លោក ហ៊ុន សែន បង្កើតគណៈកម្មការអបអរការបញ្ចូលប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 9:58 AM | វប្បធម៌អភិបាលកិច្ចល្អ | 0 | 1132 តំបន់ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុហ៍ (រូបភាព៖ Facebook)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីរៀបចំពិធីអបអរសាទរការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៨ខែកក្កដានេះ។

នៅក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ឲ្យដឹងថា គណៈកម្មការអន្តរក្រសួងនេះ មានតួនាទីដឹកនាំ និងសម្របសម្រួលរាល់ដំណើរការការងារទាំងអស់ ដូចជា រៀបចំខ្លឹមសារ ឯកសារ លិខិតបទដ្ឋានរដ្ឋាបាល បដាពាក្យស្លោក និងបោះពុម្ពអាវសម្រាប់កម្មវិធី រៀបចំគម្រោងចំណាយនៃដំណើរការរៀបចំពិធី រៀបចំទម្រង់សិល្បៈទស្សនីយភាពនិងការសម្ដែងនានាក្នុងព្រឹត្តិការណ៍ រៀបចំការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសង្គ្រោះបន្ទាន់ជាដើម។

បើតាមសេចក្ដីសម្រេចឲ្យដឹងថា​ គណៈកម្មការអន្តរក្រសួងដែលទទួលបន្ទុកនោះ មានរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋលេខាធិកាគ្រប់គ្រងក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់។ នៅក្នុងសេចក្ដីសម្រេចឲ្យដឹងថា ការបង្កើតគណៈកម្មការអន្តរក្រសួងនេះ យោងតាមការចាំបាច់។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក បាន​ក្លាយ​ជា​តំបន់​ប្រវត្តិសាស្ត្រ​ទី​៣​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក បន្ទាប់​ពី​តំបន់​ប្រាសាទ​អង្គរវត្តត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ឆ្នាំ​១៩៩២ និង​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ឆ្នាំ​២០០៨។

រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃគុក ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ភាគ​កណ្ដាល​ប្រទេស​កម្ពុជា និង​មាន​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ គឺ​ជា​អតីត​រាជ​ធានី​ឦសានបុរៈ​របស់​ប្រទេស​​កម្ពុជា​​នៅមុន​សម័យ​អង្គរ នៅ​ចន្លោះ​សតវត្សរ៍​ទី​៦ ដល់​សតវត្សរ៍​ទី៩៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required