នគរបាលខេត្តកណ្តាលចាប់ផ្តើមពិនិត្យអត្តសញ្ញាណប័ណ្ណខុសប្រក្រតី

អត្តសញ្ញាណប័ណ្ណ

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលឲ្យថាសមត្ថកិច្ចបានចាប់ផ្តើមពិនិត្យលើអត្តសញ្ញាណប័ណ្ណខ្មែរខុសប្រក្រតី ដែលកាន់កាប់ដោយជនបរទេស ភាគច្រើនជាវៀតណាមនោះ។

កាលពីសប្តាហ៍មុនអធិការនគរបាលស្រុកកោះធំបានរកឃើញអត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មីមានភាពមិនប្រក្រតីប្រមាណជិត៥០សន្លឹក ដោយសង្ស័យថាម្ចាស់អត្តសញ្ញាណប័ណ្ណនោះមិនមានសញ្ជាតិខ្មែរពិតប្រាកដ។

ស្នងការនគរបាលខេត្តកណ្តាលលោក អ៊ាវ ចំរើន ប្រាប់វីអូឌីនៅព្រឹកថ្ងៃអង្គារទី១៣កញ្ញានេះថា គណៈកម្មការជំនាញកំពុងតែពិនិត្យលើអត្តសញ្ញាណប័ណ្ណនោះដោយមានការចូលរួមពីអភិបាលរងខេត្តកណ្តាលផងដែរ។

លោកថារហូតមកដល់ពេលនេះ គណៈកម្មការមិនទាន់សម្រេចថាយ៉ាងណានោះទេ។ តែទោះយ៉ាងណាលោក អ៊ាវ ចំរើន អះអាងថា តាមការពិនិត្យជំហានដំបូងគឺមិនឃើញមានអ្វីខុសប្រក្រតីដូចនគរបាលស្រុកកោះធំបានលើកឡើងនោះទេ។

អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល ឲ្យដឹងថាជនអន្តោប្រវេសន៍រស់នៅកម្ពុជាមានចំនួនប្រមាណជាង១៦ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេគឺ៩៩.៤៩ភាគរយ។

លោក សុខ ផល ឲ្យដឹងថាជនជាតិវៀតណាមចំនួន៧៦ ៣៩៨នាក់ បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី ក្នុងនោះមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខ្មែរ បណ្ណបោះឆ្នោតខែ្មរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណសញ្ជាតិខែ្មរ លិខិតឆ្លងដែនខ្មែរ បណ្ណមន្ត្រីរាជការ និងឯកសារដទៃទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ