លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះបានថ្លែងរិះគន់លិខិតរបស់ព្រឹទ្ធសភាអាមេរិកដែលផ្ញើមករូបលោកស្តីពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដោយលោកថាការបញ្ជូនលិខិតនោះទៅវិញ ដោយសារលិខិតនោះមានអត្ថន័យ”ជេរ”រូបលោក។
សមាជិកព្រឹទ្ធសភាអាមេរិក៧រូបមកពីគណបក្សប្រជាធិបតេយ្យ បានសរសេរលិខិតមួយច្បាប់ចុះថ្ងៃទី១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ ដោយអំពាវនាវឲ្យអនុញ្ញាតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី វិលចូលស្រុកវិញ ដោះលែងសកម្មជនសិទ្ធិមនុស្សនិងបង្ហាញក្តីបារម្ភលើបញ្ហាមួយចំនួនទៀត។
ក្នុងពេលសំណេះសំណាលជាមួយពលរដ្ឋខ្មែរប្រមាណ៥០០នាក់នៅរដ្ឋកាលីហ្វញ៉ា ខណៈលោកកំពុងបំពេញទស្សនកិច្ចនៅទីនោះ លោក ហ៊ុន សែន បានថ្លែងថាការបញ្ជូនលិខិតរបស់ព្រឹទ្ធសភាអាមេរិកទៅវិញ គឺជាសិទ្ធិរបស់លោក។ លោកមានប្រសាសន៍ថា៖ “អ្នកឯងមានសិទ្ធិផ្ញើសំបុត្រឲ្យខ្ញុំ ខ្ញុំមានសិទ្ធិអត់ទទួល ហើយផ្ញើសំបុត្រហ្នឹងទៅឲ្យអ្នកឯងវិញ។ អាហ្នឹងសិទ្ធិទល់សិទ្ធិតើ”។ លោកបន្ថែមថា៖ “ខ្ញុំថាខ្ចប់ស្រោមសំបុត្របញ្ជូនទៅឲ្យម្ចាស់ដើមវិញទៅ ចប់ហើយរឿងហ្នឹង មិនបាច់ឲ្យខ្ញុំដឹងហើយ។ …ផ្សាយទៅថាផ្ញើឲ្យលោក ហ៊ុន សែន លោក ហ៊ុន សែន អត់ទទួល។ វាចប់ត្រឹមប៉ុណ្ណឹងហើយ អាសំបុត្រផ្ញើឲ្យគេ គេអត់ទទួល។ ខ្ញុំវាអត់ឯករាជ្យ”។
លោក ហ៊ុន សែន ឲ្យដឹងទៀតថារហូតមកដល់ពេលនេះ ប្រធានាធិបតីអាមេរិកមិនដែលផ្ញើលិខិតបែបរិះគន់នេះមករូបលោកនោះទេ។ លោកមានប្រសាសន៍ថា៖ “សូម្បីតែសំបុត្រអូបាម៉ាក៏ដោយ បើថាសំបុត្រហ្នឹង ឃើញគេមកជេរខ្ញុំ ខ្ញុំចាំតែទទួលតើ។ តែអូបាម៉ាមិនទាន់មកធ្វើអញ្ចឹងទេ ក្នុងឋានៈគេជាប្រធានាធិបតី គេមិនធ្វើអញ្ចឹងទេ”។
លោកស្រី ឡាំ បញ្ចពរ លេខាធិការទី១នៃស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកប្រចាំទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានប្រាប់វីអូឌីតាមរយៈអ៊ីម៉េលថា៖ “ស្ថានទូតមិនអាចទទួលយកលិខិតនោះបានទេ។ ស្ថានទូតក៏បានផ្ញើលិខិតខាងលើត្រឡប់ទៅសមាជិកព្រឹទ្ធសភាទាំង៧រូប តាមemailនិងជូនផ្ទាល់ទៅដល់ការិយាល័យរបស់គេវិញហើយ”។
លិខិតរបស់សមាជិកព្រឹទ្ធសភាធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន។ រហូតមកដល់ពេលនេះ មិនទាន់ដឹងថាតើលោក ហ៊ុន សែន នឹងជួបទ្វេភាគីជាមួយប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ឬយ៉ាងណានោះទេ។
នៅក្នុងលិខិត សមាជិកព្រឹទ្ធសភាទាំងនោះបានលើកឡើងថាពួកគេមានកង្វល់នឹងសេចក្តីរាយការណ៍ជាច្រើនដែលថារដ្ឋាភិបាលរបស់លោក ហ៊ុន សែន នៅតែបន្តបដិសេធនូវការទាមទារស្របច្បាប់របស់ពលរដ្ឋកម្ពុជា ក្នុងគោលបំណងឲ្យកម្ពុជាកាន់តែមានតម្លាភាព យុត្តិធម៌និងប្រជាធិបតេយ្យ។ ពួកគេបានលើកឡើងពីការព្រួយបារម្ភនៃការរាយការណ៍លើភាពមិនប្រក្រតីច្រើនដែលត្រូវបានសង្កេតអំឡុងពេលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ការរំលោភបំពានដីធ្លី ការជួញដូរមនុស្សនិងការវាយតំណាងរាស្រ្តគណបក្សប្រឆាំងកាលពីឆ្នាំមុន។
បើតាមលិខិតនោះ សមាជិកព្រឹទ្ធសភាសង្ឃឹមថាគណបក្សប្រជាជនកម្ពុជានឹងគោរពឆន្ទៈប្រជាជននិងអនុញ្ញាតឲ្យតំណាងរាស្រ្តបក្សសង្រ្គោះជាតិអាចបំពេញអាណត្តិរបស់ខ្លួនដោយសេរីនិងគ្មានការគំរាមកំហែង។ ពួកគេបញ្ជាក់ថា៖ “ជាការសោកស្តាយឧបទ្ទវហេតុបន្តបន្ទាប់កាលពីប៉ុន្មានខែថ្មីៗនេះ រួមទាំងការវាយប្រហារតំណាងរាស្រ្តដោយក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាប្រឆាំងនឹងតំណាងរាស្រ្តសង្រ្គោះជាតិ នៅមុខអគាររដ្ឋសភាកាលពីខែតុលា បានធ្វើឲ្យដំណើរការប្រជាធិបតេយ្យកាន់តែខ្សោយទៅៗ”។
សមាជិកព្រឹទ្ធសភាក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបញ្ឈប់ការរំលោភដីធ្លីនិងចាប់អ្នករំលោភបំពានមកផ្តន្ទាទោស។
បើតាមលិខិតនោះ សមាជិកព្រឹទ្ធសភាបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យតំណាងរាស្រ្តបក្សប្រឆាំងអាចត្រឡប់ចូលកម្ពុជាវិញដោយគ្មានការភ័យខ្លាចនៃការចាប់ខ្លួននិងការកាត់ទោសនិងបញ្ចប់ការយាយីនិងការគំរាមកំហែងសិទ្ធិរបស់សកម្មជនសិទ្ធិមនុស្សកម្ពុជា។ ពួកគេក៏បានស្នើឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សសញ្ជាតិអាមេរិកលោក មាជ សុវណ្ណារ៉ាផងដែរ។
សមាជិកព្រឹទ្ធសភាបានបញ្ជាក់ថា៖ “សហរដ្ឋអាមេរិកជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយយើងនឹងបន្តតាមដានការរីកចម្រើនរបស់កម្ពុជាយ៉ាងយកចិត្តទុកដាក់”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ប្រាប់វីអូឌីថាករណីលោក សម រង្ស៊ី និងលោក មាជ សុវណ្ណារ៉ា ជារឿងរបស់តុលាការ។ ករណីជម្លោះដីធ្លី លោកស្នើឲ្យសមាជិកព្រឹទ្ធសភាសួរនាំទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីដឹងពីស្ថានភាពពិតនៅកម្ពុជា។ អ្នកនាំពាក្យរូបនោះបញ្ជាក់ថា៖ “សមាជិកព្រឹទ្ធសភាគួរតែទៅសុំប្រធានាធិបតីអាមេរិកខ្លួនឯង ឲ្យដឹងថាខ្លួនជាប់ឆ្នោតជាសាមជិកព្រឹទ្ធសភាសម្រាប់ធ្វើការឲ្យអាមេរិកមិនមែនធ្វើការឲ្រខ្មែរទេ។ អ៊ីចឹងគួរទៅប្រាប់អូបាម៉ាដែលជាប្រធានាធិបតីរបស់ខ្លួន ឯរឿងកម្ពុជា លោក សម រង្ស៊ី ក្តី ទណ្ឌិតដទៃទៀតក្តី អាហ្នឹងជារឿងរបស់កម្ពុជា”។
កាលពីខែធ្នូឆ្នាំ២០១៥ សមាជិកសភាអាមេរិកចំនួន១៦រូបបានសរសេរលិខិតទៅកាន់លោក ហ៊ុន សែន ក្រោយពីមានការលុបសមាជិកភាពរបស់លោក សម រង្ស៊ី ដីកាចាប់ខ្លួនលោក សម រង្ស៊ី និងការវាយប្រហារមកលើតំណាងរាស្រ្តបក្សប្រឆាំង លោក ញ៉យ ចំរើន និងលោក គង់ សភា។
អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថាតាមរយៈលិខិតរបស់ព្រឹទ្ធសមាជិកអាមេរិកនេះ លោកយល់ថាជំនួបទ្វេភាគីរវាងមេដឹកនាំអាមេរិកនិងកម្ពុជាអាចនឹងកើតមានឡើង ហើយអាមេរិកអាចរឹតចំណងមិត្តភាពកាន់តែល្អជាមួយកម្ពុជាបើសិនជាកម្ពុជាសន្យាធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរជាងសព្វថ្ងៃ។ លោកបន្ថែមថា៖ “(ជំនួប)មួយទល់មួយខ្ញុំថាប្រហែលជាអាចលើកឡើងដូចខ្ញុំថាពីតាំងពីដើមអ៊ីចឹងសហរដ្ឋអាមេរិកត្រូវការការកែប្រែណាមួយពីប្រទេសកម្ពុជាជាសម្បទានដើម្បីចងមិត្តភាពជិតស្និទ្ធិជាងហ្នឹងបើករណីក្នុងរូបភាពបែបរាល់ថ្ងៃនេះខ្ញុំមើលទៅសហរដ្ឋអាមេរិកមានការលំបាកណាស់ ព្រោះខ្លាចមានការតវ៉ាពីសភានិងប្រជាពលរដ្ឋរបស់ខ្លួន ព្រោះសភាអាមេរិកមានអំណាចខ្លាំងណាស់”។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិក ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួនបានប្រកាសជាថ្មីថាខ្លួននឹងធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន បើទោះជាលោក សម រង្ស៊ី ព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ៕