សាលារាជធានីថាមិនមានអ្នកស្នើសុំធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា នោះទេ

សាលារាជធានីភ្នំពេញ​

មន្រ្តីសាលារាជធានីភ្នំពេញឲ្យ​ដឹង​ថា​រហូត​មកដល់ថ្ងៃចន្ទនេះ មិនទាន់មានអ្នកដាក់លិខិត​សុំធ្វើបាតុកម្ម​ប្រឆាំង​គណបក្ស​សង្រ្គោះជាតិ​ឬ​មេដឹកនាំបក្ស​ប្រឆាំងនោះទេ។​

អ្នកនាំពាក្យ​សាលារាជធានី លោក ឡុង ឌីម៉ង់ ប្រាប់វីអូឌីថា​រហូតមកដល់ពេលនេះ​មិនទាន់ទទួលបានលិខិតសុំធ្វើបាតុកម្មពីភាគីណាមួយនៅ។ នៅពេល​សួរ​ថាតើលក្ខខណ្ឌបែបណា ទើ​បសាលារាជធានីអនុញ្ញាត​ឲ្យ​មានបាតុកម្ម មន្រ្តីរូបនោះបានបញ្ជាក់ថា៖ “រាល់ការដាក់ពាក្យមកគឺសាលាក្រុងធ្វើការពិនិត្យ ពិច្ច័យមើលសិន។ បាទ បានអាចឆ្លើយថាម៉េចបាន ឲ្យខ្ញុំឆ្លើយមុនសំណើម៉េច បើអញ្ចឹងគេមិនបាច់ដាក់សំណើមកខ្ញុំទេ មិនអញ្ចឹង”។​

​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បានថ្លែងបាតុកម្មប្រឆំាងនឹងបាតុកម្មនឹងកើតមានជា​ថ្មីទៀត ប្រសិនបើអ្នកគំាទ្រគណ​បក្សប្រឆំាងនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆំាងរូបលោកដែលទៅចូលរួមប្រជុំអាស៊ានសហរដ្ឋអាមេរិកនៅថ្ងៃទី​១៥និងថ្ងៃទី​១៦ខែកុម្ភៈនេះ។​

លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះ​ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅ​រដ្ឋកាលីហ្វញ៉ានៃ​សហរដ្ឋអាមេរិកនៅថ្ងៃទី១៥ខែកុម្ភៈ អាចមានទៅដល់ចន្លោះពី​៥០០ទៅ​៨០០នាក់ដែលមកពី​រដ្ឋជាង​១០នៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោក​បន្ត​ថា​សារសំខាន់នៅក្នុងបាតុកម្មនោះគឺ​ទាមទារ​ឲ្យ​មាន​ការគោរពសិទ្ធិមនុស្ស​និង​សេរីនិង​គោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក​បន្ត​ថា​អ្នកចូលរួម​នឹង​ផ្ញើសារឲ្យ​លោកនាយករដ្ឋមន្រ្តី​ចុះចេញពីតំណែង​ផងដែរ។​ លោក​បញ្ជាក់​ថា​បាតុកម្មនេះ​មិនពាក់​ព័ន្ធ​​គណបក្សសង្រ្គោះជាតិនោះទេ។​

គួរបញ្ជាក់​ថា​កាលពីសប្តាហ៍មុន ប្រធានស្ដីទីគណកបក្សសង្គ្រោះជាតិលោក កឹម សុខា ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចាត់វិធានការការពារសន្តិសុខសុវត្ថិភាពជូនតំណាងរាស្ត្រ ថ្នាក់ដឹកនាំនិងសមាជិកគណបក្សប្រឆាំង ដោយលើកឡើងថាមានការគំរាមធ្វើបាតុកម្មនិងអាចមានការបំពានដល់រាងកាយពួកគេ។ ការស្នើនេះ​ធ្វើឡើង​បន្ទាប់ពី​បុគ្គលលេចធ្លោតាមប្រព័ន្ធសង្គមហ្វេសប៊ុក និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានិងជាទាហានក្នុងជួរកងយោធពលខេមរភូមិន្ទ លោក ខាន់ ចាន់សុផល បានបង្ហោះសារតាមហ្វេសប៊ុកថាលោក កឹម សុខា នឹងចេញពីប្រទេសដើម្បីគេចពីអំពើហិង្សាតាមរយៈបាតុកម្មប្រឆាំងរូបលោក។ លោកបានសរសេរថា៖ “លោក កឹម សុខា ខ្លាចអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើបាតុកម្ម ដុតផ្ទះរបស់គាត់ ឬទាញគាត់ចេញពីក្នុងឡាន ហើយវាយដំដូចតំណាងរាស្ត្រទាំងពីររូបនោះ”

គួរបញ្ជាក់​ថា​កាលពីលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០១៥ មានបាតុកម្មអហិង្សាមួយប្រឆំាងនឹងវត្តមានរូបលោក។ មួយខែក្រោយមកខណៈពេល លោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសបារំាងក៏មានបាតុកម្មដោយអហិង្សាទាមទារឲ្យលោកចុះចេញពីតំណែង។ ភ្លាមៗនោះលោក ហ៊ុន សែន បានប្រកាសពីទីក្រុងប៉ារីសមកថាលោកគំាទ្រឲ្យមានបាតុកម្មនៅកម្ពុជាតបតវិញដើម្បីទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ បាតុកម្មប្រឆាំងលោក កឹម សុខា ក៏បានកើតមាន ហើយក្នុងថ្ងៃនោះ តំណាងរាស្ត្រគណបក្សប្រឆំាងពីររូបត្រូវគេវាយឲ្យរងរបួសធ្ងន់គឺលោក គង់ សភានិងលោក ញ៉យ ចំរើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ