រដ្ឋាភិបាលគ្រោងបង្កើនថវិកាជាតិឆ្នាំ២០១៧ជាង៥០០លានដុល្លារ កើនឡើង​ជាង​១២ភាគរយ​

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោក វង្សី វិស្សុត (ដោយ ទូច សុខា)

រដ្ឋាភិបាលគ្រោងនឹងបង្កើនថវិកាជាតិសម្រាប់ឆ្នាំ២០១៧ជាង១២ភាគរយ ក្នុងទំហំទឹកប្រាក់ប្រហែលជា៤៨០០លានដុល្លារអាមេរិក ដោយក្នុងនោះរដ្ឋាភិបាលចំណាយលើការដំឡើងប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងសិក្ខាសាលាស្វែងយល់ពីនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៧ នៅវិមានរដ្ឋសភានាព្រឹកថ្ងៃអង្គារនេះ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោក វង្សី វិស្សុត ថ្លែងក្នុងសិក្ខាសាលាថានៅឆ្នាំ២០១៧ខាងមុខនេះ រដ្ឋគ្រោងបង្កើនការចំណាយ១២,៣៧ភាគរយលើសឆ្នាំ២០១៦ ដែលមានការចំណាយប្រហាក់ប្រហែលល៤៣០០លានដុល្លារអាមេរិក។  ថវិកាជាតិឆ្នាំ២០១៦ រដ្ឋាភិបាលបានបង្កើនថវិកាជាតិពី៣៦០០លានដុល្លារក្នុងឆ្នាំ២០១៥មក៤៣០០លានដុល្លារដែលមានកំណើនប្រមាណ១៦,៥ភាគរយ។

បើតាមលោករដ្ឋលេខាធិការរូបនេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះបន្តិចនៅឆ្នាំ២០១៧ គឺមានប្រមាណជា៦,៩ភាគរយ បើប្រៀបធៀបជាមួយឆ្នាំ២០១៦ រំពឹងថាមានប្រមាណជា៧,១ភាគរយ។ លោកបន្តថាប្រទេសជាច្រើននៅលើពិភពលោកមានកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ដោយឡែកលោកថាកម្ពុជាបានដើរបញ្ច្រាស់និន្នាការនេះនិងថាកម្ពុជាបានក្លាយជាកូនខ្លាថ្មីមួយនៅអាស៊ី។ លោកឲ្យដឹងថាមានប្រទេសតែមួយចំនួនប៉ុណ្ណោះដែលបានរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដោយក្នុងនោះលោកថាមានបង់ក្លាដេស ឥណ្ឌា វៀតណាម កម្ពុជា ហ្វីលីពីន និងឥណ្ឌូនេស៊ីជាដើម។

លោកបន្ថែមថា៖ “អ៊ីចឹងបានព័ត៌មានថ្មីៗនេះ…យើងជាឯកទគ្គករក្នុងចំណោមប្រទេសទាំង៨(ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់) ឥឡូវគេហៅយើងថាកូនខ្លាថ្មីនៅអាស៊ី ប៉ុន្តែការផ្សព្វផ្សាយយើងនៅទន់ណាស់ អាល្អមិនសូវផ្សព្វផ្សាយទេ បើអាក្រក់ផ្សាយ(ពន្លើស)អាក្រក់ត្រឹមដប់ទេ ដាក់ដល់ម្ភៃ”

លោក វង្សី វិស្សុត បន្ថែមថាការចំណាយសម្រាប់ឆ្នាំ២០១៧កើតឡើងដោយសារតែត្រូវដំឡើងប្រាក់បៀវត្សរ៍ឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រាក់សម្រាប់សោធននិវត្តឲ្យបានកើនឡើងសម្រាប់ឆ្នាំ២០១៧និងត្រៀមឲ្យមន្ត្រីរាជការបានប្រាក់បៀវត្សរ៍យ៉ាងតិច១លានរៀននៅឆ្នាំ២០១៨។

ប្រហាក់ប្រហែលគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងក្នុងសិក្ខាសាលានោះដែរថាសេដ្ឋកិច្ចកម្ពុជានៅតែបន្តរឹងមាំនៅឆ្នាំ២០១៧ខាងមុខ បើទោះបីជាកំណើនសេដ្ឋកិច្ចមានតិចជាងឆ្នាំ២០១៦ក៏ដោយ។ លោកថាវិស័យឧស្សាហកម្មរំពឹងថាមានណើនក្នុងអត្រា១០,៩ភាគរយសម្រាប់ឆ្នាំ២០១៧ ខណៈឆ្នាំ២០១៦ ថាមានកំណើន១១,៨ភាគរយ។ ដោយឡែក លោកថាវិស័យសេវាកម្មធ្លាក់ចុះពី៧,១ភាគរយក្នុងឆ្នាំ២០១៦ មកត្រឹម៦,៨ភាគរយក្នុងឆ្នាំ២០១៧។ ចំណែកវិស័យកសិកម្មឯណោះវិញ រដ្ឋាភិបាលរំពឹងថានឹងកើនឡើងបន្តិចក្នុងអត្រា០,១៤ភាគរយសម្រាប់ឆ្នាំ២០១៧ ខណៈឆ្នាំ២០១៦នេះរំពឹងថាមានកំណើនត្រឹម០,១១ភាគរយ។

លោករដ្ឋមន្ត្រីបន្តថាគោលនយោបាយហិរញ្ញវត្ថុឆ្នាំ២០១៧ នឹងបន្តផ្តោតសំខាន់លើការបង្កើនគុណភាពសេវាសាធារណៈ ពង្រឹងវិស័យអប់រំ បង្កើនផលិតភាពកសិកម្ម កែលម្អហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនជាដើម។

គួរបញ្ជាក់ដែរថាធនាគារអភិវឌ្ឍន៍អាស៊ីADBកាលពីខែមីនា ឆ្នាំ២០១៦ បានលើកឡើងដែរថាសេដ្ឋកិច្ចកម្ពុជារយៈពេល២ឆ្នាំទៅមុខទៀតនឹងនៅរក្សាកំណើនរឹងមាំរបស់ខ្លួនដោយមានការជំរុញពីវិស័យវាយភ័ណ្ឌ សំណង់និងសេវាកម្ម ដោយបញ្ជាក់ថាបើទោះបីជាវិស័យទាំងនេះកំពុងជួបបញ្ហាប្រឈមមួយចំនួន ក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ