យ៉ាន លីនដា ចេញ​លុយ​ឲ្យ​ គង់ ច័ន្ទ​​​ស្រី​មុំនិង​ស្វាមី ទៅកោះមាឌីវ

គង់ ច័ន្ទ​ស្រី​មុំ និង​​លោក​​ គឹម សីហា ​​​​​​​(រូបថតពីហ្វេសប៊ុក)

នៅ​ទី​បំផុត​គូ​ស្នេហ៍តារា​សិល្បៈ​២​ដួង​គឺ​ ​​គង់ ច័ន្ទ​ស្រី​មុំ និង​​លោក​​ គឹម សីហា ​​​​​​​បាន​ឈាន​ដល់​អាពាហ៍ពិពាហ៍​ជា​​ផ្លូវ​ការ​​ជាមួយ​គ្នា​ហើយ​កាល​ពី​ថ្ងៃ​ទី​​​​១៤ ខែ​មីនា ​ដោយ​​មាន​ភ្ញៀវ​កិត្តិយស​​​យ៉ាង​កុះ​ករ​ចូល​រួម​អបអរ។ ​​​​​​​​​​​​​​អ្វីដែល​គេ​ចាប់​អារម្មណ៍ គឺ​​អ្នកទាំង​ពីរ​ត្រូវ​បាន​អ្នក​នាង​យ៉ាន លីនដា ​អតីត​​ភរិយា​របស់​លោក​យ៉ែម សំអូន ​​បាន​​​ផ្ដល់​​​​​កាដូ​ឲ្យ​យ៉ាង​ពិសេស​គឺការធ្វើដំណើរ​ទៅ​ក្រេប​ទឹក​ឃ្មុំ​​​នៅ​កោះ​ម៉ាឌីវ​រយៈ​ពេល​​​​៣​យប់​​​៤​ថ្ងៃ​​​​ឲ្យ​អ្នក​ទាំង​ពីរ ធ្វើ​ជា​ចំណង​ដៃ​​ក្នុង​ថ្ងៃ​អាពា​ហ៍​ពិពាហ៍​​។

​នៅ​​លើ​​​​ទំព័រហ្វេសប៊ុក​របស់​អ្នក​នាង​យ៉ាន​ លីនដា ​​អ្នក​នាង​បាន​បង្ហោះ​វីដេអូ​​​រយៈពេល​ជិត​​​​៣​នាទី​នៅ​ថ្ងៃ​ទី​​១៤ ខែមីនា​ ត្រូវ​​នឹង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​ ​របស់​​​​​​​​តារា​សម្ដែង​​នាង គង់ ច័ន្ទ​ស្រី​មុំ និង​​​​​​​​​លោក​គឹម សីហា ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​អ្នក​នាង​បញ្ជាក់​ថា​​​​​​​​​​​​​​​​គឺ​ជា​រឿង​សោកស្ដាយ​ដែលអ្នក​នាង​មិន​អាច​មក​​ចូល​រួម​ក្នុង​​​​មង្គល​របស់តារា​ទាំង​ពីរ ​ ដោយ​សូម្បី​តែ​អ្នក​ទាំង​ពីរ​​គឺ​​តារា​​សិល្បៈជំនាន់​ក្រោយ​ដែល​មាន​ទឹក​ចិត្ត​​ចំពោះ​អ្នក​នាង​​​នៅ​គ្រប់​កាលៈទេសៈ​​​។ ​​​ក្នុង​​ពាក្យ​សម្ដីជូន​ពរ​​​ ប៉ុន្តែ​គេ​កត់​សម្គាល់​ថា​​​អ្នក​នាង​យ៉ាន លីនដា ​​​​​​មិន​សូវ​ស្រស់ថ្លា​នោះ​ទេ ដោយពេល​ខ្លះ​ក៏​​​​​​​​​​បង្ហាញ​ទឹក​​មុខ​ស្រពាប់​ស្រពោន​និង​​​​​បន្លឺ​សំឡេង​​​​មួយ​ៗ​ដែល​មិន​ខុស​ពី​​​មនុស្ស​មាន​ទុក្ខ។

 អ្នក​នាង​យ៉ាន លីនដា ​ ​​​​និយាយ​ថា​​​​​​​​​​​៖ “បង​សូម​ជូន​ពរ​ដល់​ប្អូន​ទាំង​ពីរ​ក្នុង​ថ្ងៃអាពាហ៍ពិពាហ៍​របស់​ប្អូន សូម​ឲ្យ​ប្អូនទាំង​ពីរ​ជួប​តែសុខ​សុភមង្គល ការ​ស្រឡាញ់​​កើន​ឡើង​ៗ ស្រឡាញ់​គ្នា​ថែរក្សាគ្នា ដល់​ចាស់​កោង​ខ្នង បង​​ពិត​ជា​សោក​ស្ដាយណាស់ដែល​ថ្ងៃ​នេះ​បង​មិន​បាន​ទៅ​ចូល​រួម​ក្នុង​ថ្ងៃ​ពិសេស​របស់​ប្អូន បងជឿជាក់​ថា​ប្អូន​ប្រាកដជា ជា​កូន​​ក្រមុំ​​​ដ៏​ស្រស់ស្អាត និង​ជាកូន​កំលោះ​ដ៏ស្រស់សង្ហា…គឺជាគូស្វាមី​មួយដែល​គួរ​ឲ្យ​ស្រឡាញ់​!”

បន្ថែម​ពី​​លើ​​​សារជូន​ពរ​​ដ៏មាន​អត្ថន័យ អ្នក​នាង​ក៏​បាន​ប្រកាស​នៅ​ក្នុង​វីដេអូឃ្លីបនោះ​​ថាខ្លួន​​​​​​​​​​​​បាន​​​​​​ត្រៀម​កាដូ​​យ៉ាង​ពិសេស​ជូន​ដល់​កូន​ក្រមុំ​​​​​​​​​និង​កូ​នកំលោះទាំង​ពីរ​​ជាថ្នូរដែល​អ្នក​នាង​​មិន​អាច​មក​ចូល​រួម​មង្គល​​កា​រ​នៅ​​​​ក្នុង​ប្រទេស​កម្ពុជា​​​​​បាន។ ​អ្នក​នាង​​​​និយាយ​ថា៖ “ដោយសារ​បង​មាន​បញ្ហា​​​ផ្ទាល់​ខ្លួនទើប​​បង​មិន​អាច​ទៅ​ចូលរួម ប៉ុន្តែ​បង​ក៏​បាន​ត្រៀម​នូវ​កាដូអាពាហ៍ពិពាហ៍​​ដល់​ប្អូន​​​ទាំ​ងពីរ​ផងដែរ​(ដកដង្ហើម​)…បង​ធ្លាប់​ឮ​ថា​ប្អូន​ទាំង​ពីរ​ចង់​​ស្គាល់​កោះ​ម៉ាឌីវ ដូច្នេះ​កាដូដែល​បង​បាន​ត្រៀម គឺ​ការ​ក្រេបទឹក​​​ឃ្មុំ​របស់​ប្អូន​ទាំងពីរនៅ​កោះ​ម៉ាឌីវ​តែម្ដង រយៈពេល​​៣​យប់​​៤​ថ្ងៃ!”។ អ្នក​នាង​បាន​លើក​បង្ហាញ​នូវ​កញ្ចប់​​​​​​​​​ដំណើរ​កម្សាន្តទៅ​កោះ​​ម៉ាឌីវ ​​​បង្ហាញ​នៅ​ក្នុង​វីដេអូឃ្លីប ​​​​​​​​ដែល​​ខ្លួន​បាន​ទិញ​​​ធ្វើជា​កាដូ​ដល់​​​​​​​តារា​សម្ដែងគង់ ច័ន្ទស្រីមុំ និង​លោក​គឹម សីហា។ ​យ៉ាង​ណា​ក៏​ដោយ អ្នក​នាង​មិន​បាន​បញ្ជាក់​​ឲ្យ​ដឹង​ពី​​​តម្លៃ ​ពី​កាលបរិច្ឆេទ​​​សម្រាប់​​ឲ្យ​កូន​កំលោះកូន​ក្រមុំ​​​​​​​ចេញ​ដំណើរនិង​​​​​​​​​​​​​ប្រាប់​​ឲ្យ​ដឹង​ថា​​​​​​​​​​កញ្ចប់​កាដូដែល​ខ្លួន​​​​​​​​​​​​​​ធ្វើ​ជាកាដូ​នេះ នឹង​​​ធ្លាក់​មក​ដល់​ស្រុក​ខ្មែរ​(ពីអូស្រ្តាលី)​នៅ​ថ្ងៃ​ណា​​​ឲ្យ​ប្រាកដ​នោះ​ទេ ​​​​​​ក្នុង​ពេល​ដែល​​ការ​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម ក៏​មិន​ត្រូវ​បាន​ អ្នក​នាង​យ៉ាន លីនដា ​​ឆ្លើយ​តប​។ ​​​

ពាក់​ព័ន្ធ​នឹង​ការ​ផ្ដល់​កាដូ​ដ៏​កម្រ​​​នេះ អ្នក​នាង​យ៉ាន លីដា បញ្ជាក់​ថាគឺ​​ជា​​​​​​ដោយ​សារ​តែ​តារាសម្ដែង​ទាំង​ពីរ​គឺជា​​ប្អូន​ដ៏​ល្អ​នៅ​ក្នុង​សិល្បៈនិង​ដោយ​សារ​តែ​នាង​ក៏​ចង់សម្រេច​គោល​បំណង​​ចង់​ទៅ​លេង​កោះ​ម៉ាឌីវរបស់​​គង់ ច័ន្ទ​ស្រីមុំ និង​លោក ​គឹម សីហា ​​នា​ពេល​កន្លង​មក​នោះផង។ អ្នក​នាង​​និយាយថា​៖ “​នេះ​គឺ​ជា​​កាដូ​ដែល​បង​ស្រី​ម្នាក់​នេះ​បាន​ត្រៀម​ជូន បង​ពិតជា​អរគុណ​ដល់​ប្អូន​ទាំង​ពីរដែលកន្លង​មក​​ទាំង​កា​រ​ស្រឡាញ់ ការ​គោរព ការ​រាប់​អាន ប្អូន​ពិត​ជាស្មោះអស់​ពី​ដួង​ចិត្ត មិន​ថា​បង​នៅ​ទី​ណា​ទេ បង​នៅ​ស្រុកខ្មែរ បង​នៅ​អូស្រ្តាលី គឺ​ប្អូន​ទាំង​ពីរ​តែង​តែ​បារម្ភ​ពី​បង​សួរ​សុខ​ទុក្ខបង!”។ ​

អ្នកនាង យ៉ាន លីនដា​ កាលពីកន្លងទៅ​
អ្នកនាង យ៉ាន លីនដា​ កាលពីកន្លងទៅ​

នៅ​ចុងបញ្ចប់​វីដេអូឃ្លីប ​​អ្នក​នាង​យ៉ាន លីនដា ​បាន​អះ​អាង​ថា​កញ្ចប់​​​​​​ដំណើរ​កម្សាន្ត​​ទៅកោះ​ម៉ាឌីវរយៈ​ពេល​​​៣​យប់​​៤​ថ្ងៃ​​​​​របស់​ខ្លួន​ពិត​ជា​ធ្វើ​​ឲ្យ​​​​​​​​តារា​សម្ដែង​គង់ ច័ន្ទស្រី​មុំ ​និង​ស្វាមី​​​​​​​​ទទួល​បាន​​​​​​​​អនុស្សាវរីយ៍​កាន់​តែ​​​​​​ផ្អែម​ល្ហែម​ ហើយ​នឹង​ធ្វើ​​ឲ្យ​ចង​ចាំ​ទឹកចិត្តរបស់​ខ្លួន​អស់​មួយ​ជីវិត​​​ ដែល​អ្នក​នាង​​​​បញ្ជាក់​ថាគឺទោះជា​​​​​​អ្នក​នាងនិង​គូ​ស្នេហ៍​​ទាំង​ពីរ​​នេះ​​រស់​នៅ​ឆ្ងាយ​គ្នាក៏​នៅ​តែ​រាប់​អាន​គ្នា​​​​​​។

​​គួ​រ​បញ្ជាក់​ផងដែរ​ថាតារា​សម្ដែង​គង់ ច័ន្ទ​ស្រី​មុំ ​​និង​លោក ​គឹម សីហា គឺ​ជា​អតីត​​បេក្ខភាព​ក្នុង​កម្មវិធី Freshie  ដែល​ស្រឡាញ់​គ្នាបើក​ចំហរ​​យូរ​ឆ្នាំ​មក​ហើយ​។ ​អ្នក​ទាំង​ពីរ​បាន​​​​ចូល​រោង​ជ័យ​កាល​ពី​ថ្ងៃទី​​១៤ មីនា ​​​ក្នុង​ឆ្នាំ​​២០​១៦​នេះនៅ​សណ្ឋាគារសូហ្វីតែល​ភ្នំពេញ​ ​ដោយ​​​​​​បាន​​​ប្រកាស​ថា​ចំនួន​ភ្ញៀវ​កិត្តិយស​​ប្រមាណ​​​​៧០០ត្រូវ​បាន​អញ្ជើញ​​​ឲ្យ​ចូល​រួម​។ មង្គល​របស់​អ្នកទាំង​ពីរ​ត្រូវ​គេ​ឃើញ​តុប​តែង​លម្អ​​ដោយ​ផ្កា​ស្រស់និង​​​​​រៀប​​ចំ​យ៉ាង​ប្រណីត​​​មិន​ចាញ់​មង្គល​ការ​​​​​​​​​របស់​​​អ្នកមាន​ទ្រព្យ​ស្ដុក​​ភាគ​ច្រើន​នោះ​ទេ។

​​គង់ ច័ន្ទស្រីមុំ ធ្លាប់​បានបញ្ជាក់​ថា​​​គ្រោង​ចំណាយ​ប្រមាណ​១០ម៉ឺន​ដុល្លារសម្រាប់​ពិធី​នេះ​​។ ​យ៉ាង​ណា​ក៏​ដោយ​ គេ​មិន​ទាន់ដឹង​ថា​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នឹង​ចាក​ចេញទៅ​ក្រេបទឹក​ឃ្មុំ​តាម​ការ​រៀប​ចំ​កាដូ​ពិសេស​របស់​អ្នក​នាង​យ៉ាន លីនដា នៅ​ថ្ងៃ​ណា​ទេក្រោយ​ចប់​មង្គល​ការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ