បទយកការណ៍៖ ការរៀបចំពិធីបុណ្យ១០០ថ្ងៃលោក កែម ឡី

ការរៀបចំពិធីបុណ្យលោក កែម ទ្បឺ

វត្តចាស់គឺជាទីតាំងដែលគណៈកម្មការរៀបចំពិធីបុណ្យខួប១០០ថ្ងៃរបស់លោក កែម ឡី បានសម្រេចជ្រើសរើសធ្វើពិធីបុណ្យដែលនឹងចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែតុលានេះ។ បើទោះជាពិធីបុណ្យដែលគណៈកម្មការរំពឹងថា មានអ្នកចូលរួមប្រមាណ១សែននាក់ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះក៏ដោយ ក៏ប៉ុន្តែនៅទីតាំងជុំវិញនោះហាក់នៅមានស្ងៀមស្ងាត់។

នៅខាងមុខវត្ត មានអ្នកដូរទឹកសុទ្ធពីរឬបីកន្លែងនិងម៉ូតូឌុបចតចាំភ្ញៀវនៅមុខវត្តនោះ។ មើលពីផ្លូវចូលទៅក្នុងវត្ត ឃើញមានការសង់រោងបុណ្យនិងការតាំងរូបថតលោក កែម ឡី ដែលមិនទាន់របៀបរយនៅឡើយ។ មានព្រះសង្ឃ យុវជន និងចាស់ៗប្រមាណ៣០អង្គនិងនាក់ កំពុងមមាញឹកក្នុងរៀបចំ។

ដើរចូលប្រហែល៥ទៅ១០ម៉ែត ពីក្លោងទ្វារច្រកចូលវត្ត មានតុកៅអីរាប់រយដាក់គរតម្រៀបគ្នា ខណៈរោងបុណ្យនៅមិនទាន់រៀបចំហើយ។ ដោយសារមិនសូវមានយុវជនទៅជួយ ទើបព្រះសង្ឃខ្លះចងក្បិន ដើម្បីឡើងចងរូបគំនូរនិងរូបថតអ្នកវិភាគល្បីឈ្មោះរូបនេះ។ ព្រះសង្ឃខ្លះជាអ្នកឡើងចង ព្រះសង្ឃខ្លះជួយឈរទប់ជណ្តើរពីក្រោយ ព្រះសង្ឃខ្លះទៀតជួយចង្អុលប្រាប់ទីតាំងតែត្រូវចងឲ្យសមរម្យ។ រហូតដល់ម៉ោង១០ព្រឹក ព្រះអាទិត្យចាប់ផ្តើមក្តៅ ព្រះសង្ឃនៅតែបន្តរៀបចំបរិវេណកន្លែងធ្វើបុណ្យទាំងហូរញើសសស្រាក់តែទឹកមុខនៅតែញញឹម។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាសមាជិកគណៈកម្មការរៀបចំបុណ្យនេះក៏កំពុងមមាញឹកក្នុងការរៀបចំដូចព្រះសង្ឃផ្សេងដែរ។ បន្ទាប់ស្បើយពីការងារបន្តិច ព្រះអង្គមានសង្ឃដីកាប្រាប់អ្នកសារព័ត៌មានវីអូឌីថា ព្រះអង្គផ្ទាល់ និងក្រុមការងារផ្សេងទៀត ត្រូវតែប្រញាប់ប្រញាល់បន្តិចក្នុងការរៀបចំឲ្យហើយ ព្រោះកម្មវិធីត្រូវផ្តើមនៅថ្ងៃស្អែកនេះហើយ។

មានសង្ឃដីកាប្រាប់អ្នកព័ត៌មានបណ្តើរ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ឆ្លៀតមើលក្រុមការងារបណ្ដើរដែលកំពុងចងរូបថតនៅជ្រុងម្ខាងនៃព្រះអង្គ។ បើទោះជាក្រុមការងារខំប្រឹងប្រែងយ៉ាងណា ក៏ព្រះតេជគុណនៅតែបារម្ភខ្លាចការរៀបចំរោងនេះមិនទាន់តាមការគ្រោងទុក ដោយសារក្រុមការងារមានចំនួនតិច។

ព្រះតេជគុណមានសង្ឃដីកាថា៖ “អាត្មាបើមើលបាន៥០% ហើយចំនួនអ្នកដែលមកចូលរួមហ្នឹង០.៥% ហើយអ្នកដែលមកចូលរួមចឹងបើនិយាយពីរោងបុណ្យវិញបានច្រើនភាគរយហើយ ដោយឡែកព្រះសង្ឃបាន៦០%ហើយក្រុមព្រះសង្ឃ ចំណែកឯក្រុមព្រះសង្ឃឯករាជ្យមន្តមកដល់ច្រើនអង្គហើយ លូវយើងមើលលក្ខណៈជាក់សែ្ដងព្រះសង្ឃកំពុងតែសស្រាក់សស្រាំ អី្វដែលអាត្មាចង់ឃើញបង្អួតព្រះសង្ឃដោយសារចង់ឲ្យពុទ្ធបរិស័ទចូលរួមដែល។ ញតិ្តញោមពុទ្ធបរិស័ទ យុវជន កែម ឡី និយមគ្រប់គ្នា គ្រប់មជ្ឈមទាំងអ្នកនយោបាយទាំងអស់ចូលរួមឲ្យបានគ្រប់គ្នា អញ្ជើញចូលរួមពេលដែលការងារកំពុងតែមាននៅក្នុងដៃ សូមកុំចាំពេលដែលធើ្វរោងរួចដល់ម៉ោងចាំមកតែថតរូប អាហ្នឹងអត់មានន័យអីទេ។ ឡូវមើលទៅមិនទាន់បានរៀបអីទេផ្កាមិនដឹងនៅណា យើងរៀងព្រួយបារម្ហដែល ក៏ប៉ុនែ្តឥលូវទើបថ្ងៃទី១៣យើងធើ្វបាន៣០%មានន័យថាយើងមានពេលមួយថៃ្ងទៀតយើងធើ្វបាន នៅឥលូវនេះយើងនៅខ្វះអ្នករៀបចំផ្កានិងរូបថតដែលមិនទាន់បានបិត នៅខ្វះផ្ទាំងអិលស៊ីឌីមិនទាន់បាន យើងនៅច្រើន ប៉ុន្តែអាត្មាភាពនឹងខំប្រឹងធើ្វការងារឲ្យអស់លទ្ធភាពនិងជោគជ័យត្រឹមថៃ្ងនេះ“។

ម៉ោងជាង១០ព្រឹកថ្ងៃនេះ រោងនៅមិនទាន់រៀបចំហើយ ចំណែករូបថតនិងផ្ទាំងគំនូររូបលោក កែម ឡី មួយចំនួនបានចងព្យួរហើយ ចំណែកមួយចំនួនទៀតទុកគរលើគ្នានៅឡើយ។ រូបដែលចងព្យួរហើយគឺភាគច្រើនជារូបដែលបង្ហាញពីសកម្មភាពរបស់លោក កែម ឡី ពេលដែលលោកដឹកនាំយុវជនចុះស្រាវជ្រាវនិងសកម្មភាពចូលរួមសិក្ខាសាលាផ្សេងៗ។ រូបភាពដែលស្ទើរទាំងអស់របស់លោក កែម ឡី ដែលបង្ហាញពីស្នាមញញឹមរបស់លោក ក៏ផ្នែកមួយនៃការជួយផ្តល់កម្លាំងចិត្តដល់អ្នករៀបចំរោងបុណ្យនេះដែរ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានឲ្យដឹងថា ក្នុងរោងបុណ្យនេះមានបែងចែកជាផ្នែកសំខាន់ៗដូចជា កន្លែងតាំងរូបថត កន្លែងបញ្ជាំងពីវីឌីអូពីសកម្មភាពលោក កែម ឡី កាលពីគាត់នៅរស់ កន្លែងសម្រាប់រៀបចំពិធីតាមប្រពៃណីសាសនា និងកន្លែងភ្ញៀវអង្គុយជាដើម។

ក្នុងចំណោមព្រះសង្ឃ មានយុវជននិងយុវតីនិងចាស់ៗមកពីខេត្តនានាចូលរួមជួយរៀបចំតុកៅអីដែលមិនទាន់មានរបៀបរៀបរយនៅក្នុងរោងបុណ្យផងដែរ។ យុវតីម្នាក់ពីខេត្តកំពង់ចាមប្រាប់ពីគោលបំណងដែលខ្លួនស្កាត់មកជួយរៀបចំពិធីបុណ្យនេះ។ នាងនិយាយថា កន្លងមកនាងធ្លាប់ទទួលបានវគ្គបណ្ដុះបណ្ដាលខ្លីៗពីលោកបណ្ឌិត កែម ឡី ដោយនាងចាត់ទុកលោកជាគ្រូនិងជាវីរបុរសដែលហ៊ានលះបង់ជីវិត ព្រោះតែលោកហ៊ាននិយាយការពិត។

នាងមានប្រសាសន៍ថា៖ “ខ្ញុំរំភើបនូវការលះបង់របស់គាត់ហើយនឹងអាឡោះអាល័យដែលគាត់បាត់បង់ជីវិតទៅ ដែលប្រទេសជាតិយើងបាត់បង់អ្នកវិភាគឯករាជ្យដែលចេះដឹងយល់ពីបញ្ហាសង្គម ហើយណាមួយមិនទាន់មានយុត្តិធម៌សម្រាប់គាត់ទៀត។ ខ្ញុំខំស៊ូមកពីកំពង់ចាមមកដើម្បីជួយកម្មវិធីនេះគឺរហូតទាល់តែចប់កម្មវិធីបុណ្យនេះតែម្ដង“។

យុវជនម្នាក់ទៀតដែលមកពីខេត្តព្រះវិហារលើកឡើងថា លោកមកនេះគឺដើម្បីមកចួលរួមបុណ្យនិងជួយរៀបចំរោងបុណ្យ។

យុវជនរូបនោះបន្តថា៖ “និយាយរួមខ្ញុំចូលរួមទាំងរៀបចំនិងចាត់ចែងតាមលទ្ធភាពដែលអាចធើ្វបានដូចជារៀបចំកន្លែងរោងមានអី្វដែលទទួលភ្ញៀវនៅតាមរោងដែលមានអី្វដែលយើងកំពុងធើ្វ ដោយសារក្រុមដែលចាត់ចែងគាត់កាន់តួនាទីនិងមិនទាន់មកដល់ ចឹងយើងចាត់ចែងទៅតាមហ្នឹងសិន មានចងរូបភ្ជាប់រោងរៀបពាក្យស្លោកអីផ្សេងៗ“។

មិនមែនមានតែយុវជនទេដែលឡើងពីខេត្តដើម្បីមកចូលរួមរៀបចំពិធីបុណ្យ លោក កែម ឡី នៅថ្ងៃស្អែកនេះ។ វ័យជាង៨១ឆ្នាំ មកពីខេត្តកំពត លោក តឹក ថាន ឲ្យដឹងថា លោកមកភ្នំពេញ៥ថ្ងៃហើយដើម្បីមកចូលរួមក្នុងពិធីបុណ្យខួប១០០ថ្ងៃនេះ។

លោកមានប្រសាសន៍ថា៖ “ខ្ញុំនិយាយលែងចេញហើយ ហួសចិត្តដោយសារមានខែ្មរយើងមានអ្នកសេ្នហាជាតិដើម្បីបង្ហាញផ្លូវកូនខែ្មរជំនាន់ក្រោយៗឲ្យដឹងធើ្វម៉េចល្អធើ្វម៉េចអាក្រក់ ហើយខ្ញុំមកនេះគ្មានអ្នកណាពឹងផែ្អកថាត្រូវតែមកអី គឺខ្ញុំមកដោយចិត្តស្ម័គ្រ មិនមែនទើបមកទេការហែក៏មកដែរ ខ្ញុំហែទៅដល់ស្រុកគាត់បានខ្ញុំត្រលប់ទៅវិញ ខ្ញុំលឺថាធើ្វបុណ្យខ្ញុំមកទៀត“។

លោកតាវ័យ៨១ឆ្នាំរូបនេះបន្តថា ពេលឮដំណឹងថាអាជ្ញាធរមិនអនុញ្ញាតឲ្យគណៈកម្មការរៀបចំពិធីបុណ្យខួប ១០០ថ្ងៃជូនលោក កែម ឡី នៅរាជធានីភ្នំពេញ លោកថាមានប្រជាពលរដ្ឋជាច្រើនបានទូរសព្ទមកសួរនាំលោក ពីបញ្ហាដែលអាជ្ញាធរមិនអនុញ្ញាត។

ទោះជាយ៉ាងណា សាលារាជធានីបានផ្លាស់ប្តូរជំហររបស់ខ្លួន ដោយអនុញ្ញាតឲ្យរៀបចំពិធីបុណ្យខួបលោក កែម ឡី នៅវត្តចាស់វិញ។

បុណ្យគម្រប់ខួប១០០ថ្ងៃរបស់លោក កែម ឡី ធ្វើរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែតុលា។ ចាប់ពីថ្ងៃទី១៤និង១៥ បុណ្យធ្វើនៅវត្តចាស់ក្នុងរាជធានីភ្នំពេញ ចំណែកនៅថ្ងៃទី១៦ចាប់ផ្តើមហែរូបសំណាកលោក កែម ឡី ទៅកាន់ខេត្តតាកែវ ហើយនៅថ្ងៃទី១៧ធ្វើបុណ្យនៅទីនោះមួយព្រឹកទៀត។

លោក កែម ឡី អាយុ៤៦ឆ្នាំជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនៅកម្ពុជាត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែង ម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយបាញ់សម្លាប់ សពលោកបណ្ឌិតត្រូវបានតម្កល់ទុកពីរសប្តាហ៍នៅវត្តចាស់ក្នុងរាជធានីភ្នំពេញ មុននឹងដង្ហែទៅបញ្ចុះនៅស្រុកកំណើតរបស់លោកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលមនុស្សចូលរួមខ្ទង់២លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ