តួលេខ​ថ្មី ស្លាប់​៤​នាក់​របួស​៣៥​នាក់ ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​១៣​លើក​នៅ​ថៃ​

សមត្ថកិច្ច​ថៃ​កំពុង​ធ្វើការ​ស្រាវជ្រាវ​បំនែក​គ្រាប់បែក(រូបភាពពីបណ្តាញ​សារព័ត៌មាន​បាងកកប៉ុស្តិ៍)

លោកអ្នកនាងស្ដាប់ជាទីមេត្រី! កាសែតបាងកក ប៉ុស្តិ៍របស់ថៃ បានផ្សាយថា មនុស្ស ៤នាក់ ត្រូវបានសម្លាប់ ហើយ ៣៥នាក់ទៀត បានរងរបួស បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែក ១៣គ្រាប់ជាបន្តបន្ទាប់ ដោយអាជ្ញាធរថៃបានចាត់ទុកជាអំពើភេរវកម្ម ខណៈមានការសង្ស័យទៅលើពួកបះបោរនៅភាគខាងត្បូងប្រទេសក៏ដោយ។

បណ្ដាខេត្តជាច្រើននៅភាគខាងត្បូងប្រទេសថៃ បានរងការបំផ្ទុះគ្រាប់បែកយ៉ាងតិច ១៣លើក ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃសុក្រម្សិលមិញ ចំពេលដែលប្រទេសនេះប្រារព្ធខួបកំណើតព្រះមហាក្សត្រីយ៍។

បើតាមបាងកកប៉ុស្តិ៍ គ្រាប់បែកទាំងអស់ ត្រូវបានគេរាយការណ៍ថា ត្រូវបានចុចបំផ្ទុះពីចម្ងាយតាមរយៈសញ្ញាទូរស័ព្ទចល័ត។ ក្រុមស្រាវជ្រាវ និងស៊ើបអង្កេតគ្រាប់រំសេវផ្ទុះ កំពុងតែស៊ើបអង្កេតទៅលើប្រភេទនៃគ្រាប់បែក និងព្យាយាមស្វែងយល់ពីមូលហេតុនៃការដាក់គ្រាប់បែកបំផ្ទុះទាំងនោះ។

កាសែតនេះបានដកស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «គ្រាប់បែកទាំងនោះ គឺជាការប៉ុនប៉ងបង្កើតចលាចល និងការយល់ច្រឡំ»។

ការចោទប្រកាន់នានា ត្រូវបានចង្អុលទៅរកអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងនិរទេសខ្លួនឯងនៅឯបរទេស។ ប៉ុន្តែ ការបំផ្ទុះគ្រាប់បែកនៅថ្ងៃសុក្រនេះ បានកើតឡើងនៅតំបន់ប្រឆាំងនឹងលោក ថាក់ស៊ីន ហើយសុទ្ធតែបានកើតឡើងនៅតាមខេត្ត ដែលគាំទ្រសេចក្ដីព្រាងរដ្ឋធម្មនុញ្ញស្នើឡើងដោយលោកឧត្ដមសេនីយ៍ ប្រាយុទ្ធ។

បាងកកប៉ុស្តិ៍ បានរាយការណ៍បន្ថែមថា ការបំផ្ទុះគ្រាប់បែក ក៏បានកើតឡើងនៅខេត្តសូរ៉ាត់ថានី ខេត្តភូកេត ខេត្តផាំងង៉ា ខេត្តត្រាំង ខេត្តក្របី ខេត្តជុំផន និងខេត្តនគរស្រីធម្មរាជ។ ខេត្តទាំងអស់នេះ សុទ្ធតែស្ថិតនៅភាគខាងត្បូងប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ