ស្ត្រីដែលសង្ស័យថាពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកនៅក្រុងបាងកកត្រូវដោះលែង

ស្រី្តជាជនជាតិថៃជាប់សង្ស័យថា ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកនៅកន្លែងស្តូបគោរពបូជា និង​បន់ស្រន់​មួយនៅក្នុងទីក្រុងបាងកកកាលពីឆ្នាំ២០១៥នោះ ត្រូវបានដោះលែងឲ្យស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ដោយមានការដាក់លុយដើម្បីធានា១លានបាត។​

តាមការឲ្យដឹងរបស់មេធាវីគឺ ស្រី្តរូបនេះត្រូវដោះលែងនៅពេល​ដែលយកលុយទៅធានា និង គោរពតាមលក្ខខណ្ឌមួយចំនួនទៀត ដូចជាការមិនឲ្យចាកចេញពីប្រទេស ការមិនបំផ្លាញភស្តុតាង ឬមិន​ធ្វើឲ្យប៉ះពាល់ដល់សាក្សីផ្សេងៗទៀត។​ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍។​

ស្រ្តីរូបនេះឈ្មោះ វ៉ាន់ណា ស៊ូសាន អាយុ២៩ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២២ខែវិច្ឆិកា នៅព្រលានយន្តហោះសុវណ្ណភូមិនៅពេលលោកស្រី ត្រលប់ចូលប្រទេសវិញជាមួយកូនប្រុសពីរនាក់។​

សមត្ថកិច្ចបានខ្លួនស្រ្តីរូបនេះ តាមដីការបស់តុលាការយោធា ចេញកាលពីខែកញ្ញាឆ្នាំ២០១៥។ វ៉ាន់ណា ជាស្ត្រីជនជាតិថៃដំបូងគេដែលសង្ស័យថា ជាប់ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកនៅកន្លែងស្តូបបន់ស្រន់មួយនៅក្នុងទីក្រុងបាងកក ដោយសារការជួលបន្ទប់ឲ្យជនវាយប្រហារជាជនជាតិតួកគី ។​

ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅស្តូបបន់ស្រន់ អ៊ីរ៉ាវ៉ាន់ កាលពីថ្ងៃទី១៧ខែសីហា ឆ្នាំ២០១៥ បានបណ្តាលឲ្យមនុស្ស២០ស្លាប់ ក្នុងនោះជនបរទេសចំនួន​១២នាក់​ ហើយអ្នករងរបួសមានដល់​១២០នាក់។​

ហេតុការណ៍នៃការវាយប្រហារពេលនោះ កើតឡើងបន្ទាប់ពីរដ្ឋអំណាចថៃបានបញ្ជូនជនជាតិ​អ៊ុយហ្គ័រ១០៩នាក់ ត្រឡប់ទៅប្រទេសចិនវិញ នាំឲ្យមានការរិះគន់ខ្លាំង ហើយជនជាតិអ៊ុយហ្គ័រតែងអះអាងថា ពួកគេជាជាតិតួកគី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ