កុមារមួយចំនួននៅខេត្តក្រចេះបោះបង់ការសិក្សាព្រោះជីវភាពខ្វះខាត

កុមារមួយចំនួននៅឃុំមួយក្នុងខេត្តក្រចេះ បោះបង់ចោលការសិក្សា ដោយសារជីវភាពគ្រួសារខ្វះខាត គ្មានលទ្ធភាពដើម្បីទិញសម្ភារៈនិងសំលៀកបំពាក់ បន្តការសិក្សានៅរដូវវស្សាជារៀងរាល់ឆ្នាំ។

នៅថ្ងៃទី ១៤ ខែកក្តដា ឆ្នាំ ២០១៧ កុមារីម្នាក់ឈ្មោះ ចាន់ រឿន អាយុ ១៥ឆ្នាំ រស់នៅឃុំថ្មី ស្រុកចិត្របុរី បានឲ្យដឹងថា ការខកខានមិនបានចូលរៀនកន្លងមក គឺដោយសារតែគ្រួសារមានជីវភាពទីទាល់ក្រ និងម្តាយមានជំងឺគ្មានលុយព្យាបាល គ្មានសម្ភារៈសម្រាប់សិក្សា ទើបគេសម្រេចចិត្តឈប់រៀន ដើម្បីជួយរកប្រាក់ទ្រទ្រង់គ្រួសារ។

ទាក់ទងនឹងបញ្ហានេះ ម្តាយកុមារី ចាន់ រឿន បានឲ្យដឹងថា កូនរបស់គាត់ត្រូវបោះបង់ចោលការសិក្សាទាំងវៃក្មេង ដោយសារតែគាត់មានជីវភាពក្រលំបាក ហើយថែមមានជម្ងឺទៀត ដូច្នេះគាត់គ្មានលទ្ធភាពដើម្បីផ្គត់ផ្គង់ឲ្យកូនបានរៀនបន្តទេ។ អ្នកស្រីបន្ថែមទៀតថា បើសិនជាមានសប្បុរសជនឬអង្គការណា អាចជួយផ្គត់ផ្គង់ដល់សិស្សក្រីក្រឲ្យបានរៀន គាត់សប្បាយចិត្ត និងចង់ឲ្យកូនរៀន បន្ត។

លោកនាយសាលាមានប្រសាសន៍ថា មូលហេតុដែលសិស្សមិនបានមកសាលារៀន ដោយសារតែសិស្សរស់នៅឆ្ងាយពីសាលាពិបាកធ្វើដំណើរ។ លោកថា ខាងសាលាមានគោលការណ៍ បើកវគ្គបំប៉នដល់សិស្សានុសិស្សទាំងនោះ ព្រោះលោកមិនចង់ឃើញសិស្សទាំងអស់រៀនត្រួតថ្នាក់ និងឈប់រៀននោះទេ។
លោកមេឃុំ ឃុំថ្មី មានប្រសាសន៍ថា លោកតែងតែចុះផ្សព្វផ្សាយនិងពន្យល់ដល់ប្រជាពលរដ្ឋអំពីបញ្ហាសិស្សអវត្តមានមិនបានមករៀន ប្រាប់ដល់មាតាបីតាសិស្ស ហើយលោកបានស្នើរសុំឲ្យជំរុញនិងបញ្ជូនកូនៗ បានមកបន្តការសិក្សាគ្រប់ៗគ្នា។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តក្រចេះ  អ្នកស្រី ណេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។