆាំងមួយចំនួនទៀតត្រូវបានតុលាការចោទប្រកាន់ រួមមានលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី និងលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ ចំណែកអនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា កំពុងប្រឈមមុខនឹងការចាប់ខ្លួន ដោយសារមិនបានចូលទៅតុលាការតាមការកោះហៅ៕ ដោយ ស៊ុន ណារិន និងលី បេឡា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ