អាមេរិកប្រាប់កម្ពុជា​ឲ្យ​វិល​ទៅ​រក​គន្លងលទ្ធិប្រជាធិបតេយ្យវិញ

លោក Patrick Murphy

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក បានរំឭកជាថ្មីឲ្យកម្ពុជា​​ងាកទៅដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យវិញ និងព្រមានដាក់ទណ្ឌកម្មបន្ថែម​ទៀត ប្រសិន​បើ​ប្រទេស​នេះ​មិនធ្វើឲ្យដំណើរការប្រជាធិបតេយ្បល្អប្រសើរ នៅមុនការបោះឆ្នោត ប៉ុន្ដែ កម្ពុជា​បានការពារចំណាត់ការរបស់ខ្លួន​ថា ជាការអនុវត្តច្បាប់ និងពង្រឹងនីតិរដ្ឋ។

ឧប​ការី​រង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍ លោក Patrick Murphy បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ជា​មុន​នោះ​ឡើយ ហើយ​នៅ​អំឡុង​ទស្សនកិច្ច​នោះ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា លោក អ៊ួច បូរិទ្ធ។

​ទស្សន​កិច្ច​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​រូប​​នេះ ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ស្ថិត​ក្នុង​ស្ថានភាព​តាន​តឹង ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

ក្នុង​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ឧប​ការី​រង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍ លោក Patrick Murphy បានថ្លែង​ថា កម្ពុជា​បានធ្វើឲ្យខូចដល់ដំណើរការប្រជាធិបតេយ្យរបស់ខ្លួន បន្ទាប់ពីមានការរំលាយអតីតគណបក្សសង្គ្រោះជាតិ និងការបន្ដឃុំខ្លួនលោក កឹម សុខា។ នេះដោយយោងតាមសារព័ត៌មាន Khmer Times។

បើតាមសារព័ត៌មាន Khmer Times លោក​ Patrick Murphy មានប្រសាសន៍ថា ដោយសារកម្ពុជាមិនគោរពកាតព្វកិច្ចរបស់ខ្លួននេះហើយ ទើបធ្វើឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសម្រេចដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ដូចជា ការកាត់ផ្ដាច់ជំនួយសម្រាប់​ការ​បោះឆ្នោត និងទណ្ឌកម្មផ្នែកទិដ្ឋាការ​លើមន្ដ្រីជាន់ខ្ពស់ខ្មែរ ដែលអាមេរិក​ថា បានបំផ្លាញ​ប្រជាធិបតេយ្យនៅកម្ពុជា។

លោក​ Patrick Murphy ព្រមានទៀតថា​ បើកម្ពុជានៅតែរឹងរួស មិនគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យទេនោះ លោកថា អាមេរិក នឹងចាត់វិធានការបន្ថែមទៀត​លើរដ្ឋាភិបាលទីក្រុងភ្នំពេញ។​

លោក​ Patrick Murphy ត្រូវ​បាន​ដក​ស្រង់​ដែល​បាន​ថ្លែង​ថា​៖ «យើងសូមណែនាំថា ចំណាត់ការ ដែលបានធ្វើឡើងទាំងនោះ យើងសូមឲ្យមានកែប្រែ ទៅរកផ្លូវដដែលវិញ។ នៅពេលដែលយើងនិយាយថា មានក្ដីព្រួយបារម្ភ យើងក៏ចាំបាច់ ត្រូវតែមានវិធានការផ្សេង​ទៀត បើមិនធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ វិលទៅរកផ្លូវដដែលទេនោះ»។

រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ូច បូរិទ្ធិ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​ជំនួប​ជាមួយ​លោក Murphy កាល​ពី​ថ្ងៃ​អង្គារ​ថា ជំនួប​រវាង​រូប​លោក​ជាមួយ​លោក Murphy បាន​លើក​ឡើង​អំពី​ការ​កែ​លម្អ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

នៅ​ក្នុង​ជំនួប​នោះ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​រូប​នេះ ក៏​បាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ ដោយ​ថា ចំណាត់​ការ​ទាំង​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ ដើម្បី​ការពារ​​ឯករាជ្យភាព សន្តិភាព និង​ស្ថេរភាព​កម្ពុជា។

ទំនាក់ទំនងកម្ពុជា និងអាមេរិក ហាក់កាន់តែតានតឹងឡើង​ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចោទសហរដ្ឋអាមេរិកថា នៅក្រោយអតីតគណបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្ដែ អាមេរិក បានច្រានចោលការចោទប្រកាន់ទាំងនោះ ថា ប្រាស់ចាកពីការពិតទាំងស្រុង។

ទោះបីអាមេរិកបានបកស្រាយយ៉ាងនេះក្ដី រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបន្ដចំណាត់ការរបស់ខ្លួន ដោយបានស្នើសុំឲ្យតុលការកំពូល​រំលាយអតីតគណបក្សប្រឆាំង និងនៅតែបន្ដឃុំខ្លួន​លោក កឹម សុខា ជាបណ្ដោះអាសន្ន ពីបទ «ក្បត់ជាតិ»។

សហគមន៍អន្ដរជាតិ បានថ្កោលទោសជាបន្ដបន្ទាប់ ដោយថា កម្ពុជា​កំពុងឆ្ពោះទៅរករបបដឹកនាំបែបផ្ដាច់ការ ប៉ុន្តែ មានតែប្រទេសកុម្មុនីស្ដចិនមួយប៉ុណ្ណោះ ដែលចេញមុខការពាររដ្ឋាភិបាលកម្ពុជា ក្នុងរឿងរំលាយអតីតបក្សប្រឆាំងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ