អតីត​ប្រមុខ UN លោក បាន គីមូន ថ្លែង​ការពារ​ការដាក់​ពង្រាយ​ខែល​ប្រឆាំង​មីស៊ីល​នៅ​ឧបទ្វីប​កូរ៉េ

អតីតប្រមុខ UN លោក បាន គីមូន​(រូបភាពពីទីភ្នាក់ងារ​Reuters )

អតីត​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក បាន គីមូន បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ការ​ដាក់​ពង្រាយ​ខែល​ការពារ​មី​សុីល​​របស់​អាមេរិក​នៅ​ឧប​ទ្វីប​កូរ៉េ គឺ​ជា​រឿង​ត្រឹម​ត្រូវ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ​តាម Reuters លោក បាន គីមូន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង រីឯ​ការ​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​របស់​អាមេរិក គ្រោង​នឹង​ធ្វើ​ឡើង​​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក បាន គីមូន ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​យ៉ុនហាប់​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា ដោយសារ​តែ​ឧបទ្វីប​កូរ៉េ​​ស្ថិត​ក្នុង​ស្ថានភាព​មាន​សង្គ្រាម សកម្មភាព​បែប​នេះ​របស់​រដ្ឋាភិបាល គឺ​ជា​រឿង​ត្រឹម​ត្រូវ។

ទោះជាយ៉ាងណា ប្រទេស​ចិន​បាន​ជំទាស់​យ៉ាង​ខ្លាំង​ក្លា​ទៅ​នឹង​ផែនការ​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​នេះ ដោយ​ចិន​ព្រួយ​បារម្ភ​ថា រ៉ាដា​ដ៏​មាន​ឥទ្ធិពល​របស់​អាមេរិក អាច​រំលោភ​លើ​ដែន​ដី​របស់​ខ្លួន។

ប៉ុន្តែ លោក បាន គីមូន ថ្លែង​ថា លោក​យល់​ថា ការ​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​នេះ គឺ​ជា​វិធានការ​ការពារ ខណៈ​ដែល​កូរ៉េ​ខាង​ជើងកំពុង​តែ​ផលិត​គ្រាប់​មីស៊ីល​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​មីស៊ីល​ឆ្លង​ទ្វីប។

លោក បាន គីមូន បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​លោក​វិញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ បន្ទាប់​ពី​លោក​បញ្ចប់​អាណត្តិ​ដឹកនាំ​អង្គការ​សហ​ប្រជាជាតិ​អស់​រយៈ​ពេល ១០​ឆ្នាំ​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ