លិខិតមិត្តអ្នកអាន៖ ខុនក្រៅក្ដារ

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

នៅក្នុងល្បែងអុក ឬហៅថាចត្រង្គ គឺមានមនុស្សពីរនាក់ជាអ្នកលេង ហើយភាគីទាំងសងខាងមានគ្រាប់អុក១៦កូនស្មើគ្នា គឺត្រី៨ ទូក២ សេះ២ គោល២ នាង ឬឈ្នាង១ និងខុន ឬស្ដេច១។

កតិកានៃការប្រកួតល្បែងនេះ មិនសំខាន់ភាគីណានៅសល់កូនច្រើននោះទេ សំខាន់គឺធ្វើយ៉ាងណាអុកឲ្យខុន ឬស្ដេចរបស់ភាគីម្ខាងទៀតងាប់។

បើប្រៀបធៀបស្ថានភាពនយោបាយខ្មែរនាពេលបច្ចុប្បន្ន ទៅនឹងការលេងអុកវិញ CPP និង CNRP ដូចគ្រាប់អុកនៅលើក្ដារ ហើយមេបក្សទាំងសងខាងប្រៀបដូចជាខុន ឬស្ដេច។ បើពិនិត្យឲ្យច្បាស់ចំនួនគ្រាប់អុកនេះឃើញថា ខុនរបស់ CNRP មិននៅលើក្ដារទេ។ តាមកតិកានៃការប្រកួតអុក ទោះបី CPP ស៊ីកូនរបស់ CNRP អស់ពីលើក្ដារ ក៏ CPP មិនឈ្នះដែរ ព្រោះថាមិនដឹងថាសម្លាប់ខុនរបស់ CNRP នៅកន្លែងណា។

អ្នកឈ្លាសវៃនឹងមិនប្រកួតអុកជាមួយភាគីដែលគ្មានខុនលើក្ដារនោះទេ។ ក្នុងស្ថានភាពបែបនេះ ការឈ្នះអុកនៅលើក្ដារមិនសំខាន់ឡើយ សំខាន់គឺឈ្នះចិត្តអ្នកទស្សនា ហើយដើម្បីឈ្នះចិត្តអ្នកគាំទ្របាន គេត្រូវលេងដោយគោរពគោលការណ៍ កតិកាសញ្ញា និងក្រមសីលធម៌ផងដែរ។

ការកាត់ទោស និងចាប់តំណាងរាស្ត្រមានអភ័យឯកសិទ្ធិដាក់គុក ដូចករណីលោកអ៊ំ សំអាន និងលោកកឹម សុខា ខណៈអ្នកទាំងពីរនេះកំពុងមានអភ័យឯកសិទ្ធិនៅឡើយ បើធៀបនឹងការលេងអុក ប្រៀបដូចភាគីម្ខាង បានដើរកូនអុករំលោភគោលការណ៍ រំលោភកាតិកាសញ្ញា ក៏ដូចជាខ្វះក្រមសីលធម៌រួចទៅ។

សូមកុំភ្លេចថា អ្នកមើលការប្រកួតអុកនៅពេលនេះ គេចេះដឹងគោលការណ៍ និងកតិកានៃការប្រកួតច្បាស់លាស់ណាស់ គ្មានភាគីណាមួយអាចបំភ័ន្តភ្នែកពួកគេបានទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ