ក្រសួងធនធានទឹកថា ភ្ញៀងកក់ខែនឹងធ្លាក់រាយប៉ាយពេញ១សប្តាហ៍នៅអំឡុង​ខែមីនានេះ​

ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨​ ម៉ោង 4:11 PM | បរិស្ថាន | 0 | 2998

ក្រសួងធនធានទឹក បានឲ្យដឹងថា កម្ពុជានឹងមានភ្លៀងកក់ខែ​ធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរស្ទើរទូទាំងប្រទេស​ពេញ​ ១​សប្តាហ៍ អំឡុងខែមីនា​នេះ​ ដោយសារតែទទួលរងឥទ្ធិពលពីខ្យល់ដែលបក់មកពី​សមុទ្រ​ចិនខាងត្បូង។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ដើម​សប្ដាហ៍​នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ឥទ្ធិពលរបស់ខ្យល់​បក់​មក​​ពីសមុទ្រចិនខាងត្បូង នឹងបង្កឲ្យមានភ្លៀងកក់ខែ​ធ្លាក់រាយប៉ាយ​ក្នុងកម្រិតពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែមីនា នៅ​រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង​ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ។

ក្រសួងធនធានទឹកឲ្យដឹង​ទៀត​ថា បណ្ដារាជធានី-ខេត្ត ដែលមានភ្លៀងកក់ខែ សីតុណ្ហភាពអតិបរមា នឹងថយចុះ​មកនៅក្នុងរង្វង់ ៣៣-៣៤ អង្សាសេ ឯបណ្ដាខេត្តដទៃទៀត សីតុណ្ហភាព​អតិបរមា ដោយ​ស្ថិតក្នុងរង្វង់ ៣៥-៣៦ អង្សាសេ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required