លោក ឌូទើតេ ប្រាប់​ថា លោក​ធ្លាប់​បាញ់​សម្លាប់​មនុស្ស​ផ្ទាល់​ដៃ

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ (AFP)

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បានថ្លែងថា លោកធ្លាប់បានសម្លាប់ជនសង្ស័យជាឧក្រិដ្ឋជនដោយផ្ទាល់ នៅពេលលោកនៅជាអភិបាលក្រុង នៅភាគខាងត្បូង ដើម្បីបង្ហាញដល់ប៉ូលិស។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

AFP បានបន្តថា លោក ឌូទើតេ បានថ្លែងដូច្នេះក្នុងសុន្ទរកថាមួយនៅល្ងាចថ្ងៃចន្ទកន្លងមក ទៅកាន់ក្រុមពាណិជ្ជករ ខណៈលោកបានជជែកអំពីយុទ្ធនាការរបស់ក្នុងលោកក្នុងការលុបបំបាត់គ្រឿងញៀនខុសច្បាប់ ដែលត្រូវបានគេមើលឃើញថា ប៉ូលិស និងឃាតករដែលគេមិនស្គាល់ បានសម្លាប់មនុស្សរាប់ពាន់នាក់ ចាប់តាំងពីលោកឡើងកាន់អំណាចកាលពីថ្ងៃទី៣០ ខែមិថុនាកន្លងមក។

បន្ទាប់ពីថ្លែងអំពីប៉ូលិសបាញ់សម្លាប់ជនសង្ស័យអំឡុងសង្គ្រាមប្រឆាំងគ្រឿងនេះ លោក ឌូទើតេ បានថ្លែងថា លោកបានដឹកនាំកិច្ចខិតខំប្រឹងប្រែងដូចគ្នា នៅពេលលោកនៅជាអភិបាលទីក្រុង Davao ដែលលោកបានគ្រប់គ្រងអស់រយៈពេល ២០ឆ្នាំ។

លោក ឌូទើតេ ថ្លែងនៅឯវិមានប្រធានាធិបតីថា៖ “នៅទីក្រុង Davao ខ្ញុំធ្លាប់ធ្វើបែបហ្នឹងដោយខ្លួនខ្ញុំផ្ទាល់។ គ្រាន់តែបង្ហាញទៅអ្នកទាំងនោះថា បើខ្ញុំធ្វើបាន ហេតុអ្វីអ្នកឯងធ្វើមិនបាន”។

លោក ឌូទើតេ អាយុ ៧១ឆ្នាំ ក៏បានឆ្លើយតបទៅនឹងការរិះគន់ពីក្រុមសិទ្ធិមនុស្ស និងប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ចំពោះយុទ្ធសាស្ត្រប្រឆាំងឧក្រិដ្ឋកម្មរបស់លោក ដោយលោកអះអាងថា លោកនឹងមិនទៅភ័យព្រួយចំពោះការរិះគន់ទាំងនោះនោះឡើយ។

ក្នុងសុន្ទរកថាទៅកាន់ក្រុមជនជាតិហ្វីលីពីននៅក្នុងប្រទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា កាលពីថ្ងៃម្សិលមិញនេះ លោក ឌូទើតេ បានថ្លែងបែបកំប្លែងថា ជាអភិបាលក្រុង Davao លោកនឹងបំពេញបេសកកម្មជាមួយប៉ូលិស និងបាញ់ប្រហារលើជនសង្ស័យដោយបិទភ្នែក។

លោកថ្លែងថា៖ “ខ្ញុំ ជួនកាល ធ្វើដំណើរជាមួយពួកគេ។ ប្រសិនបើអ្នកនិយាយថា ខ្ញុំបានបាញ់នរណាម្នាក់ ប្រហែលជាខ្ញុំធ្លាប់ធ្វើ។ ខ្ញុំបិទភ្នែកខ្ញុំ ដោយសារខ្ញុំខ្លាចការបាញ់កាំភ្លើង”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ