សភាអឺរ៉ុប បានប្រាប់ទៅគណៈកម្មការអឺរ៉ុប ឲ្យសើរើការផ្ដល់ភាពអនុគ្រោះផ្នែកពន្ធគយសម្រាប់ប្រទេសកម្ពុជា និងរៀបចំបញ្ជីឈ្មោះក្រុមមន្ត្រីជាន់កម្ពុជា សម្រាប់រឹតបន្តឹងផ្នែកទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដែលជាការឆ្លើយតបទៅនឹងការរំលាយគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសនេះ។
គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រពីពលរដ្ឋប្រហែល ៣លាននាក់ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ហើយថ្នាក់ដឹកនាំ ១១៨រូបរបស់បក្សនេះ ក៏ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំផងដែរ។
ខណៈដែលមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅតែបន្តស្ថិតនៅក្រោមការឃុំខ្លួនចាប់តាំងពីចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញានោះ អាសនៈសភាចំនួន ៥៥ និងអាសនៈជាប់ឆ្នោតនៅថ្នាក់ក្រោមជាតិរបស់បក្សនេះ ក៏ត្រូវបានដកហូត និងបែងចែកទៅឲ្យគណបក្សផ្សេងដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យ។
ខណៈដែលកម្ពុជានៅតែរក្សាជំហររបស់ខ្លួនដដែល ដោយមិនទទួលយកមតិរិះគន់ពីសហគមន៍អន្តរជាតិនោះ សភាអឺរ៉ុប បានចេញសេចក្ដីសម្រេច ១៣ចំណុច នៅថ្ងៃព្រហស្បតិ៍នេះ។
ក្រៅពីបង្ហាញក្ដីបារម្ភយ៉ាងជ្រាលជ្រៅចំពោះលំហប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានោះ សភាអឺរ៉ុបបានរំឭកដល់រដ្ឋាភិបាលកម្ពុជា ឲ្យបំពេញកាតព្វកិច្ច និងការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមូលដ្ឋាន។
ជាងនេះទៅទៀត សភាអឺរ៉ុបបានប្រាប់ទៅរដ្ឋមន្ត្រីការបរទេសអឺរ៉ុប លោកស្រី Federic Mogherini និងរដ្ឋមន្ត្រីពាណិជ្ជកម្មអឺរ៉ុប លោកស្រី Anna Cecilia Malmström ឲ្យត្រួតពិនិត្យឡើងវិញនូវភាពអនុគ្រោះពន្ធគយនៅក្រោមប្រព័ន្ធ «គ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅកាត់ថា EBA ដែលត្រូវបានផ្ដល់ឲ្យប្រទេសកម្ពុជា។
នៅត្រង់ចំណុចនេះ សភាអឺរ៉ុបបានលើកឡើងថា ប្រសិនបើកម្ពុជាបន្តធ្វើសកម្មភាពរំលោភលើកាត្វពកិច្ចរបស់ខ្លួននៅក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ សភាអឺរ៉ុបបានប្រាប់ទៅរដ្ឋមន្ត្រីអឺរ៉ុបទាំង ២រូប ឲ្យផ្អាកជាបណ្ដោះអាសន្ននូវការផ្ដល់ភាពអនុគ្រោះពន្ធមកដល់កម្ពុជា។
សភាអឺរ៉ុប ថែមបានប្រាប់ទៅក្រសួងការបរទេសអឺរ៉ុបផងដែរ ឲ្យរៀបចំបញ្ជីឈ្មោះបុគ្គលទាំងឡាយណា ដែលសភាអឺរ៉ុបថា ទទួលខុសត្រូវលើការរំលាយគណបក្សប្រឆាំង និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។
នៅត្រង់ចំណុចនេះ សភាអឺរ៉ុបបានបញ្ជាក់ថា បញ្ជីឈ្មោះបុគ្គលទាំងនោះ អាចនឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមវិធានការរឹតបន្តឹងទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា មិនអាចទទួលយកបាន និងចាត់ទុកថានេះជាការបង្ខឹតបង្ខំមកលើកម្ពុជា «ខ្ញុំយល់ថាគាត់(EU)បង្ខឹតបង្ខំឲ្យធ្វើតាមចិត្តគាត់ គឺទៅមិនរួចទេ ព្រោះរដ្ឋាភិបាលកម្ពុជានៅតែបន្តពង្រឹងជំហររបស់ខ្លួនក្នុងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ដូច្នេះគឺការបង្ខឹតបង្ខំមិនអាចទទួលយកបានទេ»។
លោកបន្តថា រដ្ឋាភិបាលមិនអាចលក់ឯករាជ្យភាព និងអធិបតេយ្យភាពដើម្បីដោះដូរមេបក្សប្រឆាំង ដែលលោកថា ក្បត់ជាតិ និងល្មើសច្បាប់បានទេ។ លោកបន្ថែមថា កម្ពុជាគ្មានផ្លូវជម្រើសទេ បើសិនជាសហភាពអឺរ៉ុបលែងផ្តល់ការអនុគ្រោះពន្ធដូចការព្រមានមែននោះ ដោយថា ការបោះបង់ចោលឯករាជ្យភាព និងអធិបតេយ្យភាព គឺជាការបំផ្លាញសន្តិភាព។
សេចក្ដីសម្រេចបែបនេះរបស់សភាអឺរ៉ុប ត្រូវបានធ្វើឡើងបន្ទាប់ពីសហគមន៍អន្តរជាតិ បានថ្កោលទោសទៅលើរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្ដឹងរំលាយគណបក្សប្រឆាំង បិទអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន។
សហភាពអឺរ៉ុប បានសម្រេចបែបនេះ តែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលអាមេរិក បានសម្រេចរឹតបន្តឹងផ្នែកទិដ្ឋាការសម្រាប់មន្ត្រីជាន់ខ្ពស់កម្ពុជា ដែលអាមេរិកថា មានជាប់ពាក់ព័ន្ធនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចដោយមិនបានប្រកាសជាសាធារណៈកាលពីថ្ងៃម្សិលមិញនេះ ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Patrick Murphy បានព្រមានថា អាមេរិកនឹងចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ប្រសិនបើកម្ពុជានៅតែមិនវិលត្រឡប់ទៅរកគន្លងលទ្ធិប្រជាធិបតេយ្យវិញទេនោះ៕