ក្រសួងព័ត៌មានបានព្រមានដកហូតអាជ្ញាធរប័ណ្ណប្រព័ន្ធផ្សព្វផ្សាយណា ដែលក្រសួងថា ល្មើសនឹងច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ ខណៈដែលការបោះឆ្នោតនេះ កាន់តែខិតជិតចូលមកដល់នៅដើមខែក្រោយនេះ។
ក្នុងលិខិតចុះថ្ងៃទី ១១ខែឧសភា ក្រសួងព័ត៌មានបានអំពាវនាវទៅម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាងកាសែត ម្ចាស់គេហទំព័រ ដែលមានបំណងចង់លក់ ឬជួលម៉ោងឱ្យគណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត ឲ្យយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមក្របសីលធម៍វិជ្ជាជីវៈសារព័ត៌មាន និងបទប្បញ្ញត្តិច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
ក្រសួងបានណែនាំទៅប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបញ្ឈប់គ្រប់សកម្មភាពឃោសនា ២៤ម៉ោងមុនថ្ងៃបោះឆ្នោត និងមិនត្រូវផ្សព្វផ្សាយព័ត៌មានដោយទុច្ចរិត ដែលក្រសួងថា ធ្វើឱ្យបាត់បង់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំដែលនាំឱ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
ក្រសួងបានព្រមានថា នឹងដកហូតអាជ្ញាប័ណ្ណ និងបិទការផ្សាយ ប្រសិនបើរកឃើញថា ប្រព័ន្ធផ្សព្វផ្សាយណា បានបំពានច្បាប់ និងគោលការណ៍ណែនាំរបស់ក្រសួង៕