សមាជិកសភាអាមេរិក​ជំរុញ​ឲ្យកម្ពុជារៀបចំការបោះឆ្នោតដោយ​សេរីនិងយុត្តិធម៌

សមាជិកសភាអាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ាអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជារៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ខណៈសមាជិករូបនេះចោទថា បច្ចុប្បន្នកំពុងមានការបំភិតបំភ័យលើមន្ត្រីនិងអ្នកគាំទ្រគណបក្សប្រឆាំង។

ក្នុងសេចក្តីថ្លែងការណ៍របស់សមាជិកសភាអាមេរិកលោក លោក  អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ចេញផ្សាយកាលពីថ្ងៃទី១២ខែកញ្ញាម្សិលមិញបានលើកឡើងថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៣០ឆ្នាំមកនេះ មានការបំភិតបំភ័យ ការបង្រាប និងប្រើហិង្សា។ លោកហៅបរិយាកាសនេះថា បង្កការរាំងស្ទះដល់ពលរដ្ឋខ្មែរចូលរួមបោះឆ្នោតដោយសេរីនិងយុត្តិធម៌។

លោក លោក  អាឡាន់ ក៏បានជំរុញឲ្យដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នគោរពសិទ្ធិមនុស្សនិងអនុវត្តការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ «បើរដ្ឋាភិបាលចង់ក្លាយជាសមាជិកនិងទទួលបានការគោរពពេញលេញក្នុងក្របខណ្ឌសហគមន៍អន្តរជាតិនោះ រដ្ឋាភិបាល ហ៊ុន សែន ត្រូវតែគោរពច្បាប់ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាកម្ពុជាកំពុងតែរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ហើយដោយថារដ្ឋាបាលបានធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតជាច្រើនដូចជារៀបចំឲ្យមាន គ.ជ.ប និងច្បាប់បោះឆ្នោតថ្មីជាដើម។

លោកថាការលើកឡើងរបស់សមាជិកសភាអាមេរិកដែលថាមានការបំភិតបំភ័យនិងការបង្គ្រាបនោះជាសិទ្ធិនៃការបញ្ចេញមតិ ដោយលោកថាការលើកឡើងនេះមិនបង្ហាញពីស្ថានភាពពិតរបស់កម្ពុជានោះទេ។

លោកបន្ថែមថា៖ «អ្នកណាបំភិតបំភ័យ គ្រាន់តែការចុះឈ្មោះបោះឆ្នោត១០ថ្ងៃ ១លានកន្លះហើយហ្នឹង មានប្រជាជនអីណាភ័យខ្លាចមិនហ៊ានទៅចុះឈ្មោះបោះឆ្នោត ការនិយាយរបស់គាត់[សមាជិកសភាអាមេរិកលោកAlan Lowenthal]ហ្នឹង វាមិនបានផ្សារភ្ជាប់នឹងសភាពការជាក់ស្តែងនៅកម្ពុជាទេ»។

នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី មានសាសន៍ថាការប្រកួតប្រជែងនយោបាយនៅកម្ពុជាបច្ចប្បន្នមិនមានភាពស្នើគ្នានោះទេ។ លោកថាគណបក្សកាន់អំណាចតែងតែបំភិតបំភ័យដល់គណបក្សមិនកាន់អំណាច។

លោកបន្ថែមថា៖ «រាល់ការបោះឆ្នោតកន្លងមកតែងតែមានការបំភិតបំភ័យ ភាគច្រើនគណបក្សប្រឆាំងនិងគណបក្សតូចៗហ្នឹងឯងតែងតែរងគ្រោះ រួចគណបក្សកាន់អំណាចគាត់មានទាហានមានកំលាំងគ្រប់គ្រាន់»។

ក្នុងរបាយការណ៍របស់អង្គការអន្តរជាតិ Freedom House កាលពីឆ្នាំ២០១៥បានកំណត់ថា កម្ពុជាជាប្រទេសដែលមិនទាន់មានសេរីភាពពេញលេញ ដោយសារអ្នកនយោបាយនៅក្រុមប្រឆាំងរងការរឹតត្បិត។ របាយការណ៍បញ្ជាក់ទៀតថាសេរីភាពនៃការជួបប្រជុំ ការបញ្ចេញមតិ សេរីភាពអង្គការ សមាគមមិនត្រូវបានការពារដោយរដ្ឋាភិបាលទេ៕

ដោយលោក ពៅ មេត្តា និង ឃុត សុគន្ធ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ