អ្នក​ឃ្លាំ​មើល​បារម្ភ​ពី​ការ​រំលោភ​សិទ្ធិ​ស៊ីវិល ខណៈ​អាជ្ញាធរ​បង្កើន​យុទ្ធនាការ​ប្រឆាំង​​«បដិវត្តន៍​ពណ៌»

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 3:32 PM | នយោបាយ | 0 | 1354

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ឃ្លាំ​មើល​បញ្ហា​កម្ពុជា បាន​បង្ហាញ​ក្ដី​បារម្ភ​ថា សង្គម​កម្ពុជា​កាន់​តែ​បែក​បាក់ ហើយ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ត្រូវ​បាន​រំលោភ​បំពាន បន្ទាប់​ពី​រដ្ឋាភិបាល​បាន​​បង្កើន​យុទ្ធនាការ​ប្រឆាំង​ទៅ​នឹងអ្វី​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ជា «បដិវត្តន៍​ពណ៌» និង​ «ឧបាយ​កល»​ មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

នាយករដ្ឋ​មន្ត្រី​ស្ដី​ទី និងជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៣ ខែវិច្ឆិកាម្សិលមិញ បាន​បញ្ជា​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ឲ្យ​ចាត់​វិធានការ​នានា ដើម្បី​ទប់​ស្កាត់​នូវ​អ្វី​ដែល​លោក​ហៅ​ថា ឧបាយកល​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្ដី​ណែនាំ​បែប​នេះ មួយ​ថ្ងៃ​បន្ទាប់​ពី​នគរបាល​ជាតិ បាន​រាយការណ៍​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ប្រមូល​ផ្ដុំ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​នៅ​ចំ​ថ្ងៃ​ប្រកាស​សេចក្ដី​សម្រេច​អំពី​ជោគ​វាសនា​របស់​បក្ស​មួយ​នេះ។

ទោះជាយ៉ាង​ណា ប្រធាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក សុន ឆ័យ បាន​បដិសេធ​ចំពោះ​ព័ត៌មាន​បែប​នេះ ដោយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បញ្ជា​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​នោះ​ឡើយ។

មន្ត្រីច្បាប់ និង​អង្កេត​អង្គការ​ខុមហ្វ្រែល ​លោក យឿង សុធារ៉ា បាន​លើក​ឡើង​ថា យោង​តាម​ច្បាប់​ជាតិ និង​អន្ដរជាតិ ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ប្រមូល​ផ្ដុំ​សម្ដែង​មតិ​ដោយ​អហិង្សា និង​ទាមទារ​រក​យុត្តិធម៌​សង្គម។

ប៉ុន្តែ លោកថា បើអាជ្ញាធរ​ ឬរដ្ឋាភិបាល​បង្វែរ​ការ​​​ទាមទាររបស់ប្រជាពលរដ្ឋបែបអហិង្សា​​ ទៅជាការ​រៀប​គម្រោងធ្វើបដិវត្តន៍​ពណ៌ផ្តួលរំលំរដ្ឋាភិបាល លោកថា នឹងធ្វើឲ្យបែកបាក់ជាតិកាន់តែធ្ងន់ធ្ងរ។

លោកនិយាយថា៖ «មិនមែនយកច្បាប់អនុវត្តបែបស្តង់ដារពីរ ក្រុមខ្លះអាចធ្វើសកម្មភាពបាន ហើយបែរជា​ក្រុមគណបក្សមួយ ឬក៏ប្រជាជនមួយក្រុមនោះ គាត់មាននិន្នាការផ្ទុយពីគណបក្សរបស់ខ្លួន​​ បែរជាមិនយក​ការអនុវត្តឲ្យស្មើគ្នា​ វាទៅជាបញ្ហា​ ហើយវាបង្កើតទៅជា​ការរើសអើងផ្នែកនយោបាយ​ជ្រាលជ្រៅ​…យើង​ឃើញ​​ថា វា​​បែកបាក់សង្គមជ្រាលជ្រៅដែរ​»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រ​នយោបាយ លោក សូរ ចន្ថា វិភាគថា វិធានការ​របស់​រដ្ឋាភិបាល​ថ្មីៗ​នេះ គ្រាន់តែជាសារគំរាមប្រជាពលរដ្ឋ​មិនឲ្យប្រមូលផ្តុំនៅមុខ​តុលាការ ឬតំបន់ផ្សេងៗទៀតតែប៉ុណ្ណោះ។

លោក សូ ចន្ថា យល់​ថា បើរដ្ឋាភិបាលនៅតែប្រើសារគំរាមបែបនេះ លោកថា នឹងធ្វើឲ្យប៉ះពាល់ដល់​មុខ​​មាត់​រដ្ឋាភិបាល​លើឆាកអន្តរជាតិ។

លោកវិភាគថា៖ «ខ្ញុំមើលទៅ ទីមួយគឺការគំរាមកំហែង​មិនឲ្យមានការប្រមូលផ្តុំ[ប្រជាពលរដ្ឋ​] ហើយទីពីរ វាអាច​ជាការគំរាមកំហែង​ដល់សិទ្ធិនយោបាយ​របស់​ប្រជាពលរដ្ឋ​នៅក្នុងការចូលរួមក្នុង​ឆាក​នយោបាយ​ដែលការ​ពារ​ដោយ​ច្បាប់​ ជារួមតាមរដ្ឋធម្មនុញ្ញ​កម្ពុជា​ជាប្រទេសប្រជាធិបតេយ្យ​ ហើយប្រសិនបើមានការ​ប្រើប្រាស់​កងកម្លំាងប្រដាប់អាវុធដើម្បី​រឹតត្បិតសេរីភាព​បែបនេះ ចង់មិនចង់​ច្បាស់ជាមានការរិះគន់ពី​សហគមន៍ អន្តរ​ជាតិ​ ហើយនិងបណ្តា​ប្រទេសប្រជាធិបតេយ្យ​ផ្សេងទៀត​ផង​ដែរ​​»។

អង្គការ Global Witness និងអង្គការ Human Rights Watch កាលពីដើមខែតុលា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ទាប់​ពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ការ​ប៉ុន​ប៉ង​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ព្រម​ទាំង​ការ​បង្ក្រាប​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រិះគន់​រដ្ឋាភិបាល។

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន​សហគមន៍អន្តរជាតិ​ឲ្យបញ្ឈប់ការ​ជ្រៀត​ជ្រែក​កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយលោកថា អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ គឺ​ជាការអនុវត្តន៍ច្បាប់ ដើម្បីកា​រ​ពារ​សន្តិភាព៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required