លោក ហ៊ុន សែន ព្រមានវាយខ្នោះអ្នកដែលនិយាយពាក់ព័ន្ធទ័ពឡាវចូលទឹកដី​​កម្ពុជា​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោក ហ៊ុន សែន បានព្រមាន​ថា ​នឹង​វាយ​ខ្នោះអ្នកណា ដែលលោក​ថា ហ៊ាននិយាយចោទគណបក្សកា​ន់​អំណាច​ ប្រើនយោបាយបណ្តេញកងទ័ពឡាវចេញពីទឹកដីខ្មែរ​ ដើម្បីកេង​ចំណេញ​សន្លឹកឆ្នោត។

ក្នុងពិធីចែកសញ្ញាបត្រនៅព្រឹកថ្ងៃទី១៤ ខែសីហា នេះ លោក ហ៊ុន សែន ថ្លែងថា អ្នកណាដែល​អត្ថាធិប្បា​យ​ពាក់ព័ន្ធកងទ័ព​ឡាវ​​ចូល​ទឹកដីខ្មែរ ហើយបែរជាអត្ថាធិប្បាយថា ជានយោបាយរបស់​គណ​បក្សប្រ​ជា​ជនកម្ពុជា ដើម្បី​ចំណេញ​សន្លឹកឆ្នោត លោកថានឹង​ត្រូវតែចាប់វាយខ្នោះបុគ្គលនោះ​ ដូចករណីមេ​បក្ស​អំណាចខ្មែរ លោក សួន​ សេរីរដ្ឋា។

លោកថ្លែងថា «ខ្ញុំព្រមានសារជាថ្មីចំពោះអ្នកធ្វើអត្ថាធិប្បាយ​ ដើម្បីយកសំឡេងឆ្នោត បើអ្នកប្រមាថសន្តិ​សុខ​​ជាតិ​ ខ្ញុំក៏មិនអាច​អត់ឱនឲ្យអ្នកឯងបានដែរ មិនមែនជាការគំរាមកំហែងទេ តែនេះជារឿង​ពិតដែល ត្រូវ​ធ្វើ លើការជាក់ស្តែងបាន​វាយខ្នោះមួយរួច​ទៅហើយ»។

លោក សួន សេរីរដ្ឋា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃអាទិត្យម្សិល​មិញ ក្រោយពីលោកបង្ហោះ​ព័ត៌​មាននៅលើហ្វេសប៊ុក ជេរប្រមាថមេទ័ពកម្ពុជាថា «ជាមេទ័ពចោរ»។

រីឯ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានលើកឡើងស្រដៀង​នឹងប្រសាសន៍របស់លោក ហ៊ុន សែន ដែរ ដោយលោកអំពាវនាវឲ្យសាធារណជនយល់ថា ការប្រឹងប្រែងរបស់កងព័ទ គឺដើម្បីជាតិ មិន​មែន​ដើម្បី​គណបក្សណាមួយទេ។ លោកថា ជម្លោះជា​មួយ​ឡាវ​នោះ ជាជម្លោះពិត មិន​មែន​ធ្វើឡើង​ដើម្បី​សន្លឹក​ឆ្នោតទេ។

អ្នក​វិភាគ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ការព្រមានចាត់វិធានការច្បាប់ ឬវាយខ្នោះលើអ្នក​ដែល​បំប៉ោងព័ត៌មានមិនពិតនោះ លោកថា រដ្ឋាភិបាលមិនគួរប្រើសារព្រមានផ្ទាល់​ដល់អ្នក​ទំាង​នោះទេ ដោយថាទុកឲ្យមន្ត្រីក្រោមឱវាទធ្វើប្រសើរជាង ដើម្បីកុំឲ្យសាធារណជនរិះគន់​រដ្ឋាភិបាល។

លោកយល់ថា «មេកំពូលគេមិនដែលចេញទេ[សារព្រមាន] ករណីចុងក្រោយបានគេចេញសារហ្នឹង ដើម្បីអា​កាត់មន្ទិលសង្ស័យទំាងអស់នេះ ក៏ប៉ុន្តែទិដ្ឋភាពបច្ចុប្បន្ន ដោយសារប្រឈមបញ្ហា​នៅស្ទាក់ស្ទើរ មន្ត្រីក្រោមឱវាទពិបាកបញ្ចេញទស្សនៈ ទើបលោកនាយករដ្ឋមន្ត្រីចេញ[សារព្រមាន]ក៏ប៉ុន្តែគ្រាន់​កាល​ណា នាយករដ្ឋមន្ត្រីចេញ យើងមើលទៅដូចជាវិធានការក្តៅ ប៉ុន្តែជាយន្តការមួយជួយទប់ស្កាត់ព័ត៌មាន ទំាង​ឡាយណាដែលលើកឡើងបំភ្លៃព័ត៌មាន កន្លែងហ្នឹងខ្ញុំក៏អត់គំាទ្រឲ្យសង្គមយើងវានៅក្នុងភាព​ចលា​ចល​ដែរ ហើយខ្ញុំក៏អត់គំាទ្រទៅលើការគំរាមកំហែងបិទសិទ្ធិសេរីភាពបញ្ជេញ​មតិដែរ​[មញ្ចេញ​មតិ​ស្រប​​តាម​ច្បាប់​]»។

កាលពីយប់ថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានបញ្ជាឲ្យបញ្ជូនកម្លាំងទ័ពចេញពី​ក្រុងតាខ្មៅ​ឆ្ពោះ​​ទៅកាន់​ព្រំដែនជាមួយឡាវ ក្រោយពីលោកព្រមានវាយបណ្តេញទ័ពឡាវចេញពីទឹកដី​នៅព្រំដែន។ សកម្មភា​​ពបញ្ជូនទ័ពទៅ​ព្រំដែននេះ ត្រូវបានមហាជនមួយចំនួន​គាំទ្រ និងបានសរសើរថា ជាភាពក្លាហាន ការពារ​បូរណភាពទឹកដី ប៉ុន្តែក៏មានអ្នកខ្លះទៀតថា ជាឆាកល្ខោនរបស់រដ្ឋាភិបាល ដើម្បី​យកប្រជា​ប្រិយ​ភាព​សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ