គ្រូបង្រៀននិងសិស្ស មិនពេញចិត្ដនឹងការប្ដូរឈ្មោះវិទ្យាល័យអង្គរ

វិទ្យាល័យអង្គរ (រូបភាពពីហ្វេសប៊ុក)

គ្រូបង្រៀននិងសិស្សមួយចំនួននៅវិទ្យាល័យអង្គរ សម្ដែងការមិនពេញចិត្ដ ដែលអាជ្ញាធរខេត្ដនេះឲ្យក្រសួងអប់រំប្ដូរឈ្មោះសាលារបស់ពួកគេទៅជាវិទ្យាល័យ តេជោ ហ៊ុន សែន ដោយថា វិទ្យាល័យនេះជានិមិត្ដសញ្ញានៃខេត្ដសៀមរាប។

គ្រូបង្រៀននៅវិទ្យាល័យអង្គរមួយរូបលោក ហ៊ាប សុថាន Hiep Sothan បានសរសេរនៅតាមបណ្ដាញសង្គមរបស់លោកថា គ្រូបង្រៀននិងសិស្សនៃវិទ្យាល័យអង្គរ មិនចង់ឲ្យប្ដូរឈ្មោះវិទ្យាល័យនេះ ទៅជា «វិទ្យាល័យតេជោ ហ៊ុន សែន អង្គរ» នោះទេដោយថា វិទ្យាល័យនេះជាកេរតំណែលរបស់សម្ដេច សីហនុ ដែលព្រះអង្គបានកសាងឡើងតាំងពីឆ្នាំ១៩៦៧។ លោកបន្ដថា ក្រសួងអប់រំ យុវជន និងកីឡា គួរដាក់ឈ្មោះអ្នកកសាងបន្ថែ​ម​នៅលើអគារសិក្សាវិញ។

លោកសរសេរនៅលើហ្វេសប៊ុកថា «ក្នុងនាមខ្ញុំជាគ្រូបង្រៀនក៏ដូចជាសិស្សនៃវិទ្យាល័យអង្គរ សូមគោរពដល់សម្ដេច មេត្តារក្សាទុកនូវឈ្មោះវិទ្យាល័យអង្គរដដែល ដែលជាឈ្មោះតំណាងខេត្តសៀមរាប តំណាងប្រទេសកម្ពុជា ជាបេតិកភណ្ឌពិភពលោក បើផ្លាស់ប្ដូរឬបន្ថែមមានផលប៉ះពាល់ដ៏ច្រើនគួរដាក់ឈ្មោះនៅលើអគារសិក្សាវិញល្អជាង ជាគុណបំណាច់ដ៏ថ្លៃថ្លា។ គួរពុំគួរ សូមគោរពដ៏ជ្រាលជ្រៅអំពីខ្ញុំក៏ដូចជាសិស្សានុសិស្សដែលកំពុងមានការជ្រួលច្របល់រឿងឈ្មោះសាលាជាកេរតំណែលរបស់សម្ដេចព្រះបរមរតនកោដ្ឋតាំងពីឆ្នាំ១៩៦៧មកម្ល៉េះស្រឡាញ់ឈ្មោះថា វិទ្យាល័យ អង្គរ»។

ជាមួយគ្នានោះដែរ អតីតសិស្សនៅវិទ្យាល័យអង្គរជាច្រើននាក់ ពួកគេក៏បានសរសេរនៅលើហ្វេសប៊ុកស្រដៀងគ្នា ពាក្យថា «អង្គរ» ជាឈ្មោះតំណាងឲ្យខេត្តសៀមរាបនិងប្រទេសកម្ពុជាផងដែរ ហើយថាការប្ដូរឈ្មោះនេះ  ធ្វើប៉ះពាល់ដល់បេតិកភណ្ឌ ដែលល្បីជាងគេនៅលើពិពលោក។ ពួកគេស្នើឲ្យរដ្ឋាភិបាលរក្សាទុកឈ្មោះវិទ្យាល័យអង្គរនេះដដែល។ ហ្វេសប៊ុកបន្ដថា «ក្នុងនាមជាអតីតសិស្សវិទ្យាល័យអង្គរ ខេត្តសៀមរាប ពិតជាមានការមិនពេញចិត្តក្នុងការប្ដូរឈ្មោះសាលាថ្មីនោះទេ ហេតុដូចនេះសូមតំណាងអោយអតីតសិស្សានុសិស្សចាស់ថ្មីទាំងអស់សូមសំណូមពរដល់នាយកសាលាវិទ្យាល័យអង្គរនិងក្រសួងអប់រំយុវជននិងកីទ្បា សុំមេត្តាកុំប្តូរឈ្មោះសាលានេះអី សាលានេះមានវ័យចំណាស់ហើយ គួរតែព្យាយាមរក្សាកេរ្តិ៍ឈ្មោះសាលានេះទុកពុំគួរប្តូរឈ្មោះនោះទេពួកខ្ញុំពិតជាមានសោកស្តាយយ៉ាងខ្លាំង»។

VODមិនអាចទាក់ទងអភិបាលខេត្ដសៀមរាបលោក ឃឹម ប៊ុនសុង និងអ្នកនាំពាក្យលោ​ក លី សំរិទ្ធ ដើម្បីសាកសួរពីមូលហេតុនៃការចង់ប្ដូរឈ្មោះសាលាវិទ្យាល័យអង្គរបាននៅឡើយទេ ដោយ​លោកទាំងពីរមិនលើកទូរសព្ទ។

នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ​ យល់ឃើញថា ការប្ដូរឈ្មោះសាលារៀន គួរសួរយោបល់ដល់អាណាព្យាបាលសិស្សានុវសិស្សនិងលោកគ្រូអ្នកគ្រូជាមុន មិនមែនសម្រេចតែលើមនុស្សម្នាក់ពីរនាក់នោះទេ ដែលលោកថា អាចធ្វើឲ្យប៉ះពាល់ដល់​កេរ្តិ៍ដំណែលអ្នកកសាងពីជំនាន់មុន។

លោកបន្ដថា «ត្រូវតែមា​នការពិគ្រោះយោបល់គ្នាសិក្សាស៊ីជម្រៅអោយបានច្រើន មិនត្រូវចេះតែនឹកឃើញធ្វើទៅតាម​ចិត្ដថ្នាក់ដឹកនាំសាលាម្នាក់ពីរនាក់នោះទេ។ វាជាឈ្មោះល្អមួយស្រេចទៅហើយ មិនចាំបាច់អីទៅប្ដូរដាក់ឈ្មោះអីផ្សេងទេ។ ឈ្មោះអង្គរវាសមបំផុតសាលានៅខេត្ដសៀមរាប»។

ប្រតិកម្មនេះកើតឡើង ក្រោយពីអភិបាលខេត្ដសៀមរាបលោក ឃឹម ប៊ុនសុង បានស្នើទៅក្រសួងអប់រំយុវជននិងកីឡា កាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧នេះ ដោយសុំប្ដូរឈ្មោះ «វិទ្យាល័យអង្គរ» ទៅជា «វិទ្យាល័យតេជោ ហ៊ុន សែន អង្គរ» វិញ។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផ្ដល់អាគារសិក្សា៣ខ្នង​មាន១២០បន្ទប់ (១ខ្នងកម្ពស់៤ជាន់)កាលពីថ្ងៃទី១៣ខែមិថុនាកន្លងមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ