សកម្មជន​បរិស្ថាន​ថា អាជ្ញាធរ​ខេត្ត​កោះកុង​រារាំង​មិន​ឲ្យ​ជួប​ជុំ​ធ្វើ​បុណ្យ​រំលឹក​គុណ​ព្រៃ​កោង​កាង

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 1:32 PM | សិទ្ធិមនុស្ស | 0 | 3752

សកម្មជន​បរិស្ថាន​នៅ​ឯ​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា ក្រុម​យុវជន ប្រជា​សហគមន៍ និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ជិត ៣០០​នាក់ នៅ​ថ្ងៃ​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រារាំង មិន​ឲ្យ​រៀបចំ​ពិធី​បុណ្យ​រំលឹកព្រៃ​កោងកាង​នោះ​ឡើយ ដែល​នេះ​វា​ផ្ទុយ​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​មុន។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក ម៉ូត គឹមរី បាន​ប្រាប់​វីអូឌី​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា អង្គការ​របស់​លោក​បាន​ជូន​ដំណឹង​ទៅ​សាលា​ខេត្ត​កោះកុង​​រួច​ហើយ អំពី​ពិធី​ជួប​ជុំ​នេះ ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​លើ​កោះ​ស្រឡៅ​ ហើយ​ក៏​ទទួល​បាន​ការ​អនុញ្ញាត​ផង​ដែរ។

លោក​អះអាង​ថា ប៉ុន្តែ អាជ្ញាធរ​ឃុំ​កោះស្រឡៅ បាន​រារាំងសកម្មភាព​ជួប​ជុំ​នេះ ដោយ​ប្រាប់​ថា បារម្ភ​ខ្លាច​ប៉ះ​ពាល់​ដល់​ការរស់​នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ។

លោក ម៉ូត គឹមរី បញ្ជាក់​ថា​៖ “ប្រព័ន្ធ​រដ្ឋបាល​របស់​សាលា​ខេត្ត​ហ្នឹង​គឺ​មាន​ភាព​ស្មុគ​ស្មាញ ការិយាល័យធិបតេយ្យ ដែល​យើង​ធ្លាប់​និយាយ​ថា ផ្ដល់​ភាព​ស្មុគ​ស្មាញ​ដល់​ភាគី​ដែល​រៀបចំ​អី​ហ្នឹង គឺ​មាន​ន័យ​ថា ពួកគាត់​តែង​រារាំង​សកម្មភាព​យុវជន​ដែល​ធ្វើការ​ទាក់​ទង​នឹង​បរិស្ថាន ឬ​ធនធាន​ធម្មជាតិ”។

លោក​បាន​ចាត់​សកម្មភាព​របស់​អាជ្ញាធរ​ឃុំ​កោះស្រឡៅ​ថា ជា​ទង្វើ​ផ្ទុយ​ទៅ​នឹង​ឆន្ទៈ​របស់​លោក​នាយរដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​គាំ​ទ្រ​​ដល់​យុវជន ឲ្យ​ចូល​រួម​ការពារ​ធន​ធាន​ធម្មជាតិ។

កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន ក្នុង​ពិធី​សំណេះ​សំណាល​មួយ​ទាក់​ទង​នឹង​បរិស្ថាន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​ទៅ​អាជ្ញាធរ​ឲ្យ​លើក​ទឹក​ចិត្ត​ដល់​មហាជន ជាពិសេស​យុវជន ឲ្យ​ចូល​រួម​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ៕

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required